អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ចេញមុខបដិសេធការចោទប្រកាន់ថាលោកជាអ្នកនៅពីក្រោយគណបក្សបេះដូងជាតិ

នៅទីបំផុត​ លោក​ សម រង្ស៊ី​ បាន​ចេញមុខ​មក​បដិសេធ លើការ​ចោទ​ប្រកាន់ថា លោក​នៅពីក្រោយ​ការ​ចង់​បង្កើត​គណបក្ស«បេះដូងជាតិ»ដែល​មាន​លោក សៀម ភ្លុក​ ជាអ្នកចេញមុខ​។ ការ​បដិសេធ​របស់​លោក សម រង្ស៊ី គឺ​នៅក្រោយពេល​ដែល​ក្រសួង​មហាផ្ទៃ មិនចុះបញ្ជីឲ្យគណបក្សថ្មីនេះ និងព្រមាន​ប្តឹង​ទៅតុលាការ​ដោយ​ចោទថា មានការ​លួច​បន្លំ​ស្នាម​មេដៃ​ដើម្បី​បំពេញ​លក្ខខណ្ឌចុះឈ្មោះគណបក្សនេះ។ 

លោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ
លោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ហ្វេសប៊ុក​នៅថ្ងៃទី១៤​វិច្ឆិកា លោក សម រង្ស៊ី​ ដែលកំពុងមានវត្តមាន​នៅលើទឹកដីអាមេរិក​បាន​ហៅ​ការចោទប្រកាន់​ទាំងនេះថា​«មិនទំនងទាល់តែសោះ​ ពីព្រោះវាមិនស៊ីគ្នាទាល់តែសោះ»​។ គឺ​ជាការចោទប្រកាន់​អ្នកដែល​បានដាក់ពាក្យ​ ចង់​បង្កើត​គណបក្សបេះដូងជាតិ​ ថា​«ធ្វើការឲ្យ​គណបក្សសង្គ្រោះជាតិ​ ព្រមទាំង​បាន​ក្លែងបន្លំ​ស្នាមមេដៃ​ ដែល​បាន​ប្រមូល​ ដើម្បី​បំពេញ​បែបបទ»។​

សូមបញ្ជាក់ថា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​កាលពីថ្ងៃទី៨​វិច្ឆិកា​បានរាយការណ៍​ជូនប្រមុខ​រដ្ឋាភិបាលថា​ អគ្គស្នងការ​នគរបាលជាតិ​បានធ្វើការ​ពិនិត្យ​ និង​កោសល្យវិច័យ​លើស្នាមមេដៃ​របស់​សមាជិក​គណបក្ស​បេះដូងជាតិ​ចំនួន​៤.៧៨១​ស្នាមមេដៃ​ ប្រុសមាន​២.៤៥២​ស្នាមមេដៃ​ និង​ស្រីចំនួន​២.៣២៩​ស្នាមមេដៃ។​ ប៉ុន្តែ​ អគ្គស្នងការ​នគរបាលជាតិ​ បានរកឃើញថា​ ស្នាមមេដៃ២០នាក់​ខុសពីស្នាមមេដៃ​ក្នុង​អត្តសញ្ញាណបណ្ណ​ ខណៈស្នាមមេដៃ​ចំនួន២០នាក់​ផ្តិតលើឈ្មោះបុគ្គល​៥៤នាក់​ និង​ស្នាមមេដៃ៧៤នាក់​ជាការក្លែងស្នាមមេដៃ​។​ បន្ថែមលើនេះ​ ស្នាមមេដៃ​២៨៧នាក់​ ខូចគុណភាព​មិនអាច​ធ្វើកោសល្យវិច័យបាន​ និងស្នាមមេដៃ​មានភាព​មិនប្រក្រតី​ធ្ងន់ធ្ងរ​របស់បុគ្គល​៥នាក់​ផ្តិតលើ​ឈ្មោះបុគ្គល២១នាក់​។​

ប៉ុន្តែសម្រាប់​លោក​ សម រង្ស៊ី​ បើគណបក្ស​បេះដូងជាតិ​ ចេញមក​ពីគណបក្សសង្គ្រោះជាតិ​មែន​ នោះ​គណបក្សបេះដូងជាតិ​ មិន​ពិបាកអ្វីប្រមូលស្នាមមេដៃ​ ពី​អ្នកគាំទ្រចំនួន​ ៥០០០ នាក់​នោះទេ​ ពីព្រោះ​គណបក្សសង្គ្រោះជាតិ​ មានអ្នកគាំទ្រយ៉ាងតិច​ ៣ លាននាក់​ ដូចបានឃើញ​ ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៣​ និង ២០១៧។​

យ៉ាងណាក៏ដោយ​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បានអះអាងថា​ ក្រសួងមហាផ្ទៃ​នឹងចាត់​ឱ្យអាជ្ញាធរ​ស្រាវជ្រាវ​លើការ​ក្លែងបន្លំ​ស្នាមមេដៃនេះ​ រីឯ​តំណាង​ស្ថាបនិក​នឹងត្រូវ​ប្តឹងទៅ​តុលាការ​ដើម្បីចាត់វិធានការ​ទៅតាមផ្លូវច្បាប់​។​

ប៉ុន្តែលោក​ សៀម ភ្លុក​ ដែលចេញមុខ​ជាតំណាង​គណបក្សបេះដូងជាតិ​ បានអះអាងថា​ លោក​នឹង​មិនរត់​ទៅណាទេ​គឺនៅឈរតតាំង​តាមផ្លូវច្បាប់​ ដោយសំអាងថា​ ច្បាប់ស្តីពី​គណបក្សនយោបាយ​ មិនមានទោស​ព្រហ្មទណ្ឌ​ក្នុងការសុំបង្កើត​បក្សនយោបាយ​នោះឡើយ។​ ប៉ុន្តែប្រសិនបើ​ក្រសួង​មហាផ្ទៃ​ បង្វែរ​ការ​សុំបង្កើត​គណបក្ស​នយោបាយ​ទៅជារឿងព្រហ្មទណ្ឌ​វិញលោក​ក៏មិនមានយោបល់ដែរ​។​

បើតាម​ លោក​ សៀម ភ្លុក​ លោកនៅមិនទាន់​ទទួលបានលិខិត​ផ្លូវការ​ពីក្រសួងមហាផ្ទៃ​ដែល​បដិសេធចុះ​បញ្ជីគណបក្សបេះដូងជាតិ​នៅឡើយ​ ហើយថាអ្វី​ដែលបាន​លេចឭ​កន្លងមក​ គឺគ្រាន់តែជាលិខិត​បែកធ្លាយ​ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ