អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នឹងបើកដំណើរការឡើងវិញនៅចុងខែធ្នូ ឆ្នាំ២០២១នេះ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅព្រឹក​ថ្ងៃ​ទី០១​ ធ្នូ​នេះ​បាន​អះអាងថា​ ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ និង​ច្រក​ព្រំដែន​ខេត្តបាត់​ដំបង​ជាប់ជា​មួយខេត្ត​ស្រះកែវ​ នឹង​គ្រោង​បើក​ដំណើរ​ការ​ឡើងវិញ​នាចុង​ខែធ្នូ​ ឆ្នាំ​២០២១​ខាងមុខនេះ។​ ការ​បញ្ជាក់​បែបនេះ​ ក្រោយ​ភាគី​ទាំងពីរ​ កម្ពុជា-ថៃ​បាន​ពិនិត្យ​ឃើញថា​ អត្រា​ការឆ្លង​មេរោគ​កូវីដ១៩​នៅក្នុង​ខេត្ត​នៅតាម​ច្រក​ព្រំដែន​មានសភាព​ធូរស្រាល​ជាងមុន។​ លោក​ ងោ ម៉េង ជ្រួន​ អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ​បានលើក​ឡើងថា​ ក្នុង​អំឡុង​ពេលបើក​ច្រកព្រំដែន​ ភាគី​ទាំងពីរ​នឹង​ពង្រឹង​នូវ​វិធានការ​សុខាភិបាល​ឱ្យបាន​តឹងរឹង​បន្ថែមទៀត។​

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ (រូបតំណាង)
ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ (រូបតំណាង) © កាសែតបាងកកប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម

លោក ងោ ម៉េងជ្រួន អភិបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០១ ធ្នូនេះបានបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់និងច្រកព្រំដែនខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែនធំ​ និងសំខាន់សម្រាប់ដោះដូរទំនិញនោះ នឹងត្រៀមបើកដំណើរការឡើងវិញនៅចុងខែធ្នូឆ្នាំ២០២១នេះ។ ការបើកនេះ ក្រោយពិនិត្យឃើញថា ស្ថានភាពជំងឺកូវីដ១៩នៅតាមតំបន់ច្រកព្រំដែនមានសភាពធូរស្រាល។  ក្នុងនោះ លោក ងោ ម៉េងជ្រួនបន្តថា ក្រៅតែពីច្រកអន្តរជាតិប៉ោយប៉ែត ច្រកព្រំដែនខេត្តបាត់ដំបងដែលជាប់នឹងខេត្តស្រះកែវ ក៏នឹងគ្រោងបើកឡើងវិញនៅពេលតែមួយផងដែរ។

ការបញ្ជាក់បែបនេះពីអភិបាលរងខេត្តខេត្តបន្ទាយជ័យធ្វើឡើងក្រោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានពិភាក្សាគ្នាជាមួយអាជ្ញាធរខេត្តស្រះកែវ កាលពីថ្ងៃទី២៥ វិច្ឆិកាកន្លងទៅ​ដើម្បីពិនិត្យ ស្វែងរកវិធីសាស្រ្តក្នុងការបើកច្រកព្រំដែនឡើងវិញ។ ក្នុងនោះ ភាគីកម្ពុជាក៏បានដាក់លិខិតផ្លូវការឱ្យភាគីថៃដើម្បីពិនិត្យ ជំរុញលទ្ធភាពឱ្យអាជ្ញាធរខេត្តស្រះកែវបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញ ខណៈច្រកព្រំដែនរបស់កម្ពុជាមិនមានការបិទអ្វីនោះទេ ពោលគឺបើកជាធម្មតា។

បើតាម លោក ងោ ម៉េងជ្រួន នៅពេលច្រកព្រំដែនបើកដំណើរការឡើងវិញ នោះការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋរវាងប្រទេសទាំងពីរនឹងមានភាពងាយស្រួល ជាពិសេសមិនប្រឈមការឆ្លងដែនខុសច្បាប់ថែមទៀត។ ស្របពេលដែលវិធានការសុខាភិបាល​នឹងត្រូវរឹតបន្តឹង ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

ជុំវិញផែនការបើកច្រកព្រំដែននេះ លោក នុតតាឆៃ ណាំផុនសុខសាន្ត​ អភិបាលរងខេត្តស្រះកែវបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា អាជ្ញាធរខេត្តស្រះកែវកំពុងសុំគោលការណ៍ពីខាងរដ្ឋាភិបាលថៃ និងរងចាំការសម្រេចនូវសំណើរដែលកម្ពុជាបានស្នើ។ លោកនុតតាឆៃ ណាំផុនសុខសាន្ត​  បន្តថា ភាគីថៃ នឹងព្យាយាមពន្លឿន ការបើកច្រកព្រំដែនឡើងវិញ ដោយមិនឱ្យហួសពីអំឡុងខែធ្នូនោះទេ។ ពីព្រោះថា ការពិភាក្សាគ្នាកាលពីថ្ងៃទី២៥ វិច្ឆិកាកន្លងទៅ ភាគីទាំងពីរបានយល់ព្រមសំណើរបើកច្រកព្រំដែនអន្តរជាតិ និងច្រកព្រំដែនដែលជាប់ជាមួយខេត្តស្រះកែវរួចរាល់ហើយ។ បើតាម អភិបាលរងខេត្តស្រះកែវរូបនេះ ក្រោយសេចក្តីសម្រេចពីរដ្ឋាភិបាលថៃ អាជ្ញាធរខេត្តស្រះកែវនឹងផ្តល់ដំណឹងនេះទៅកាន់អាជ្ញាធរកម្ពុជាជាក់ជាមិនខាន។

សូមជម្រាបថា ព្រំដែន​កម្ពុជា​-​ថៃ បាន​បើក​ឲ្យ​មាន​ការ​ដោះដូរ​ទំនិញ​ជា​ធម្មតា។ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ធម្មតា​ឡើង​វិញ​សម្រាប់ប្រជាពលរដ្ឋ ​នៅ​មិន​ទាន់​អនុញ្ញាត​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ