អានតួអត្ថបទ
កម្ពុជា-សង្គម

មន្ត្រីក្រសួងមហាផ្ទៃអំពាវនាវដល់ពលរដ្ឋកុំឆ្លងដែនទៅរកការងារនៅថៃទាំងប្រថុយប្រថាន

ខណៈ​ពលរដ្ឋខ្មែរ​ជាក្រុមៗ​បាននាំគ្នា​ចេញ​ទៅរកការងារ​ធ្វើនៅប្រទេស​ថៃ​ រាប់ចាប់​តាំងពី​ចុងខែ​តុលាមកដល់ឥលូវ​  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ នៅថ្ងៃទី១៧​វិច្ឆិកានេះ​បាន​អំពាវនាវ​ឲ្យពួកគេ​រងចាំ​បន្តិចសិន​ កុំឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ក្នុងដំណាក់កាល​មិនច្បាស់លាស់​នៃវិបត្តិកូវីដ១៩។​ បើតាមមន្ត្រី​ ដដែល​ក្រសួងពាក់ព័ន្ធ​កំពុងរកដំណោះ​ស្រាយ​លៃលក​ធ្វើយ៉ាងណា​ឲ្យពលករ​ទទួល​បានភាព​សមធម៌​ រវាង​ប្រទេស​បញ្ជូន​និងប្រទេសទទួល​ក្នុងដំណាក់កាលថ្មី។​

ពលករខ្មែរ (រូបតំណាង)
ពលករខ្មែរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ពលករខ្មែរដែលនាំគ្នាចេញទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកព្រំដែន មិនក្រោម២០នាក់ឡើយនៅរៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខ្មែរប្រចាំការនៅព្រំដែនចាប់បញ្ជូនត្រឡប់មកវិញ ដែលគិតជាសរុបប្រមាណជា១ពាន់នាក់បានកត់ត្រាក្នុងបញ្ជីនៃការបញ្ជូនត្រឡប់មកវិញ រាប់ចាប់តាំងពីចុងខែតុលាមកដល់ឥលូវ។ តែក៏នៅមានអ្នកដែលរបូតទៅដល់ដីថៃបានសម្រេចដែរ ប៉ុន្តែមិនមានចំនួនច្រើនទេ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធទី១៧វិច្ឆិកានេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សបានគូសបញ្ជាក់ថាទោះ​​ជាពលករខ្មែរមួយចំនួនទៅដល់ដីថៃ ក៏គង់តែអាជ្ញាធរថៃចាប់បញ្ជូនត្រឡបមកវិញដដែលទេ។

លោកស្រីបន្ថែមថា ដំណាក់កាលនេះមិនមែនជាពេលវេលា ដែលពលរដ្ឋត្រូវសម្រុកចេញទៅធ្វើការនៅថៃដោយខុសច្បាប់ និងប្រថុយប្រថានអ៊ីចឹងទេ!​ ព្រោះត្រូវចំណាយលុយក្រៅផ្លូវការកាន់ច្រើនពេលទៅដល់ប្រទេសថៃ។ នៅពេលដែលពលករខំប្រឹងជម្នះទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ពួកគេនឹងជួបបទពិសោធន៍ចាស់ដដែលដោយបន្តធ្វើជាកម្មករថៃរហូតតដល់កូន ដើម្បីទូទាត់ថ្លៃបំណុលរបស់ឱពុក-ម្ដាយ ដែលបានជំពាក់តាមរយៈការចំណាយលុយក្រៅផ្លូវការជាថ្នូរនឹងការបានការងារនៅស្រុកគេ។ នេះជាកង្វល់របស់លោកស្រី ជូរ ប៊ុនអេង ។  

ដូចគ្នាដែរ លោក ​លឹង​ សុផុន​ ​មន្ត្រី​សិទ្ធិការងារ​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​របស់អង្គការ​សង់ត្រាល់ ​ប្រចាំប្រទេសថៃ ​បាន​ថ្លែងថា ការ​បន្ត​វិល​ចូល​ប្រទេសថៃ​ នៅ​គ្រានេះ ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ពី​ព្រោះ​ពលករ​ខ្មែរ​ត្រូវ​ចំណាយ​​លុយ​ក្រៅ​ផ្លូវ​ការ​កាន់​ច្រើន​។ ម្យ៉ាង​ទៀត​លោក​ថា​នៅ​ប្រទេស​ថៃ​គ្រា​នេះ​ ការ​រស់​នៅ និង​ធ្វើ​ការ​មិន​មាន​សេរី​ភាព​ដូច​មុន​ឡើយ។

ដូច្នេះហើយទើបលោកស្រីស្នើឲ្យពលករខ្មែររងចាំបន្តិចសិន ដើម្បីទទួលបានសិទ្ធិជាពលករស្របច្បាប់ព្រោះបើតាមលោកស្រី ថៃនិងកម្ពុជាកំពុងធ្វើការរួមគ្នាលើបញ្ហានេះ ក្នុងដំណាក់កាលថ្មីលៃលកធ្វើយ៉ាងណាឲ្យពលករទទួលបានភាពសមធម៌ រវាងប្រទេសបញ្ជូននិងប្រទេសទទួល។ អំឡុងពេលរងចាំ រដ្ឋាភិបាលកម្ពុជាក៏មិនបានឱបដៃឈរមើលភាពខ្វះខាតរបស់ពលករខ្មែរដែរតាមរយៈជំនួយសង្គមក្រោយពួកគេទៅដល់ភូមិកំណើត។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះរាប់ចាប់តាំងពីដើមឆ្នាំ២០២០មកដល់ជិតដំណាច់ឆ្នាំ២០២១នេះមានពលករខ្មែរប្រមាណ២៦ម៉ឺននាក់បានបញ្ជូនមកដល់ដីកម្ពុជា។ ចាប់តាំងពីពេលនោះមកដល់ពេលបច្ចុប្បន្នក៏ព្រំដែនកម្ពុជាថៃនៅតាមបណ្ដាខេត្តមួយចំនួនបើកទ្វារអនុញ្ញាត្តឲ្យពលរដ្ឋ​ចេញចូលរកការធ្វើដូចគ្រាមុនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ