អានតួអត្ថបទ
កម្ពុជា-ច្បាប់

CYN រកឃើញការសាងសង់លំនៅដ្ឋានលើដីព្រៃដោយខុសច្បាប់ជាង១០០ករណីនៅខេត្តក្រចេះ

សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN)​ បានរកឃើញ​ការសាងសង់​លំនៅដ្ឋាន​ដោយខុសច្បាប់​ ចំនួន១៤៣ករណី ​និងការបន្តទន្ទ្រាន​ដីព្រៃ​សហគមន៍​ នៅក្នុង​សហគមន៍​ព្រៃឈើភ្នំ​មួយកន្លែង​ក្នុងខេត្តក្រចេះ។​ សម្រាប់​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ នេះគឺជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់អនាគត​ព្រៃសហគមន៍ ​ខណៈដែល​អាជ្ញាធរ​ថាមិនទាន់​បានទទួល​របាយការណ៍​។

លំនៅឋានដែលសង់នៅលើដីព្រៃខុសច្បាប់
លំនៅឋានដែលសង់នៅលើដីព្រៃខុសច្បាប់ © FB/CYN
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី០១វិច្ឆិកា សមាគមបណ្តាញយុវជនកម្ពុជាបានអះអាងថា គិតពីខែកញ្ញាឆ្នាំ២០២០រហូតមកដល់ខែកញ្ញាឆ្នាំ២០២១ សហគមន៍ព្រៃឈើភ្នំសេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងការទន្ទ្រាន ដោយសាងសង់ទៅជាលំនៅដ្ឋាន ខុសច្បាប់ចំនួន ៥៨ករណី  ខណៈកាលពីខែកញ្ញា ឆ្នាំ២០២០ ចំនួនលំនៅដ្ឋានខុសច្បាប់ដែលបានសាងសង់នៅក្នុងដីសហគមន៍ព្រៃឈើភ្នំសេះ មានចំនួនតែ៨៥ករណីតែប៉ុណ្ណោះ។ លើសពីនេះ សមាគមអះអាងទៀតថា សកម្មភាពកាប់ទន្រ្ទានយកដីព្រៃសហគមន៍ដើម្បីធ្វើជាចំការចន្ទី និងការលបលួចកាប់បំផ្លាញដើមឈើក៏នៅតែកើតមានឡើងជាបន្តបន្ទាប់ស្ទើររៀងរាល់ថ្ងៃ។

គួរបញ្ជាក់បន្តិចថា កាលពីថ្ងៃទី១២មេសាកន្លងទៅ សមាគមបណ្តាញយុវជនកម្ពុជាធ្លាប់បានចេញផ្សាយនូវរបាយការណ៍នៃការរកឃើញ គម្របព្រៃឈើប្រមាណ១.៣០៣ហិកតាបានបាត់បង់ ព្រមទាំងគម្របព្រៃទំហំ៤៦០.៨ហិកតារងការគំរាមកំហែងធ្ងន់ធ្ងរ។

លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ក្រោយការចេញផ្សាយរបាយការណ៍របស់សមាគម ភាគីអាជ្ញាធរបានចុះទៅអង្កេតដោយផ្ទាល់ម្តងរួចមកហើយ ក៏ប៉ុន្តែមកដល់ពេលនេះសមាគមបណ្តាញយុវជនកម្ពុជា មិនទាន់ទទួលបានព័ត៌មាននិងជាលទ្ធផលនៃការអន្តរាគមន៍ពីភាគីអាជ្ញាធរណាមួយឡើយ។

ជាការឆ្លើយតប លោកប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ដីសហគមន៍ព្រៃឈើភ្នំសេះ ជាការកាន់កាប់និងទទួលសិទ្ធិថែទាំដោយសហគមន៍ផ្ទាល់ ហើយសម្រាប់របាយការណ៍ពីការសាងសង់លំនៅដ្ឋានខុសច្បាប់ និងការទន្ទ្រានដីព្រៃនោះ គឺអាជ្ញាធរខេត្តមិនបានទទួលរបាយការណ៍នោះទេ។

តែយ៉ាងណា លោកហេង គឹមហុង អះអាងថាការលើកឡើងរបស់អាជ្ញាធរបែបនេះ ជាការមិនទទួលខុសត្រូវ ព្រោះសមាគមបណ្តាញយុវជនកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ស្ថានភាពសហគមន៍ព្រៃឈើភ្នំសេះម្តងរួចទៅហើយ។ សម្រាប់សមាគមបណ្តាញយុវជនកម្ពុជា ការចាត់វិធានការទាន់ពេលវេលាពីអាជ្ញាធរពាក់ព័ន្ធ ជាការសង្រ្គោះសហគមន៍ព្រៃឈើភ្នំសេះនិងសហគមន៍ព្រៃឈើដទៃទៀត កុំឲ្យឈានទៅរកវិនាសកម្មព្រៃសហគមន៍ទាំងមូលនាពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ