អានតួអត្ថបទ
កម្ពុជា-ព្រៃឈើ

ករណី​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក៖ អាជ្ញាធរ​ខេត្ត​ពិបាក​វាស់​វែង​ឱ្យ​បាន​សុក្រឹត ដោយ​សារ​ទឹក​មិន​ទាន់​ស្រក

ចំណាត់ការ​ស្រាវជ្រាវ​និង​បង្រ្កាប​បទល្មើស​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេ​សាប ​នៅ​តែ​បន្ត​ធ្វើ​ឡើង​ គិត​ចាប់​តាំង​ពី​មាន​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​២៨​វិច្ឆិកា​មក​។ ទោះ​យ៉ាង​ណា ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ ទិន្នន័យ​ដែល​បាន​រក​ឃើញ​មក​ហើយ​នោះ​ នៅ​ជា​តួលេខ​បឋម​នៅឡើយ ​ព្រោះ​ថា​នៅ​ពេល​នេះ​ទឹក​នៅ​មិន​ទាន់​ស្រក ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​វាស់​វែង​។

ទិដ្ឋភាពនៃបឹងទន្លេ​សាប
ទិដ្ឋភាពនៃបឹងទន្លេ​សាប © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​លោក​ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប​ បាន​បញ្ជាក់​ថា ​អាជ្ញាធរ​ខេត្ត​ត្រូវ​រង់ចាំ​រហូត​ដល់​ទឹក​ស្រក​សិន​ ទើប​អាច​កំណត់​បាន​នូវ​ទំហំ​ផ្ទៃ​ដី​លិច​ទឹក​ដែល​ត្រូវ​បាន​ទន្រ្ទាន​នោះ​។ តាម​លោក​ទៀ សីហា ​របាយការណ៍​បឋម​ដែល​ថា​ ក្នុង​ខេត្ត​សៀមរាប​ មាន​ការ​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ប្រមាណ ​១៩៧០​ហិកតា​នោះ ​នៅ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ ថា​អាច​មាន​លើស​នេះ​ ឬ​តិច​ជាង​នេះ​។ លោក​បញ្ជាក់​ទៀត​ថា ​អាជ្ញាធរ​នឹង​ចុះ​ត្រួត​ពិនិត្យ​ម្តង​ទៀត ​នៅ​ខែ​ក្រោយ​ បន្ទាប់​ពី​ទឹក​ចាប់​ផ្តើម​ស្រក​ទៅ​វិញ​។

នៅ​ទន្ទឹម​នេះ ​សម្រាប់​ចំណាត់​ការ​ទៅ​លើ​អ្នក​ដែល​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នោះ ​លោក​ទៀ សីហា ​បាន​អះអាង​ថា​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​មក​សារភាព ​ហើយ​ករណី​ខ្លះ​ទៀត​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ​ដែរ​។ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ចេញ​មក​សារភាព​ លោក​អះអាង​ថា​ អាជ្ញាធរ​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ដៃ​តុលាការ​តែ​ម្តង​ ពេល​ស្រាវ​ជ្រាវ​រក​ឃើញ​។

ពី​ខេត្ត​ពោធ៍សាត់​ឯណោះ​វិញ​ លោក​ជាវ តាយ ​ជា​អភិបាល​ខេត្ត ​បាន​បញ្ជាក់​ថា ​ជា​តួលេខ​ខេត្ត​ពោធិ៍សាត់​ មាន​ករណី​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ប្រមាណ ​៤៤៣៤​ហិក​តា​ ដែល​ក្នុង​នោះ​ប្រមាណ​ជាង​២៦០០​ហិកតា ​កើត​មាន​មុន​ឆ្នាំ​២០១២ ​និង​ប្រមាណ​១៧០០​ហិកតា​ទៀត​ កើត​មាន​ក្រោយ​ឆ្នាំ​២០១២​មក​។ ទោះ​យ៉ាង​ណា​ផ្ទៃ​ដី​ប្រមាណ ​៤៤៣៤​ហិកតា​ នៅ​ជា​តួ​លេខ​បឋម​នៅ​ឡើយ​នោះ​ទេ​ ខណៈ​ដែល​អភិបាល​ខេត្ត​រូប​នេះ ​គូស​បញ្ជាក់​ថា​ អាជ្ញាធរ​នឹង​ប្រជុំ​បូក​សរុប​តួលេខ​នៅ​សប្តាហ៍​ក្រោយ​។

យ៉ាង​ណា​ក៏​ដោយ ​ទាំង​អភិបាល​ខេត្ត​សៀមរាប​ ទាំង​អភិបាល​ខេត្ត​ពោធ៍សាត់ ​សុទ្ធ​តែ​បាន​អះអាង​ថា​ អាជ្ញាធរ​នៅ​បន្ត​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​អាស្រ័យ​ផល​ លើ​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​នោះ​ជា​មុន​សិន​។ បើ​តាម​ការ​បញ្ជាក់ ​អាជ្ញាធរ​នឹង​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រមូល​ផល​រួច​ ទើប​ធ្វើការ​ដកហូត​ដី​ទាំង​នោះ​ត្រលប់​មក​វិញ​។

គួរ​បញ្ជាក់​ថា​ ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ការ​ទន្រ្ទាន​យ៉ាង​ធ្ងន់ធ្ងរ​ ក្រោយ​តែ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​ លោក​សុខ ទូច​ បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​។ បន្ទាប់​មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ ​វែក​មុខ​ជន​ល្មើស ​និង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ភ្លាមៗ​ក៏​មាន​មន្ត្រី​ខ្លះ ​និង​ប្រជាពលរដ្ឋ​ខ្លះ ​បាន​ចេញ​មក​សារភាព​ និង​ប្រគល់​ផ្ទៃ​ដី​ទាំង​នោះ​ឲ្យ​មក​អាជ្ញាធរ​គ្រប់គ្រង ​និង​ការពារ​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ