អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

អាកាសចរណ៍ស៊ីវិលកម្ពុជា៖ ភ្ញៀវបរទេសកើនឡើង១៥២% ក្រោយក្រុមហ៊ុនអាកាសចរណ៍ត្រឡប់មកធ្វើប្រតិបត្តិការឡើងវិញ

រដ្ឋលេខាធិការ​អាកាស​ចរណ៍​ស៊ីវិល​នៅ​ថ្ងៃ​ទី​០៥ ធ្នូ​បាន​អះអាង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ចំនួន​៧​បាន​ត្រឡប់​មក​ធ្វើប្រតិបត្តិការ​ហោះ​ហើរមក​កាន់​កម្ពុជា​ឡើង​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​កំណើន​អ្នក​ដំណើរ​បរទេស​បាន​កើន​ឡើង​រហូត​ដល់​៦០០​នាក់ក្នុង​មួយ​ថ្ងៃ។ លោក ស៊ិន​ ចាន់សេរីវត្ថា ​អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិកា​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​បាន​បញ្ជាក់​ថា ​ដើម្បី​បន្ត​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​ និង​បរិមាណ​ជើង​ហោះ​ហើរ​មក​កម្ពុជា​បន្ថែម​ទៀត​ អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​កំពុង​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុនអាកាស​ចរណ៍​ធំៗ​ចំនួន​៣ ​ឱ្យ​រៀប​ចំ​ជើង​ហោះ​ហើរ​ឡើង​វិញ​។

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ © FB/Cambodia Airport
ផ្សាយពាណិជ្ជកម្ម

លោកស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃ១៥ វិច្ឆិកា ឆ្នាំ២០២១ វត្តមានក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១ បានចាប់​ផ្ដើម​ធ្វើប្រតិបត្តិការហោះហើរឡើងវិញជាមួយកម្ពុជា។ ក្រុមហ៊ុនទាំង៨នេះ រួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines, Bangkok Airways, Thai Air Asia, Thai Smile Airways, Philippines Airlines, Cathay Pacific Airways និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lanmei Airlines។ 

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យអាកាសចរណ៍រូបនេះ​ ជើងហោះហើរសរុបដែលកំពុងធ្វើប្រតិបត្តិការជាមួយកម្ពុជា គិតត្រឹមដើមខែធ្នូនេះ បានបន្តហក់ឡើងក្នុងចន្លោះ១៦ភាគរយក្នុងមួយសប្តាហ៍ ពោលគឺកើនឡើងពីចំនួន៣៧ជើងក្នុងមួយសប្តាហ៍ ដល់ចំនួន៤៣ជើងក្នុងមួយសប្តាហ៍។

ដោយឡែក ចំពោះវត្តមានអ្នកដំណើរបរទេសចូលមកកម្ពុជាតាមរយៈផ្លូវអាកាសវិញ លោកស៊ិន ចាន់សេរីវត្ថា ឲ្យ​ដឹង​ថា អ្នកដំណើរបរទេសនៅតែបន្តមានកំណើន​ល្អប្រសើរច្រើន។ សិ្ថតិដឹកជញ្ចូនពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បង្ហាញ​ថា ចំនួនអ្នកដំណើរបរទេសចូលមកកម្ពុជា បន្តហក់ឡើងពីចន្លោះ៦០០ ដល់៧០០នាក់ក្នុងមួយថ្ងៃ ដោយបូករួមទាំងទេសចរណ៍វ៉ាក់សាំងផងដែរ។ ក្នុងនោះ គិតត្រឹមខែវិច្ឆិកាតែមួយ របាយការណ៍បានបង្ហាញថា ភ្ញៀវបរទេសបរទេសមានចំនួន១២,៨១២នាក់ ដោយកើនឡើង១៥២%។

សម្រាប់ទិសដៅបន្ទាប់ រដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិលក៏កំពុងបន្តជម្រុញ និងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំមកពីមជ្ឈឹមបូព៌ាមួយចំនួនថែមទៀតឲ្យ​ត្រឡប់​មក​ធ្វើ​ប្រតិបត្តិការ​មក​កម្ពុជា​វិញ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Emirates, Qatar Airways​, Etihad Airway និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនជាដើម។

បើតាមលោក ស៊ិន ចាន់សេរីវត្ថា កម្ពុជារំពឹងថាលំហូរភ្ញៀវទេសចរបរទេស និងការភ្ជាប់ជើងហោះហើរឡើងវិញ នឹងបន្តកើនឡើងនៅក្នុងខែធ្នូ និងខែមករាខាងមុខ ប្រសិនបើមេរោគបំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» មិនបង្កបញ្ហាដល់ពិភពលោក និងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ