អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

តេស្តPCR៖ អ្នកឆ្លងកូវីដ-១៩ទាប អ្នកស្លាប់នៅតែច្រើន តែមន្ត្រីថានៅតែទាបជាងប្រទេសដទៃ

ចំនួនអ្នកស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺកូវីដ-១៩​នៅកម្ពុជា ​នៅតែត្រូវគេ​មើលឃើញថា ​ជាចំនួ​នមួយដ៏ច្រើន ​ធៀបទៅនឹង​ករណីឆ្លងថ្មី​នៃជំងឺនេះ ​ដែលត្រូវបាន​រកឃើញដោយការ​ធ្វើតេស្ត​បច្ចេកវិទ្យា​ម៉ាស៊ីន ​PCR។ក៏ប៉ុន្តែ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បានបញ្ជាក់ថា ​បើពិនិត្យ​មើលជាភាគរយ​ និងធៀបទៅនឹង​បណ្តា​ប្រទេស​ផ្សេងទៀត​ អត្រា​មរណភាព​ដោយសារ​កូវីដ-១៩ ​នៅកម្ពុជា ​នៅទាបនៅឡើយ។​

ការរៀបចំបូជាសពអ្នកស្លាប់ដោយសារកូវីដ១៩ ដោយក្រុមគ្រូពេទ្យ
ការរៀបចំបូជាសពអ្នកស្លាប់ដោយសារកូវីដ១៩ ដោយក្រុមគ្រូពេទ្យ © Internet
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេលកន្លះខែកន្លងទៅនេះ ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្ហាញតាមរយៈការធ្វើតេស្ត PCRថា នៅក្នុងរង្វង់ជាង២០០នាក់ប៉ុណ្ណោះ ក្នុងនោះការឆ្លងសហគមន៍នៅតែមានតួលេខខ្ពស់ជាងករណីនាំចូល។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលានេះ អ្នកឆ្លងកូវីដ-១៩ មានចំនួន ២៦៨នាក់ (តេស្ត PCR) ជាសះស្បើយ ៣៥៩នាក់ ក៏ប៉ុន្តែអ្នកស្លាប់មានរហូតដល់ ២៥នាក់ឯណោះ។

ការស្លាប់ដោយសារកូវីដ-១៩ ប្រចាំថ្ងៃក្នុងអត្រាមួយពីជាង ១០នាក់ ទៅជាង២០នាក់ ក្នុងមួយថ្ងៃ ត្រូវបានគេមើលឃើញថាជាមរណភាពមួយគួរឲ្យព្រួយបារម្ភនៅឡើយ ខណៈកម្ពុជាកំពុងធ្វើតេស្តរៀបចំដំណើរការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។

ក៏ប៉ុន្តែការស្លាប់ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសកម្ពុជានៅពេលនេះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អត្រានៃការស្លាប់ដោយកូវីដ-១៩ របស់កម្ពុជា នៅក្នុងកំរិតមួយទាបនៅឡើយ ដោយលោកស្រីពន្យល់ថា គេត្រូវមើលទៅលើអត្រាជាភាគរយ ជាងមើលទៅលើតែបរិមាណ ខណៈដែលអំឡុងពេលនេះ មានអ្នកស្លាប់ដោយសារជំងឺដទៃទៀត ក៏ច្រើនដែរ ក៏ប៉ុន្តែមិនមានបញ្ចេញតួលេខ។

សូមបញ្ជាក់ថាគិតមកត្រឹមព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជាមានចំនួន ១១៥ ៨៧៥នាក់ ជាសះស្បើយ ១០៩ ៦៥៥នាក់ និងស្លាប់សរុប ២ ៥៨៤នាក់។ ធៀបទៅនឹងប្រទេសជិតខាង កម្ពុជាក៏មានអត្រានៃការឆ្លង និងការស្លាប់នៅក្នុងកំរិតមួយទាបជាងគេដែរ ដោយគិតមកត្រឹមថ្ងៃទី១៣ខែតុលា ប្រទេសវៀតណាម មានអ្នកឆ្លងសរុបជាង៨៤ម៉ឺននាក់ ស្លាប់ជាង២ម៉ឺននាក់ ហើយប្រទេសថៃមានអ្នកឆ្លងសរុបជាង១,៧​លាននាក់ ស្លាប់ជិត ១ ៨០០នាក់ និងប្រទេសឡាវមានអ្នកឆ្លងជិត៣ពាន់នាក់ និងស្លាប់តែ ៣៥នាក់ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ