អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោកហ៊ុន សែន អំពាវនាវឱ្យអាមេរិក និងអាស៊ានពង្រឹងទំនាក់ទំនងដោយឈរលើការគោរពអធិបតេយ្យភាព

ជាលើកទី១​កាលពីថ្ងៃ​អង្គារ​ម្សិលមិញនេះ ​មេដឹកនាំ​អាស៊ាន ​រួមទាំង​មេដឹកនាំក​ម្ពុជាផងបាន​ប្រជុំ​ទល់មុខគ្នាតាម​អនឡាញជា​មួយនឹង​ប្រធានាធិបតី​អាមេរិក​ លោកចូ បាយដិន។​ កិច្ចប្រជុំកំ​ពូលអាស៊ាន-អាមេរិក​លើកទី៩នេះ ​ប្រមុខថ្នាក់ដឹក​នាំអាស៊ាន ​និងអាមេរិក​ បានលើក​បង្ហាញ​ពីការរីក​ចម្រើន​នៃភាព​ជាដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន ​និងអាមេរិក​។ ​ប៉ុន្តែ ​លោកនាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​បានឆ្លៀត​អំពាវនាវ​ឱ្យមេដឹកនាំ​អាស៊ាន-​អាមេរិក​ ពង្រឹង​ទំនាក់ទំនង​បន្ថែម​ តែត្រូវ​ឈរលើគោលការណ៍​គោរព​អធិបតេយ្យ​ភាពរវាងគ្នា​។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលមេដឹកនាំអាស៊ាន ចូលរួមប្រជុំទល់មុខគ្នាតាមអនឡាញជាមួយនឹងប្រធានាធិបតីអាមេរិក លោកចូ បាយដិន
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលមេដឹកនាំអាស៊ាន ចូលរួមប្រជុំទល់មុខគ្នាតាមអនឡាញជាមួយនឹងប្រធានាធិបតីអាមេរិក លោកចូ បាយដិន © FB
ផ្សាយពាណិជ្ជកម្ម

គឺនៅចំពោះមុខមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាមេរិកលើគ្រប់វិស័យ ជាពិសេស វិស័យសុខាភិបាល ឌីជីថល ដឹកជញ្ជូន និងថាមពលជាដើម។ ប៉ុន្តែ ការពង្រឹង និងពង្រីកទាំងអស់នេះ គឺប្រមុខរដ្ឋាភិបាលកម្ពុជាសុំថា ត្រូវតែឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងការជួយគ្នាទៅវិញ ដើម្បីឆ្ពោះទៅរកការរីចចម្រើនជាមួយគ្នា។

ចំណែក លោកចូ បាយដិន ប្រធានាធិបតីអាមេរិកវិញ គឺនៅចំពោះមុខមេដឹកនាំអាស៊ាន លោកបានប្រកាសផ្ដល់កញ្ចប់ថវិកាបន្ថែមចំនួន១០២លានដុល្លា ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត ក្នុងនោះ អាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា។ លោកចូ បាយដិន ក៏បានអះអាងថា អាមេរិក និងអាស៊ានបានជំរុញនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយ អាស៊ាន និងសហរដ្ឋអាមេរិកនឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក។

ក្រៅពីកិច្ចប្រជុំជាមួយនឹងភាគីអាមេរិកនេះ គឺកាលពីថ្ងៃពុធម្សិលមិញ មេដឹកនាំអាស៊ានមានទាំងមេដឹកនាំកម្ពុជាផងក៏បានប្រជុំដោយឡែកជាមួយភាគីចិនផងដែរ។ នៅចំពោះមុខមេដឹកនាំចិន និងអាស៊ាន លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានរំលេចឡើងពីការជួយរបស់ចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជា។ ជាមួយគ្នានេះ លោកប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ឱ្យទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា កិច្ចកំពូលអាស៊ាននៅ២០២១នេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែវិបត្តិកូវីដ១៩។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយប្រទេសព្រុយណេ ដោយមានរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ