អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកជំនាញ៖ កម្ពុជានឹងគ្មានលទ្ធភាពប្រជែងទីផ្សារនាំចេញទំនិញអន្តរជាតិ ប្រសិនបើតម្លៃដឹកជញ្ចូននៅតែឡើងថ្លៃ

សមាគម​ភស្តុភារកម្ម​កម្ពុជា​នាព្រឹក​ថ្ងៃទី១៣​ ធ្នូ​បាន​អះអាង​ថា​ កម្ពុជា​អាច​នឹង​ប្រឈម​លទ្ធភាព​នៃកង្វះ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ប្រសិន​បើតម្លៃ​ដឹកជញ្ចូន​តាម​កប៉ាល់​នៅតែ​រក្សា​តម្លៃ​ថ្លៃដដែល។​ បើតាម​ លោក​ឧកញ៉ា ស៊ិន ចន្ធី​ ប្រធាន​សមាគម​ភស្តុភារកម្ម​កម្ពុជា​ បញ្ហា​ដែល​ធ្វើឱ្យ​ការដឹក​ជញ្ចូន​នៅតែ​មាន​តម្លៃ​ខ្ពស់​ដដែល​នេះ​ គឺដោយសារ​តែ​ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​ និង​បញ្ហា​ធនធាន​មួយ​ចំនួនទៀត។​

វិស័យដឹកជញ្ជូននៅកម្ពុជា (រូបតំណាង)
វិស័យដឹកជញ្ជូននៅកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ប្រធានសមាគមភស្តុភារកម្មកម្ពុជា​លោកឧកញ៉ាស៊ិន​ ចន្ធី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជានឹងអាចបាត់បង់សមត្ថភាពប្រកួតប្រជែងទីផ្សារដឹកជញ្ចូនទំនិញពីអ្នកផលិតក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសនាពេលខាងមុខបាន ប្រសិនបើតម្លៃដឹកជញ្ចូនរបស់កម្ពុជានៅតែជាបញ្ហាចោទដដែល ពោលគឺតម្លៃឡើងថ្លៃជាងបណ្តាប្រទេសជិតខាង។

បើតាមលោកឧកញ្ញ៉ា ស៊ិន ចន្ធី បញ្ហាដែលបង្កឱ្យតម្លៃដឹកជញ្ចូនឡើងថ្លៃជាងបណ្តាប្រទេសដ៏ទៃទៀតនាពេលនេះ ពីព្រោះថាកម្ពុជានៅមិនទាន់មានកំពង់ផែទឹកជ្រៅដែលអាចផ្តល់សមត្ថភាព និងវិសាលភាពធំចំពោះការចូលចតកប៉ាល់ដឹកទំនិញខ្នាតធំបាននៅឡើយទេ។​ ផ្ទុយទៅវិញ រាល់ទំនិញដែលដឹកចេញពីប្រទេសកម្ពុជា គឺត្រូវធ្វើការផ្ទេរបញ្ចូនទៅតាមប្រទេសក្នុងតំបន់មួយចំនួន ដើម្បីបន្តដឹកជញ្ចូនទៅកាន់ប្រទេសទិសដៅចុងក្រោយ។ បន្ថែមពីនេះ បញ្ហាកង្វះទូកុងតឺន័រ និងការ​ប្រើប្រាស់​រថយន្ត​ចាស់​ៗ បញ្ហាកង្វះ​ធនធានមនុស្ស បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ក្នុង​ការ​ដឹកទំនិញ​ជញ្ជូន​ក្នុងស្រុក ក៏ជាធាតុផ្សំដែលធ្វើឡើងការដឹកជញ្ចូនទំនិញចេញពីកម្ពុជានៅមានតម្លៃថ្លៃផងដែរ។​

សម្រាប់ លោកឧកញ្ញ៉ា ស៊ិន ចន្ធី បញ្ហាចោទទាំងអស់នេះ បានធ្វើឱ្យអ្នកផលិតក្នុងស្រុកជាច្រើន ត្រូវបង្វែរទិសដៅនាំចេញទំនិញរបស់ខ្លួន​ពីទីផ្សារធំៗមកត្រឹមទីផ្សារក្នុងតំបន់វិញដែលមានតម្លៃដឹកជញ្ចូនថោក។ ហើយបន្ថែមពីការផ្លាស់ប្តូរទិសដៅផ្គត់ផ្គង់ទំនិញនេះទៀតសោធ កម្ពុជាក៏នឹងអាចបាត់បង់ការស្រូបទាញលំហូរនៃអ្នកវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាមួយផ្នែកផងដែរ។  

តែយ៉ាងណា ប្រធានសមាគមភស្តុភារកម្ពុជារូបបានលើកឡើងថា ដើម្បីឱ្យបញ្ហាឡើងថ្លៃនៃការដឹកជញ្ចូនទំនិញរបស់កម្ពុជាមានភាពប្រដំប្រសងជាមួយប្រទេសជិតខាងបាន​ កម្ពុជាត្រូវតែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែទឹកជ្រៅ ពង្រឹងសមត្ថភាពតម្លៃដឹកជញ្ចូនក្នុងស្រុកឱ្យបានល្អប្រសើរឡើងវិញ ជាពិសេសដើម្បីឱ្យកម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់បាន ប្រធានសមាគមរូបនេះ​បានពន្យល់​ថា កម្ពុជា​គួរ​អនុវត្តនូវ​ប្រព័ន្ធ​អេកូឡូស៊ី​លើ​វិស័យ​ដឹក​ជញ្ជូន និង​រៀបចំ​មជ្ឈមណ្ឌល​ទទួល និង​បែងចែក​ទំនិញ​នៅ​តាម​តំបន់​សក្តានុពល​មួយ​ចំនួន​ជាដើម​។

ទោះបីជាយ៉ាងនេះក្តី បើតាមលោកឧកញ្ញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំអន្តរជាតិដែរថា បរិមាណនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ គឺមានសញ្ញាល្អប្រសើរដដែល​។ ក្នុងនោះ បើតាមលោកឧកញ៉ាលឹម ហេង ទំនិញដែលកម្ពុជានៅមានតែកំណើននៃការនាំចេញនោះគឺ ទំនិញផ្នែក វាយនភណ្ឌកាត់ដេរ និងផលិផលកសិកម្មជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ