អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋមន្ត្រីការពារជាតិឡាវស្នើកម្ពុជាបង្កើតក្រុមការងារទំនាក់ទំនងតាមព្រំដែនកម្ពុជា-ឡាវ ដូចកម្ពុជា-ថៃដែរ

ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិឡាវ​ នាព្រឹក​ថ្ងៃអង្គារនេះ​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានថា​ ភាគីឡាវ​បានស្នើរ​ឲ្យកម្ពុជា​បង្កើត​ក្រុមការងារ​ទំនាក់ទំនង​តាមព្រំដែន​ ដើម្បីផ្លាស់ប្តូរ​ព័ត៌មាន​រវាងសមត្ថកិច្ច​តាមព្រំដែន​នៃប្រទេស​ទាំងពីរ​ ដូចអ្វី​ដែលកម្ពុជា​បានធ្វើជាមួយ​ថៃដូច្នោះដែរ។​ លោក​ ទៀ​ បាញ់​ បញ្ជាក់​ថាទំនាក់ទំនង​ដែលមាន​ស្រាប់​រវាងកងទ័ព​កម្ពុជា​ និងឡាវ​ កន្លង​មកត្រូវ​បាន​អាក់ខាន​ ដោយសារ​តែវិបត្តិ​នៃជំងឺកូវីដ-១៩។​ ហេតុដូច្នេះហើយ​ លោក​ ទៀ បាញ់​ បាន​បញ្ជាក់​បន្ថែម​ថាកម្ពុជា-ឡាវ​ ក៏បាន​ជំរុញឲ្យ​បង្កើននូវ​ទំនាក់ទំនង​រវាង​មន្ដ្រីមូលដ្ឋាន​ ដោយ​ត្រូវជួបគ្នា​ជាអចិន្ដ្រៃយ៍​ យ៉ាងហោចណាស់​ក៏២ដក្នុងមួយឆ្នាំដែរ​ ដើម្បីផ្លាស់ប្ដូរ​ទំនាក់ទំនងគ្នា​ នៅពេល​ស្ថានភាព​ជំងឺកូវីដ-១៩​ ធូរស្រាល​ទៅវិញ។​

នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ © សហការី
ផ្សាយពាណិជ្ជកម្ម
01:58

សូមស្តាប់ប្រសាសន៍លោក ទៀ បាញ់៖

សូមបញ្ជាក់ថាកង​ទ័ពកម្ពុជា-ឡាវ ធ្លាប់បាន​ប្រឈម​មុខ​ដាក់​គ្នា​ ជាច្រើនលើកមកហើយ ចាប់តាំងពីឆ្នាំ ២០១៧មក។ យោធា​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងមេដឹកនាំឡាវបានចល័តទៅមករកគ្នា ដើម្បីពិភាក្សាកំរិតខ្ពស់ជុំវិញបញ្ហាព្រំដែននេះ។ នៅ​ក្នុង​ជំនួបដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មេ​ដឹក​នាំកម្ពុជា-ឡាវ បាន​ឯកភាព​គ្នាថា ​សរសេរ​លិខិតផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង ឲ្យមក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាមបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេស​សល់​ប្រមាណ​ជា​១៦%​ទៀត​។ ការប្រឈមមុខដាក់គ្នាខាងយោធាផ្សេងទៀត គឺបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលកាលណោះ កង​ទ័ព​ឡាវ​បាន​លើក​គ្នា​ចូល​មក​កាន់​កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេ​រពៅ​ ដោយ​សំអាង​ថា ​ជា​ទឹក​ដី​របស់​គេ​។ ​ក៏ប៉ុន្តែភាគីកម្ពុជា-ឡាវ បានចរចាគ្នាឲ្យដកទៅឈរជើងនៅស្ថានភាពដើមរៀងៗខ្លួន ខណៈដែលអាវុធយុទ្ធភ័ណ្ឌនិងកងទ័ពបានត្រៀមលក្ខណៈរួចជាស្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ