អានតួអត្ថបទ
កម្ពុជា-សង្គម

ជនជាតិដើមភាគតិច៨គ្រួសារ ក្នុងស្រុកអូររាំង កំពុងដាក់ញ្ញាតិស្វែងរកកិច្ចអន្តរាគមន៍ ក្រោយអះអាងថា អាជ្ញាធររំលោភយកដីធ្លី

ក្រុម​ជនជាតិដើមភាគតិច​ចំនួន៨​គ្រួសារ​កំពុង​ដាក់ញ្ញាតិ​មកក្រសួង​ដែនដី​ ក្រសួង​មហាផ្ទៃ​ និងទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅព្រឹក​ថ្ងៃទី២៣​ វិច្ឆិកានេះ​ ដើម្បី​ស្វែងរក​កិច្ចអន្តរាគមន៍​លើបញ្ហាដីធ្លី​ ក្រោយ​ពួកគេ​អះអាងថា​ អភិបាល​ស្រុកអូររាំង​និងជនខិលខូច​បាន​រំលោភ​យកដីធ្លី​របស់ពួកគេ។​ ជុំវិញបញ្ហានេះ​ លោក​ ម្លូស តេន​ ជាពលរដ្ឋ​រងគ្រោះ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិRFI​ថា​ ការសម្រេចដាក់​ញ្ញាតិ​នៅពេលនេះ​ ក្រោយអាជ្ញាធរ​និងមន្ត្រីពាក់ព័ន្ធ​ក្នុងខេត្ត​មិនបានជួយ​ស្វែងរក​ដំណោះស្រាយតាមច្បាប់​ និង​យុត្តិធម៌​ជូនពួកគេនោះទេ។​

ដីធ្លីនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី
ដីធ្លីនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី © Internet
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំចង់ឱ្យសម្តេច និងមន្ត្រីពាក់ព័ន្ធមានដំណោះស្រាយជូនពួកខ្ញុំដែលជាជនជាតិដើមភាគតិចរងគ្រោះលើបញ្ហាដីធ្លី» នេះជាការលើកឡើងរបស់លោក ម្លូស តេននៅព្រឹកថ្ងៃទី២៣ វិច្ឆិកានេះ។ លោក ម្លូស តេន ជាពលរដ្ឋរងផលប៉ះពាល់មួយរូបក្នុងចំណោមពលរដ្ឋជនជាតិដើមភាគតិចចំនួន៧គ្រួសារផ្សេងទៀត ដែលត្រូវកំពុងឡើងមកដាក់ញ្ញាតិ្តនៅឯក្រសួងមហាផ្ទៃ ក្រសួងដែនដីនគរូបនីយកម្ម​និងសំណង់ និងទីស្តីការគណៈរដ្ឋមន្ត្រី។

គិតត្រឹមព្រឹកថ្ងៃទី២៣នេះ ពលរដ្ឋរងគ្រោះបានដាក់ញ្ញាតិចំនួនពីរកន្លែងហើយ ដោយទី១ គឺក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងទីស្តីការគណៈរដ្ឋមន្ត្រី។ ការសម្រេចឡើងមកដាក់ញ្ញាតិនេះ ក្រោយពលរដ្ឋទាំង៨គ្រួសារចោទថា អភិបាលស្រុកអូររាំងលោក សៀក មុន្នី និងជនខិលខូចមួយចំនួនបានឃុបឃិតគ្នារំលោភយកដីធ្លី និងបានលួចធ្វើប្លង់លើដីចំនួន៤.២ហិកតា ស្ថិតក្នុងភូមិពូវ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

បើតាម តំណាងពលរដ្ឋខាងដើម ពលរដ្ឋរងផលប៉ះពាល់ចំនួន៨គ្រួសារ បានកាន់កាប់និងអាស្រ័យផលជាក់ស្តែងលើដីនេះចាប់តាំងពីឆ្នាំ១៩៩៧ ពោលគឺមានរយៈពេល២៣ឆ្នាំមកហើយ និងបានដាំដំណាំកសិផលជាច្រើនមុខលើដីនោះផងដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២០ អភិបាលស្រុកអូរាំង និងបុគ្គលផ្សេងទៀតបានធ្វើប្លង់ដោយសម្ងាត់ និងបានចុះបញ្ជីដីនោះទៅជាប្រព័ន្ធក្នុងស្រុកអូររាំង។ នេះបើតាមលោក តេន។ ក្នុងនោះ លោក ម្លូស តេនបន្តថា ក្រោយពិនិត្យឃើញថា ដីធ្លីរបស់ពួកគេត្រូវបានចុះបញ្ជីរួចរាល់ ពលរដ្ឋទាំង៨គ្រួសារបានស្នើឱ្យមន្ត្រីសូរិយោដីពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណដែលមានឈ្មោះជាន់លើក្បាលដីរបស់ពួកគេ ក្រោយមកក៏រកឃើញថា លោកឧកញ្ញ៉ា ស្រី ចន្ទូជាម្ចាស់ក្បាលដីទាំងនោះ។  

បន្ថែមពីនេះ លោក ម្លូស តេន បានប្រាប់ថា ក្រោយពិនិត្យឃើញបែបនេះ អភិបាលស្រុកអូរាំងបានសន្យាថា នឹងធ្វើការកាត់ដីដែលមានបញ្ហា​មកឱ្យពលរដ្ឋទាំង៨គ្រួសារវិញ។ ប៉ុន្តែមុននឹងឈានដល់ការសន្យាបែបនេះ អភិបាលស្រុកអូររាំងបានបញ្ជាក់ថា នឹងស្វែងរកដីថ្មីដើម្បីដោះដូរជូន២គ្រួសារ និង៦គ្រួសារផ្សេងផ្តល់ជាសំណង។ តែយ៉ាងណា ទិដ្ឋភាពជាក់ស្តែង អភិបាលស្រុករូបនេះមិនបានឆ្លើយតបតាមការសន្យារបស់ខ្លួនពីមួយខែទៅមួយខែ និងបានគំរាមកំហែងចាត់វិធានការច្បាប់ ក៏ដូចជាបានរារាំងពួកគេមិនឱ្យមានការតវ៉ាថែមទៀត។ ដូច្នេះ ពលរដ្ឋទាំង៨គ្រួសារសម្រាប់ឡើងមកដាក់ញ្ញាតិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃ០៨ វិច្ឆិកា ក្នុងពិធីដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លោកបានណែនាំឱ្យមន្រ្តី ត្រូវបន្ត​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សេស​សល់ និង​ការ​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ដោះស្រាយ​បញ្ហាដី​សង្គមកិច្ច ហើយ​រាល់ការ​ដោះស្រាយ​ត្រូវមាន​ សុចរិតភាព​ និងអាចប្រើ​យន្តការ​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ។​

ក្នុងនោះ ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីគ្រប់រូបភាព ដោយមានតម្លាភាព និងស្អាតស្អំ ពិសសេលំនៅឋាន និងសិទ្ធិរបស់ជនជាតិដើមភាគតិច ទិសដៅដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ