អានតួអត្ថបទ

កម្ពុជា​ចាត់ទុកការដាក់ទណ្ឌកម្ម​ដោយ​អាមេរិក​មក​លើ​មន្ត្រី​យោធាថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង

រដ្ឋាភិបាលកម្ពុជា​តាមរយៈ​ក្រសួង​ការបរទេស​ និង​ក្រសួងការពារជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​ ដោយ​ធ្វើ​ការ​បដិសេធ​ដាច់​អហង្ការ​ចំពោះការ​ប្រកាស​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​នាយឧត្តម​សេនីយ៍​កម្ពុជា២រូប។ គឺជាការដាក់ទណ្ឌកម្ម​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ក្នុង​ការ​កសាង​មូលដ្ឋាន​កងទ័ពសមុទ្ររាម ។ បើតាមជំហររបស់​រដ្ឋាភិបាល​កម្ពុជា​គឺគ្មានភាព​ចាំបាច់​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់នេះឡើយ។ ផ្ទុយទៅវិញ ​រដ្ឋាភិបាលកម្ពុជាបាន​ហៅការ​ដាក់​ទណ្ឌកម្មជាឯកតោភាគីនេះថា ជាការជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជាទៅវិញទេ។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា
នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​ពី​គ្នានៅ​ថ្ងៃទី១២​វិច្ឆិកា ទាំង​អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា និង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ ចំពោះ​ក្រសួង​រតនាគារ​ជាតិអាមេរិក ដែល​ដាក់​ទណ្ឌកម្ម​ជាឯកតោ​ភាគី ​មក​លើ​មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប។​

សម្រាប់អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ការចោទ​ប្រកាន់​នេះ​គឺ «​ជា​ការលាប​ពណ៌ ហើយ​មិនត្រឹមតែបំពានលើ​ច្បាប់អន្តរជាតិ និង​បទដ្ឋានមូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរ​ជាតិ​ទេ តែ​ក៏​បាន​បង្ហាញ​ពី​ការ​មាក់​ងាយ​ទាំងស្រុង​ដល់ឯករាជ្យ​ភាព និង​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ទៀត​ដែរ​»។

រីឯអ្នកនាំពាក្យ​ក្រសួងការពារជាតិវិញ បានចាត់ទុកការ​ដាក់​ទណ្ឌកម្មនេះថា «ជាកាយវិការ​ខ្វះ​វិចារណញាណ និងមានលក្ខណៈជាការបង្ករឿង​ឥតឈប់ឈរ»។

សូមបញ្ជាក់ថា ប្រតិកម្ម​ទាំង​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្រសួង​រតនាគារជាតិ​អាមេរិក កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម​លើមន្រ្តី​យោធាជាន់ខ្ពស់​កម្ពុជា​២រូប​បន្ថែមទៀត​ គឺលោក​ចៅ ភិរុណ​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃក្រសួង​ការពារជាតិ​ និង​លោក ទៀ វិញ​ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា។​ ទម្ងន់នៃទណ្ឌកម្មនេះ​គឺមិន​ឲ្យ​ឧត្តម​សេនីយ៍ទាំង​២​រូបនេះ​ចូល​ទឹកដី​អាមេរិក​ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ បើមានរក្សាទុកនៅអាមេរិក។ ការដាក់​ទណ្ឌកម្មនេះគឺ​អាមេរិកចោទមន្ត្រីយោធា២រូបនេះថា បានប្រើប្រាស់ឥទ្ធិពលនយោបាយ ​ប្រព្រឹត្ត​អំពើពុករលួយក្នុងការកសាង​មូលដ្ឋាន​កងទ័ពជើង​ទឹករាម​របស់កម្ពុជា។ ជាទីដែល​សហរដ្ឋអាមេរិក​ចោទថា កម្ពុជា​បាន​អនុញ្ញាតឲ្យ​យោធាចិន​ប្រើ​ប្រាស់​ទីតាំងនោះជាមូលដ្ឋានកងទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ