អានតួអត្ថបទ
កម្ពុជា-ច្បាប់

របាយការណ៍៖ ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា នៅមានលក្ខណៈទន់ខ្សោយ

អង្គការ​តម្លាភាព​កម្ពុជា​នៅព្រឹក​ថ្ងៃ២៥​វិច្ឆិកានេះ​ បាន​បង្ហាញ​របាយការណ៍​សិក្សាថ្មី​មួយ​ ដែល​ពិនិត្យ​ឃើញថា​ យន្តការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​កម្ពុជា​ នៅមិន​ទាន់​មានភាព​រឹងប៉ឹង​នៅឡើយ​ ខណៈ​អ្នកសង្កេត​ការណ៍​មួយចំនួន​បាន​សម្តែង​ក្តីព្រួយ​បារម្ភថា​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ ត្រូវ​បានអនុវត្ត​ដោយ​ស្ថិត​ក្រោម​ការរើសអើង។​ ជុំវិញ​របាយការណ៍​នេះ​ លោក​ ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃអង្គការ​តម្លាភាព​កម្ពុជា​បាន​អះអាង​បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា​ ដើម្បី​ជា​ដំណោះស្រាយ​ដល់ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ឱ្យកាន់​មានភាព​ល្អប្រសើរ​ របាយការណ៍​បានផ្តល់​អនុសាសន៍​និងធាតុ​ចូលសំខាន់ៗ​មួយ​ដើម្បី​ឱ្យកម្ពុជា​ពង្រឹង​ខ្លួនបន្ថែមទៀត។​

អង្គភាពប្រឆាំងអំពើពុករលួយ (ACU)
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) © Internet
ផ្សាយពាណិជ្ជកម្ម

របាយការណ៍កម្រាស៧៤ទំព័រ ដែលជាការសិក្សារួមគ្នារវាងអង្គការសម្ព័ន្ធ UNCAC និងអង្គការតម្លភាពកម្ពុជា ពិនិត្យឃើញថា ទិសដៅ និងផែនការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជានាពេលបច្ចុប្បន្ន នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ទោះបីកម្ពុជាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយឱ្យប្រើប្រាស់ហើយយ៉ាងណាក្តី។

របាយការណ៍ស្តីពីការអនុវត្តបទប្បញ្ញត្តិបង្ការ និងស្ដារទ្រព្យសម្បត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនេះ បន្តទៀតថា ការអនុវត្តច្បាប់អំពើពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នរដ្ឋ នៅតែបន្តកើតមានបញ្ហារើសអើងដដែល។ បញ្ហាអើសរើសនេះ បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍ គឺអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានភារកិច្ចអនុវត្តវិធានការច្បាប់ និងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (NCAC) ដែលជាស្ថាប័នប្រឹក្សា ហាក់កម្របើក​ការ​ស៊ើបអង្កេតទៅលើសមាជិកនិង​មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ព្រម​ទាំង​មន្ត្រីក្នុងជួររដ្ឋាភិបាល ទោះបីមានការចោទប្រកាន់អំពី​អំពើពុករលួយរបស់​ពួក​គេ​ក៏ដោយ។ 

ដើម្បីដោះស្រាយបញ្ហាពុករលួយនៅកម្ពុជា អង្គការតម្លាភាពកម្ពុជា បានផ្ដល់​អនុសាសន៍​ជា​សកម្មភាពអាទិភាពមួយចំនួន ដើម្បីឱ្យកម្ពុជាឈានទៅទទួលជោគជ័យក្នុងការការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងឱ្យស្របតាមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធ UNCAC នៅកម្ពុជា ។ សកម្មភាពអាទិភាពទាំងអស់នោះរួមមាន៖ ការពង្រឹងឯករាជ្យភាព តម្លាភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ ដូចជា ការផ្តល់ព័ត៌មានដល់សាធារណជននូវបញ្ហាអំពើពុករលួយ ពង្រឹងភាពស្មោះត្រង់ចំពោះសាធារណជន ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនៃហិរញ្ញប្បទាននយោបាយ កែលម្អការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ទៅកាន់សាធារណជន សុចរិតភាពក្នុងប្រព័ន្ធតុលាការ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការលាងលុយកខ្វក់។

ជុំវិញរបាយការណ៍ខាងដើម លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា កម្ពុជានឹងអាចអនុវត្តយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយបានកាន់តែល្អប្រសើរជាងមុន នៅពេលដែលរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ យល់​ព្រម​ពិនិត្យ និងទទួល​យកអនុសាសន៍ដែលស្នើ​ឡើង​ដោយ​អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើល ។  

សូមជម្រាបថា នៅ​ក្នុង​ឆ្នាំ​២០២០ សន្ទស្សន៍វាយតម្លៃអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ បាន​ដាក់​ឲ្យ​កម្ពុជាឈរនៅលើលេខរៀង១៦០ ក្នុងចំណោមប្រទេសចំនួន១៨០នៅលើពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ