អានតួអត្ថបទ
កម្ពុជា-ច្បាប់

ករណីទន្រ្ទានព្រៃលិចទឹក៖ មន្ត្រីជាន់ខ្ពស់ចាប់ផ្តើមចុះពិនិត្យ ក្រោយទទួលបញ្ជាពីលោកនាយករដ្ឋមន្ត្រី

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ បានចេញ​មកព្រមាន​ពីករណី​មន្ត្រី​ក្រោម​ឱវាទ​មួយចំនួន​ ដែល​បាន​ទន្ទ្រាន​យកដី​ព្រៃលិច​ទឹក​នៅតំបន់​បឹងទន្លេសាប។​ ភ្លាមៗ​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន​ បាន​ចុះទៅ​អង្កេត​ដោយ​ផ្ទាល់​ក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង​ ដែល​គេរកឃើញ​ថារងការ​ទន្រ្ទាន​ធ្ងន់ធ្ងរ​ ដើម្បី​ស្រាវជ្រាវ​និងកំណត់​មុខសញ្ញា។​

លោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប
លោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារសំលេងក្តៅប្រមាណជាង២៣នាទី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មទៅលើករណីមន្ត្រីក្រោមឱវាទមួយចំនួន ដែលគ្មានទំនួលខុសត្រូវ ដោយបានបំពានយកដីព្រៃលិចទឹកក្នុងតំបន់ទន្លេសាប មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រតិកម្មខ្លាំងៗនេះ ធ្វើឡើងក្រោយពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា តំបន់ព្រៃលិចទឹកបឹងទន្លេសាប ជាពិសេសភូមិសាស្រ្តខេត្តកំពង់ឆ្នាំង បានរងការទន្រ្ទានយកមកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំឲ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួនធ្វើការកោះប្រជុំបន្ទាន់ដើម្បីចុះស៊ើបអង្កេតនិងកំណត់មុខសញ្ញា។ ក្នុងនោះក្រសួងពាក់ព័ន្ធដែលត្រូវទទួលបន្ទុកលើករណីនេះ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប។ ទន្ទឹមនេះក៏មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើរតួនាទីបង្រ្កាបនិងស្រាវជ្រាវ។

ដោយឡែកនៅព្រឹកថ្ងៃចន្ទនេះ ក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួន បានចុះទៅអង្កេតផ្ទាល់ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដែលមានការរកឃើញថា ករណីទន្រ្ទានមានសភាពធ្ងន់ធ្ងរ។ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ស្ថាប័នពាក់ព័ន្ធបានចុះមកពិនិត្យដើម្បីស៊ើបអង្កេតដោយផ្ទាល់ តែលោកមិនអាចបញ្ជាក់បានទេ ពីលទ្ធផលនៃការចុះអង្កេតផ្ទាល់នេះ ដោយលោកស្នើឲ្យសាកសួរទៅខាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ឯសម្រាប់កងរាជអាវុធលើផ្ទៃប្រទេស លោកអេង ហ៊ី បញ្ជាក់ថា នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំឲ្យកម្លាំងអាវុធនៃខេត្តពាក់ព័ន្ធទាំងអស់ចុះធ្វើការស្រាវជ្រាវនិងបង្រ្កាប។

ទោះយ៉ាងណាវិទ្យុបារាំងអន្តរជាតិ មិនទាន់អាចសុំការបញ្ជាក់ពីលោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានទេនៅព្រឹកនេះ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ តែក្រោយមានបទបញ្ជាម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី លោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ស្ថិតនៅខេត្តចំនួន៦ រួមមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។ ក្នុងសេចក្តីសម្រេចនៅថ្ងៃទី២៨វិច្ឆិកា ក្រុមការងារនេះមានភារកិច្ច ទទួលបន្ទុកតាមខេត្តសហការសម្របសម្រួលជាមួយ ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។

ជុំវិញករណីទន្រ្ទានយកដីព្រៃលិចទឹកនេះ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ត្រូវដកហូតយកមកវិញទាំងអស់នូវដីទាំងឡាយដែលត្រូវបានកាប់បំផ្លាញ។ ឯសម្រាប់ជនល្មើស ដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបើក្នុងករណីរកឃើញថា មានទ្រព្យសម្បត្តិដែលបានមកពីការទន្រ្ទានលើដីព្រៃលិចទឹកនោះ អង្គភាពប្រឆាំងពុករលួយត្រូវធ្វើការស្រាវជ្រាវនិងដករហូតយកទាំងអស់។

បើតាមលោកហ៊ុន សែន ក្រោយការបង្រ្កាប តំបន់ព្រៃលិចទឹកត្រូវតែដាំដើមឈើឡើងវិញ ដើម្បីទុកជាជម្រកឲ្យត្រីពងក្នុងតំបន់ទន្លេសាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ