អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អាមេរិកនឹងពិចារណាលទ្ធភាពផ្តល់ជូននូវប្រព័ន្ធអនុគ្រោះទូទៅ(GSP)មកឱ្យកម្ពុជាឡើងវិញ

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​នាពេលថ្មីៗ​នេះ​ បាន​អះអាង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មានថា​ ខ្លួន​នឹង​ពិចារណា​ឡើងវិញ​ ក្នុងការ​ផ្តល់ជូន​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ​(GSP)​មក​ឱ្យ​កម្ពុជា​សារជាថ្មី​។​ ការ​វាយតម្លៃ​លទ្ធភាព​នេះ​នឹង​ពិនិត្យ​ដោយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ដែល​មានការ​យល់ពី​សភាផ្ទាល់​។​ ជុំវិញ​ការបញ្ជាក់​របស់​សហរដ្ឋអាមេរិក​នេះ​ លោក​ ប៉ែន សុវិជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បានអះអាង​ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា​ នេះ​ជា​សញ្ញា​ល្អ​សម្រាប់​កម្ពុជា​ ដែល​សរបញ្ជាក់​អំពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់កម្ពុជា​នាពេលកន្លង​។

កំពុងផែប្រទេសអាមេរិក (រូបតំណាង)
កំពុងផែប្រទេសអាមេរិក (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅអះអាងថា សហរដ្ឋអាមេរិកតាមរយៈតំណាងពាណិជ្ជកម្មរបស់ខ្លួន នឹងធ្វើការវាយតម្លៃនូវសិទ្ធទទួលបានសារជាថ្មីនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅមកឱ្យកម្ពុជា។ ជាក់ស្តែង បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ការវាយតម្លៃពីសិទ្ធទទួលបានប្រព័ន្ធអនុគ្រោះទូទៅ(GSP) បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក អនុញ្ញាតឱ្យមានការអនុវត្តនូវកម្មវិធីមួយឈ្មោះថាផលប្រយោជន៍ និងលក្ខណៈវិនិឆ្ឆ័យសិទ្ធទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ 

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការលើកឡើងរបស់សហរដ្ឋអាមេរិកនៅពេលនេះ អាចជាសញ្ញាល្អសម្រាប់កម្ពុជា ខណៈសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលធំមួយរបស់កម្ពុជា។

បន្ថែមពីនេះ លោកប៉ែន សុវិជាតិបានចាត់ទុកថា ការពិនិត្យលទ្ធភាពផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPមកកម្ពុជា ក៏អាចសរបញ្ជាក់ពីប្រសិទ្ធភាពដែលភាគីកម្ពុជាប្រឹងប្រែងទាមទារឱ្យអាមេរិកពិចារណាក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះមកវិញ។ ប្រសិទ្ធភាពដែលអ្នកនាំពាក្យរូបនេះបញ្ជាក់ខាងដើមនោះ គឺ​ចង់សំដៅថា កម្ពុជាតែងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាក្រុមហ៊ុនបញ្ជាទិញមួយចំនួន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលធ្លាប់ទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ក្នុងគោលបំណងដាក់ពាក្យស្នើទៅកាន់សភាសហរដ្ឋអាមេរិក ឱ្យពិនិត្យជាថ្មីនូវសំណើរផ្តល់ជូនប្រព័ន្ធអនុគ្រោះពន្ធ(GSP)ដែលហួសសុពលភាពទៅហើយនោះ។

ជារួម បើតាមលោក ប៉ែន សុវិជាតិ​ កម្ពុជានឹងរំពឹងថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(SGP) នឹងអាចផ្តល់មកឱ្យកម្ពុជាឡើងវិញ។ ការរំពឹងនេះត្រូវបាន លោកប៉ែន សុវិជាតិ លើកហេតុផលថា ទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរបូករួមនឹងទំហំពាណិជ្ជកម្មមានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីនេះ លោកក៏សម្អាងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់នយោជិកដូចជា ការមិនកេងកម្លាំងពលកម្មហួសប្រមាណ ដែលផ្ទុយពីកតិកាសញ្ញារបស់កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP។

សូមរំលឹកថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០កន្លងទៅ។ ការហួសសុពលភាពនេះបានប៉ះពាល់​ទៅ​លើ​អ្នក​បញ្ជា​ទិញដែលតម្រូវឱ្យ​បង់​ពន្ធ​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ជាក់ស្តែង ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅ(GSP) កម្ពុជា មិនត្រូវបានគិតពន្ធការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ