អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ថេង សាវឿន៖ កសិករស្លូតត្រង់​កំពុង​រងគ្រោះពីការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប

លោក ថេង សាវឿន ​ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC) តាមរយៈវិទ្យុបារាំងអន្តរជាតិ​នារសៀលថ្ងៃ​ទី​៣ធ្នូនេះ បានអោយដឹង​ថា កសិករ​ជាច្រើនគ្រួសារ​ដែល​បាន​ជួលដីធ្វើស្រែពីជនទន្ទ្រានដី​លិចទឹកខុសច្បាប់នៅ​បឹងទន្លេសាប កំពុងទទួល​រងផលប៉ះពាល់​ជីវភាព​រស់​នៅ​​ធ្ងន់ធ្ងរ​​​​ពីការបង្ក្រាបរបស់    សមត្ថកិច្ច​។ ​​បើតាម​លោក ថេង សាវឿង នៅ​មុនពេល​ចុះបង្ក្រាប​ រដ្ឋាភិបាលគួរទុកពេលអោយ​កសិករ​ដែល​ប៉ះពាល់ ប្រមែប្រមូលស្រូវ​​​​សិន​ ខណៈ​ពួកគេ​កំពុង​ជួប​វិបត្តិជំពាក់បំណុលធនាគារ។

ទិដ្ឋភាពនៃបឹងទន្លេ​សាប
ទិដ្ឋភាពនៃបឹងទន្លេ​សាប © Internet
ផ្សាយពាណិជ្ជកម្ម

ជុំវិញ​ការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប​របស់​រដ្ឋាភិបាល ​កសិករ​ជា​ច្រើន​គ្រួសារ​កំពុង​ប៉ះពាល់​​​ធ្ងន់ធ្ងរ​ ដោយសារ​ពួកគេ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​​ដើម្បី​យក​មក​ទិញ​ជី​ សម្ភារៈ​កសិកម្ម​​ យក​មក​ធ្វើ​ស្រែ​នៅ​លើ​ដី​ដែល​ជួល​ពី​​អ្នក​ទន្ទ្រាន​ជា​មន្ត្រី​មាន​អំណាច។ នេះ​ បើតាម​លោក​ ថេង​ សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ធ្នូ​នេះ។ និង​ថា​ កសិករ​ទាំង​នោះ ​ភាគ​ច្រើន​គឺជា​ជនរង​គ្រោះ​ស្លូត​ត្រង់​ មិន​បាន​ដឹង​ព័ត៌មាន​ឬ​ប្រវត្តិ​ដី​ខុស​ច្បាប់​នោះ​ទេ​។ 

ជា​យោបល់​របស់​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​រូប​នេះ​ ចំណាត់​ការ​ដក​ហូត​ដី​ធ្លី​ខុស​ច្បាប់​​គឺនៅ​តែ​បន្ត​ធ្វើ​ដដែល​​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​គប្បីទុកពេលអោយកសិករដែលប៉ះពាល់ ប្រមូលផល​ស្រូវរួចរាល់សិន ។ និងថា អាជ្ញាធរ​គួរ​អោយជនល្មើស​ពិតប្រាកដ​ សងប្រាក់​​ខាត់បង់​ត្រឡប់ទៅកសិករក្រីក្រវិញ​ផងដែរ។

លោក ច័ន្ទ​ សុផល អ្នកស្រាវជ្រាវ និង​នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយនៅថ្ងៃទី​៣ធ្នូនេះ បានអោយដឹងដែរ​ថា ប្រជាកសិករ​ជាច្រើនគ្រួសារកំពុងរងគ្រោះ​​ ដោយ​ការបង្ក្រាប​ការទន្ទ្រាន​ដីព្រៃលិចទឹកបឹងទន្លេសាបនៅតាមបណ្តាខេត្តពាក់ព័ន្ធទាំង​៦​។ បើតាមប្រភព​ព័ត៌មាន​មិនបញ្ចេញឈ្មោះរបស់​លោក ច័ន្ទ​ សុផល នៅក្នុងខេត្តកំពង់ធំ មានកសិករ១ពាន់គ្រួសារកំពុងរងគ្រោះពីការជួលដីធ្វើស្រែពីជនទន្ទ្រានដី លើផ្ទៃដីប្រមាណ១ម៉ឺនហិកតា ដែលជាសរុបគឺបាត់បង់ចំណូលដល់ទៅ ១០លានដុល្លារឯណោះ​។ និងថា ពួកគេភាគច្រើន កំពុង​ផុងខ្លួនចូលក្នុងបំណុល​វ័ណ្ឌកថែមទៀត។

ជុំវិញនឹងបញ្ហានេះ នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ​រូបនេះ បាន​អះអាងថា​ លោកនឹង​ធ្វើការសិក្សាលម្អិត​បន្ថែម​ទៀត។ លោកក៏​អំពាវនាវ​អោយរដ្ឋាភិបាល​​មានការសិក្សាវាយតម្លៃបរិស្ថាន និង​សង្គមសេដ្ឋកិច្ចច្បាស់លាស់បន្ថែម ​ជុំវិញការកំណត់តំបន់ ៣នៅជុំវិញបឹងទន្លេសាប។

គួរអោយដឹងដែរថា លោក សេង ឡូត ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ដែន​ដី នគរូបនីយ​កម្ម ​និង​សំណង់ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​លើ​ការ​ទន្រ្ទាន​ដី​ព្រៃ​បឹង​ទន្លេសាប​នេះ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី​៣ធ្នូថា ក្រុមការងារកំពុងចុះពិនិត្យ​ និងធ្វើជាផែនទីបង្ហាញពីទីតាំង​និងទំហំ​ដីព្រៃលិចទឹកដែលបានទន្ទ្រៀន​​ច្បាស់លាស់ក្នុងពេលខាងមុខ​។ បើតាម​​លោក ​សេង ឡូត គិតត្រឹម​ពេលនេះ ​តួលេខផ្លូវការជំហាន​ដំបូង​នៃ​ការ​ស្រាវ​ជ្រាវ​កំណត់​អត្ត​សញ្ញាណ​ដី ​និង​អ្នក​កាន់​កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ​សរុបបាន ​២១០០ហិកតា​។ លោកថា​ គណៈកម្មការអន្តរក្រសួងកំពុងស្នើកាត់និងប្រគល់ដីនោះមកជាសម្បត្តិ​រដ្ឋវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ