អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

លីកាដូ៖ ពីរឆ្នាំនៃការរីករាលដាលកូវីដ-១៩ ការរំលោភយកដីធ្លីនៅកម្ពុជា មិនមានសញ្ញាថមថយ

នៅថ្ងៃទី២០ ខែ​តុលាខាង​មុខនេះ អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន​ នឹងរៀបចំ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​១​ តាមអនឡាញ​។ ពីរថ្ងៃមុនការ​រៀបចំពិធី​ ​អង្គការ​លី​កាដូ នៅថ្ងៃទី១៧​តុលាម្សិលមិញ​ បាន​ចេញផ្សាយ​វីដេអូ​ខ្លី​ដោយបង្ហាញថា ពីរឆ្នាំចុងក្រោយ ​អំឡុងពេល​រីករាល​ដាលនៃជំងឺ​កូវីដ-១៩​ ការរំលោភ​យកដីធ្លី​នៅក្នុងប្រទេស​កម្ពុជា ​មិនមាន​សញ្ញាថមថយ​នោះទេ។ ​មិនត្រឹមតែមិ​នថមថយ​ ការចាប់ខ្លួន​ និងឃុំខ្លួនដាក់​ពន្ធនាគារ ​នៃសមាជិក​សហគមន៍ ​និងសកម្មជន​ដីធ្លី កាន់តែ​មានការកើនឡើង​។​ នេះបើតាម​អង្គការលីកាដូដ​ដែល។​

ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរដោះស្រាយរឿងបញ្ហាដីធ្លីជូនពួកគេ (រូបភាពដំណាង)
ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរដោះស្រាយរឿងបញ្ហាដីធ្លីជូនពួកគេ (រូបភាពដំណាង) @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវីដេអូដែល​ចេញផ្សាយ​ដោយ​អង្គការ​លីកាដូ ពលរដ្ឋរងគ្រោះមួយចំនួនលើកឡើងថា ពេលគ្មានដីធ្វើកសិកម្មស្មើនឹងការបាត់ឆ្នាំងបាយ។ ចំណែកបុរសម្នាក់ទៀត អះអាងថា ពេលតវ៉ារឿងដីធ្លីបង្ហាញថា អាជ្ញាធរគ្មានការគោរពសិទ្ធិពលរដ្ឋសិទ្ធិមនុស្សសោះឡើយ ដោយរំលោភយកដីប្រជាពលរដ្ឋហើយ ចាប់ម្ចាស់ដីដាក់ពន្ធនាគារទៀត​។ បន្ទាប់មកទៅគំរាមដល់ផ្ទះព្រមានឲ្យបញ្ឈប់ធ្វើតាមទាមទារតវ៉ាក្នុងរឿងរ៉ាវដីធ្លីនេះទៀត។​ 

បន្ថែមលើនេះ លីកាដូបានលើកបង្ហាញទៀតថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៥​.​០​០​០​ ​គ្រួសារ​​ទទួលរង​ផល​ប៉ះពាល់ពី​ការរំលោភ​យក​ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ​ហើយ​គិត​ត្រឹម​ខែ​តុលា​​ ​សមាជិក​សហគមន៍​ ​និង​សកម្មជន​ដីធ្លី​ ​យ៉ាងតិច​ណាស់​ចំនួន​២​១​​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ដោយ​ក្នុង​នោះ​១​០​នាក់ ​​កំពុង​ជាប់ឃុំ​ក្នុងពន្ធ​នាគា​រ​នៅឡើយ​។​

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨ ខែតុលានេះ លោក អំ សំអាត  ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​លើកឡើងថា ការកើនឡើងនៃការចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋតវ៉ារឿងរ៉ាវដីធ្លីដោយសារអាជ្ញាធរប្រើប្រាស់លេសអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ-១៩។

បើតាមលោក អំ សំអាត ២ឆ្នាំអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលលីកាដូអះអាងថា ការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា មិនមានសញ្ញាថមថយនោះ ព្រោះយោងទៅលើហេតុការណ៍ជាក់ស្ដែងមួយចំនួនកើតឡើងរយៈពេលចុងក្រោយដូចជាៈ វិវាទរវាងពលរដ្ឋ ​និងគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ពីស្រុកស្អាង ខេត្តកណ្ដាលដែរ មានការបាញ់បោះលើពលរដ្ឋម្នាក់ឲ្យរបួស នៅគ្រាដែលពលរដ្ឋលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ នៅមានរឿងរ៉ាវវិវាទដីធ្លីឈានដល់ការចាប់ខ្លួនមួយចំនួនទៀត ដែលបានកើតឡើងនៅតាមបណ្ដាខេត្តស្វាយរៀង កោះកុង ជាដើម។  

តែយ៉ាងណាក៏ដោយជុំវិញការលើកឡើងរបស់អង្គការលីកាដូទាំងប៉ុន្មាន នៅមិនទាន់មានការឆ្លើយតបពីភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅឡើយទេ។ តែកន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា បញ្ហា​ជម្លោះដីធ្លី នឹងជះឥទ្ធិពលដល់ការបាត់បង់​សន្លឹក​ឆ្នោតរបស់បក្សកាន់អំណាច បើមិន​ព្យាយាមដោះ​ស្រាយ​ដោយ​ស្មើភាព​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ