អានតួអត្ថបទ
កម្ពុជា-និតិរដ្ឋ

WJP៖ កម្ពុជា មានចំណាត់ថ្នាក់នីតិរដ្ឋក្បែរទាបបំផុតនៅឆ្នាំ ២០២១

ក្នុងចំណោម ១៣៩ប្រទេស កម្ពុជា ទទួលបានចំណាត់ថ្នាក់នៅលេខរៀងទី ១៣៨ ជាប្រទេសដែលមាន​នីតិរដ្ឋទាប​ជាងគេបំផុត នៅឆ្នាំ ២០២១នេះ។ នេះបើតាម​របាយការណ៍សន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ ២០២១ រៀបចំដោយ​អង្គការ​គម្រោង​យុត្តិធម៌ពិភពលោក(World Justice Project ហៅកាត់ថា WJP) ដែល​ចេញផ្សាយ​នៅក្នុងស​ប្តាហ៍នេះ ប៉ុន្តែអ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌កម្ពុជា យល់​ថា​របាយការណ៍នេះ ហាក់ដូចជាធ្វើការ​ស្រាវជ្រាវ មិន​សម​ហេតុផល។

ស្លាកសញ្ញាសម្គាល់ World Justice Project
ស្លាកសញ្ញាសម្គាល់ World Justice Project © Internet
ផ្សាយពាណិជ្ជកម្ម

តាម​រយៈការ​សិក្សា​ស្ទង់​មតិពីប្រព័ន្ធយុត្តិធម៌ ក្នុង ១៣៩​ប្រទេស ជាមួយ​នឹង​មនុស្ស ១៣៨​ ០០០គ្រួសារ និង​អ្នក​អនុវត្តច្បាប់ និងអ្នក​ជំនាញ ៤ ២០០នាក់ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេសនៅតំបន់អឺរុប គឺដាណឺម៉ាក ទទួលបានពិន្ទុ​ជារួម​ខ្ពស់ជាងគេ ក្នុងការ​អនុវត្ត​នីតិរដ្ឋបានល្អបំផុត។ ប្រទេសណ័រវេស ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ខណៈ ហ្វាំងឡង់ ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ៣ ស៊ុយអែត លេខ ៤ និងអាល្លឺម៉ង់លេខ ៥។

ចំណែក​ប្រទេសដែលទទួលបានពិន្ទុ​តិចជាងគេ និង​នៅចំណាត់ថ្នាក់​ទាប​ជាងគេ​បំផុត គឺវេណេហ្សុយអេឡា ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១៣៩ ខណៈប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣៨ ទាបជាង សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្កោ ដែលស្ថិតនៅលេខរៀងទី ១៣៧ និង​អេហ្ស៊ីប នៅលេខរៀងទី ១៣៦។ តាមរបាយការណ៍របស់ WJP ចំណាត់ថ្នាក់​ប្រទេសមាននីតិរដ្ឋទាប​ជាងគេ នៅឆ្នាំ ២០២១នេះ ក៏មិនខុសពីចំណាត់ថ្នាក់នៅឆ្នាំ ២០២០ដែរ។​

តាមរយៈចំណាត់ថ្នាក់នេះ បានធ្វើឱ្យ​កម្ពុជា​មាន​ចំណាត់ថ្នាក់​នីតិរដ្ឋទាប​ជាងឆ្ងាយ​ពីប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ប្រទេសក្នុងតំបន់​អាស៊ាន សូម្បីភូមា ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៨ ហ្វីលីពីន នៅលេខរៀងទី ១០២ រៀតណាមនៅលេខរៀងទី ៨៨ និងថៃ នៅលេខរៀងទី ៨០។

កម្ពុជា ទទួលបាន​ពិន្ទុតិចតួច​បំផុត​ សម្រាប់​ការ​ស្ទង់​មតិ និងការ​ស្រាវជ្រាវ​ លើ​ការបង្ខិតបង្ខំឱ្យ​គោរពអំណាចរដ្ឋាភិបាល វត្តមាននៃអំពើពុករលួយ ជាពិសេសក្នុងប្រព័ន្ធយុត្តិធម៌ និងក្នុង​ជួរប៉ូលីសទាហាន​ ការបើក​ចំហរបស់រដ្ឋាភិបាល សិទ្ធិ​ជាមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សម្រាប់​ជនស៊ីវិល និង​យុតិ្តធម៌ឧក្រិដ្ឋជនជាដើម។​ យ៉ាងណាមិញ ចំពោះការអនុវត្តបទបញ្ជា និង​បញ្ហា​សន្តិសុខ កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ប្រសើរ​។

ប៉ុន្តែ អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌កម្ពុជា លោក​ជិន ម៉ាលីន បាន​លើ​កឡើង​ថា របាយការណ៍ដែលបង្ហាញ​ថាកម្ពុជា អនុវត្តនីតិរដ្ឋទាប​ជាងគេ​បំផុត ក្នុងអំឡុងកូវីដ១៩នេះ គឺជារឿង​មិន​សមហេតុផល ព្រោះ​ថា​បណ្តាប្រទេសដទៃ ក៏បាន​អនុវត្តច្បាប់​រឹតត្បិ​ត មិនខុសគ្នាដែរ។​ មួយវិញទៀត លោក​ជិន ម៉ាលីន លើកឡើងថា របាយការណ៍នេះ អាច​មិន​បានពិនិត្យ​គ្រប់ជ្រុងជ្រោយ​ ព្រោះទទួល​យក​ទិន្នន័យ​មិន​ត្រឹមត្រូវ​ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។

សូមបញ្ជាក់ថា តាម WJP មាន​ប្រទេសតិចតួចបំផុត​ដែល​បានពង្រឹងនីតិរដ្ឋ ក្នុងបរិបទកូវីដ១៩នេះ។ តាមការស្រាវជ្រាវ ប្រទេសអូបេគីស្ថាន បានពង្រឹង​ច្បាប់​ក្នុងប្រទេសខ្លាំងបំផុត ជាពិសេសលើ​អំណាចរដ្ឋាភិបាល និងការលុប​បំបាត់​អំពើពុករលួយ​។ ចំណែក​ម៉ាដូវ៉ា បានពង្រឹង​គ្រប់វិស័យ​ រហូត​ឡើង​ចំណាត់ថ្នាក់ដល់ ១៦លេខ។​ រីឯប្រទេស ដែល​ធ្លាក់ចំណាត់ថ្នាក់ខ្លាំង គឺបេឡារុស និង​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ