អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាផ្អាកទទួលអ្នកដំណើរពីបណ្តាប្រទេសចំនួនដប់នៃទ្វីបអាហ្វ្រិក ក្នុងរបត់វីរុសកូវីដ-១៩បំប្លែងថ្មីកំពុងសាយភាយ

កម្ពុជា​សម្រេច​ផ្អាក​ទទួល​អ្នកដំណើរ​ ឬអ្នក​ដំណើរ​ដែលបាន​ឆ្លងកាត់​ប្រទេស​ចំនួន​១០ក្នុង​ទ្វីបអាហ្វ្រិក​ជាបណ្តោះអាសន្ន​ ក្រោមមូល​ហេតុនៃ​ការសាយភាយ​វីរុសកូវីដ-១៩​ ប្រភេទ​បំប្លែងថ្មី​ «អូមីក្រុង»។​ ប្រឈម​នឹងបញ្ហា​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បានបញ្ជាក់ថា​ ក្រសួង​បានត្រួត​ពិនិត្យ​លើច្រកចេញ​ចូលយ៉ាង​តឹងរឹង​ ដើម្បី​បញ្ចៀស​ហានិភ័យណាមួយ​កើតមានឡើង។​

ភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបតំណាង)
ភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបតំណាង) © AP
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខបញ្ហាស្រួចស្រាល់ជាថ្មី នៃការសាយភាយជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទមិនទទួលអ្នកដំណើរ ឬអ្នកដែលធ្លាប់ឆ្លងកាត់ប្រទេសចំនួនដប់ ក្នុងទ្វីបអាហ្រិ្វក ក្នុងអំឡុងពេលបីសប្តាហ៍មុនមកដល់កម្ពុជា រួមមាន ប្រទេសបូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវ៉េ ម៉ាឡាវី អេនហ្គោឡា និងប្រទេសហ្សំប៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី២៩វិច្ឆិកា។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា លើសពីការបិទមិនទទួលអ្នកដំណើរពីបណ្តាប្រទេសចំនួនដប់នៃទ្វីបអាហ្វ្រិកជាបណ្តោះអាសន្ននេះ ក្រសួងបានរៀបចំឲ្យមានការត្រួតពិនិត្យនិងឃ្លាំមើលយ៉ាងម៉ត់ចត់នៅតាមច្រកចេញចូលនីមួយៗ ព្រោះថាការធ្វើបែបនេះ ដើម្បីធានាមិនឲ្យមានអ្នកដំណើរពីបណ្តាប្រទេសទាំងនោះបានចូលមកកម្ពុជា។

ជុំវិញបញ្ហានេះ លោកស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានប្រាប់ឲ្យដឹងដែរថា ជាទូទៅកម្ពុជាពុំសូវមានអ្នកដំណើរមកពីបណ្តាប្រទេសនៃទ្វីបអាហ្វ្រិកនោះទេ បើទោះជាមាន ក៏ជាអ្នកការទូត ឬអ្នកធ្វើការនៃអង្គការសហប្រជាជាតិផងដែរ។ ម្យ៉ាងវិញទៀត កម្ពុជាក៏មិនមានជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសទាំងនោះ ខណៈដែលអ្នកដំណើរគឺត្រូវផ្ទេរជើងហោះហើរនៅសិង្ហបុរី ឬកូរ៉េខាងត្បូង។

បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់សិង្ហបុរីក៏មានវិធានការក្នុងការហាមឃាត់ដូចកម្ពុជាដែរ។ ក៏ប៉ុន្តែសម្រាប់កូរ៉េខាងត្បូង នៅមិនទាន់ទទួលបានដំណឹងថាយ៉ាងណានោះទេ។ តែលោកស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា កូរ៉េខាងត្បូងក៏មានការតាមដានលើបញ្ហាយ៉ាងម៉ត់ចត់ដែរ។ ដូច្នេះកម្ពុជាពុំសូវព្រួយបារម្ភពីបញ្ហានៃការមកដល់របស់អ្នកដំណើរនៃបណ្តាប្រទេសទាំងដប់នោះទេ។

ទោះជាយ៉ាងណា ក្នុងរបត់នៃការសាយភាយកូវីដ-១៩ «អូមីក្រុង» អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន នៅតែបន្តទទូចឲ្យមានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការ «បីកុំ បីការពារ» ឲ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែមកទទួលយកវ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១និងទី២ រួមនឹងដូសជំរុញ ដើម្បីកាត់បន្ថយអត្រាឆ្លងនិងមរណៈ។

បើតាមការពន្យល់របស់លោកស្រី ឱ វណ្ណឌីន ទោះបីជាវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីយ៉ាងណាក្តី ក៏ប៉ុន្តែវ៉ាក់សាំងនៅតែសក្តានុពលមួយ ក្នុងការការពារសុខភាពសាធារណៈ ដ្បិតវីរុសដែលបំប្លែងទាំងនោះ ស្ថិតក្នុងអម្បូរ កូវីដ-១៩តែមួយ។

សូមបញ្ជាក់ជូនថា មេរោគ​បំប្លែង​ខ្លួន​ថ្មី​ ឈ្មោះ «អូមីក្រុង»  ត្រូវ​​គេ​​រក​ឃើញ​​នៅ​​អាហ្វ្រិក​​ខាង​​ត្បូង​ និង​ដែល​​បាន​ចម្លង​ទៅដល់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​ប្រទេសខ្លះ ក្នុង​តំបន់​ដើមបូព៌ា។ ហើយ​នៅតំបន់​​អាស៊ី គេ​រកឃើញ​មាន​ករណី​ឆ្លង​មេរោគកូវីដ​បំប្លែង​ខ្លួន​ «អូមីក្រុង» នេះ នៅ​ហុងកុង។ ទាំងអង្គការសុខភាពពិភពលោក ទាំងក្រសួងសុខាភិបាល សុទ្ធតែបង្ហាញការព្រួយបារម្ភ ដ្បិតការឆ្លងរបស់ «អូមីក្រុង» មានសភាពរហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ