អានតួអត្ថបទ
កម្ពុជា-សង្គម

ថៃលើកលែងការធ្វើចត្តាឡីស័ក តែកម្ពុជាមិនទាន់ទទួលគោលការណ៍ថាអាចបញ្ជូនពលករត្រលប់ទៅវិញ

កាល​ពីថ្មីៗ​នេះ​ប្រទេស​ថៃ​បាន​សម្រេច​លើកលែង​ការ​ធ្វើ​ចត្តាឡីស័ក​រដល់​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​។ តែពី​ជ្រុង​នៃ​ការ​ចំណាកស្រុក​របស់​ពលករ​ខ្មែរ​ចូល​ទៅ​កាន់​ប្រទេស​ថៃវិញ​ អាជ្ញាធរ​ខេត្ត​តាម​តំបន់​ព្រំដែន​អះអាង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា​ កម្ពុជា​មិន​ទាន់​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ឲ្យ​ពលករខ្មែរ​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ឡើយ​ទេ​។

ពលករខ្មែនៅឯប្រទេសថៃ
ពលករខ្មែនៅឯប្រទេសថៃ © Central
ផ្សាយពាណិជ្ជកម្ម

ដោយសារតែកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋស្ទើរតែស្មើនឹងចំនួនគោលដៅទៅហើយ ទើបធ្វើឲ្យភាគីថៃបានដាក់កម្ពុជារួមនិង៤៤ប្រទេសផ្សេងទៀត ដោយចាំបាច់ត្រូវធ្វើចត្តាឡីស័ក ពេលចូលទៅកាន់ទឹកដីថៃ។

ក៏ប៉ុន្តែការលើកលែងការធ្វើចត្តាឡីស័កនៅមានភាពស្រពិចស្រពិលជុំវិញបញ្ហាចំណាកស្រុករបស់ពលករខ្មែរទៅធ្វើការនៅឯប្រទេសថៃវិញ។ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះថា ភាគីកម្ពុជាពុំធ្លាប់បិទច្រកព្រំដែនណាមួយក្នុងខេត្តបន្ទាយមានជ័យនោះទេ តែភាគីថៃប៉ុណ្ណោះដែលបានអនុវត្តការបិទច្រកព្រំដែននេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ហើយមកដល់ពេលនេះកម្ពុជា ក៏មិនទាន់ទទួលបានគោលការណ៍នៅឡើយទេថា ភាគីថៃអាចបើកទទួលពលករខ្មែរស្របច្បាប់នៅពេលណានោះ ខណៈដែលថៃបានលើកលែងការធ្វើចត្តាឡីស័កទៅហើយនោះ។

រីឯលោកឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យវិញ បានបញ្ជាក់ឲ្យដឹងដែរថា ច្រកព្រំដែនអន្តរជាតិអូរស្មាច់ក៏នៅមិនទាន់ទទួលបានការណែនាំណាមួយក្នុងការអនុញ្ញាតឲ្យពលករចំណាកស្រុកទៅប្រទេសថៃវិញដើម្បីបំពេញការងារនោះទេ។ ក៏ប៉ុន្តែពេលបច្ចុប្បន្នច្រកអូរស្មាច់នៅបន្តទទួលពលករខ្មែរត្រលប់ចូលមកកម្ពុជាវិញ ចន្លោះពី៣០ទៅ៨០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមលោកឌី រ៉ាដូ។

យ៉ាងណាក៏ដោយ ជុំវិញការចំណាកស្រុករបស់ពលករខ្មែរដោយខុសច្បាប់នៅមានសញ្ញាណមួយគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា មួយរយៈនេះអាជ្ញាធរបង្រ្កាបបានបទល្មើសជួញដូរមនុស្សដោយខុសច្បាប់មួយចំនួន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនមេខ្យល់ទៅដាក់ទោសតាមផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ