អានតួអត្ថបទ
កម្ពុជា-ច្បាប់

អាមេរិកប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា២រូបទៀត ដោយចោទថាប្រព្រឹត្តអំពើពុករលួយ

ក្រសួង​ការបរទេសអាមេរិក​នៅថ្ងៃទី១០​ ខែវិច្ចិកា​ ឆ្នាំ២០២១​ បានប្រកាស​ដាក់ទណ្ឌកម្ម​លើមន្រ្តីយោធា​ជាន់ខ្ពស់​កម្ពុជា២រូប​បន្ថែមទៀត​ គឺនាយឧត្តមសេនីយ៍​ ចៅ ភិរុណ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃក្រសួងការពារជាតិ​ និង​នាយឧត្ដមនាវី ទៀ វិញ​ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា​។​ អាមេរិក​បាន​សម្រេច​មិនអនុញ្ញាត​ឱ្យពួកគេទាំង២​ចូលក្នុង​ទឹកដីអាមេរិកឡើយ​។ ​មូលហេតុ​ គឺអាមេរិកចោទ​ប្រកាន់​ពួកគេថា​ បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅឯមូលដ្ឋាន​កងទ័ពជើងទឹករាម។​

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា
នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់ថា លោកចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារប​ច្ចេ​កទេសនៃក្រសួងការពារជាតិ និងលោកទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រថា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលធ្វើឱ្យខូចនីតិរដ្ឋ និងទំនុកទុកចិត្តរបស់ពលដ្ឋលើស្ថាប័នរដ្ឋាភិបាល និងដំណើរការងារសាធារណៈ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក។ អាមេរិកបានចោទអ្នកទាំង២ថា បានប្រើប្រាស់ឥទ្ធិពលនយោបាយ និងអំណាចក្នុងតំណែងកេងយកផលចំណេញផ្ទាល់ខ្លួន។

ចំពោះលោកចៅ ភិរុណ ក្រសួងការបរទេសអាមេរិកបានអះអាងថា នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ គឺលោកបានឃុតឃិតគ្នាទាញយកប្រយោជន៍ពីសាងសង់ និងអភិវឌ្ឍអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម។ បន្ថែមលើនេះ អាមេរិកបានបញ្ជាក់ថា លោក និងមន្រ្តីកម្ពុជាផ្សេងទៀតទំនងជាបានបំប៉ោងតម្លៃនៃការសាងសងអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយទាញយកប្រយោជន៍ពីដំណើរការសាងសង់នេះ។

សូមគូសរំលេចបន្តិចថា នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺអាមេរិក និងកម្ពុជាមានបញ្ហាជាមួយគ្នាមិនចេះចប់។ អាមេរិកបានខកចិត្តដែលកម្ពុជាបានវាយកម្ទេចអគារដែលខ្លួនផ្តល់ឱ្យ ខណៈភាគីកម្ពុជាបានបញ្ជាក់ថា ការវាយកម្ទេចនេះ គឺដើម្បីសាងសងអគារថ្មីដែលមានលក្ខណៈទំនើប និងបំពេញតម្រូវការរបស់កងទ័ពជើងទឹកកម្ពុជា។ មិនតែប៉ុណ្ណឹងទេ អាមេរិកនៅតែចោទថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពជើងទឹកនៅលើទឹកដីកម្ពុជា។ ប៉ុន្តែ កម្ពុជាបានបដិសេធដាច់អហង្ការហើយចំពោះបញ្ហានេះ។

បញ្ហានេះបានស្ងប់ស្ងាត់មួយរយៈពេលខ្លីទៅហើយ ប៉ុន្តែ ស្រាប់តែពេលនេះ អាមេរិកបានចេញមកប្រកាសដាក់ទណ្ឌ​កម្មលើមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាបន្ថែមទៅវិញ។ ក្រៅពីលោកចៅ ភិរុណ និងលោកទៀ វិញ គឺសមាជិកក្រុមគ្រួសាររបស់ពួកគេផ្សេងទៀត ក៏ត្រូវអាមេរិកហាមមិនចូលទៅទឹកដីអាមេរិកផងដែរ។ ដោយឡែក ក្រសួងសេដ្ឋកិច្ចអាមេរិកឯណោះ ក៏បានដាក់ឈ្មោះលោកចៅ ភិរុណ និងលោកទៀ វិញ ទៅក្រោមការអនុវត្តរបស់ច្បាប់ Global Magnitsky ថែមទៀត។

ចំពោះបញ្ហានេះ វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេនៅព្រឹកថ្ងៃព្រហស្បត្តិនេះ។ ចំណែក លោកទៀ បាញ់ ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញអាចទា​ក់ទងបាន ប៉ុន្តែលោកមិនឆ្លើយតបនឹងបញ្ហានេះទេ ដោយសារតែលោកប្រាប់ថា កំពុងជាប់រវល់។

គួររំឮកជូនថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនៅពេលនេះ មិនមែនជារឿងថ្មីនោះទេ។ កន្លងមក អាមេរិកតាមរយៈច្បាប់ Global ​Magnitsky​ បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិទៅលើមន្រ្តីជាន់ខ្ពស់កម្ពុជា ដូចជា លោក​​ហ៊ីង ប៊ុនហៀង​ ​មេ​បញ្ជាការ​​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន លោកគន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក​ឧកញ៉ា ​ទ្រី ភាព ​អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ។ អាមេរិកបានចោទពួកគេថា បានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ