អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោកហ៊ុន សែន ប្រាប់មេដឹកនាំអាស៊ាន និងអាស៊ីបូព៌ាថា កម្ពុជាចង់ឃើញអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

មេដឹកនាំ​កម្ពុជា ​និងមេដឹកនាំ​អាស៊ាន​ផ្សេងទៀត​កាលពី​យប់ថ្ងៃទី​២៧ ខែតុលា ​បានបើក​កិច្ចប្រជុំ​កំពូលជា​មួយ​មេដឹកនាំ​នៃប្រទេស​អាស៊ីបូព៌ា។​ កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​លើកទី១៦​នេះ ក៏មាន​ការចូលរួម​ពីប្រធាន​អង្គការ​សុខភាព​ពិភពលោក ​និងអង្គការ​ពាណិជ្ជកម្ម​ពិភពលោក។​ នៅចំពោះមុខ​មេដឹកនាំ​ទាំងអស់នេះ ​លោកនាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​បានលើកឡើងថា​ កម្ពុជាចង់​ឃើញតំបន់​អាស៊ីអាគ្នេយ៍​ជាតំបន់​មួយមាន​សន្តិភាព​ ដោយគ្មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម

«កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព ស្ថេរភាព និងគ្មានអាវុធនុយក្លេអ៊ែរ» នេះ គឺជាការគូសបញ្ជាក់របស់​ប្រមុខរដ្ឋាភិបាលកម្ពុជានៅចំពោះមុខមេដឹកនាំអាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន អូស្រ្តាលី កូរ៉េខាងត្បូង ណូវែល សេឡង់ និងបណ្តាមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦។ កិច្ចប្រជុំនេះក៏ដូចកិច្ចប្រជុំកំពូលដទៃទៀតដែរ គឺបានធ្វើឡើងតាមប្រព័ន្ធអនឡាញដោយ​សារវិបត្តិកូវីដ១៩។ ជាមួយនឹងការគូសបញ្ជាក់បែបនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន ក៏បានអំពាវនាវឱ្យរាល់សេចក្តីផ្តួចផ្តើម និងសម្ព័ន្ធភាពយោធាដែលនឹងត្រូវដាក់ចេញដោយប្រទេសអាស៊ីបូព៌ាគោរពមិត្តភាព ឈរលើការគោរពគ្នា និងផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាបាននូវសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់។

ចំពោះបញ្ហាសន្តិសុខ និងសន្តិភាពនៅក្នុងអាស៊ីអាគ្នេយ៍នេះ មេដឹកនាំសំខាន់ៗនៃប្រទេសអាស៊ីបូព៌ាបានប្រកាសគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់នេះ និងគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងនេះក៏បានផ្ដល់នូវការគាំទ្រ និងជំនួយដល់អាស៊ាន ជាពិសេស នៅក្នុងការងារបន្តទៀតធ្វើយ៉ាងណាឲ្យទទួលបានជោគ​ជ័យនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩នេះ ប្រមុខដឹកនាំកម្ពុជា បានអះអាងថា ប្រទេសទាំងអស់ត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ។ ប៉ុន្តែ លោកហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ប្រ​ទេសទាំងអស់មិនត្រូវប្រកាន់និន្នាការនយោបាយ និងមិនត្រូវយកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ធ្វើជារបៀបវារៈនយោបាយឡើយ។ ដោយឡែក ទាក់ទងនឹងថ្នាំព្យាបាល និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩វិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានអំពាវនាវឱ្យមានបែងចែក និងចែកចាយប្រកបដោយសមធម៌ និងមានតម្លៃសមរម្យ និងទាន់ពេលវេលាសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ