អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ លើសពី ២,៤% នៃការរំពឹងទុក

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២១​នេះ ​មានលក្ខណៈ​ល្អប្រសើរ​ជាង​ការរំពឹង​ទុក​ ខណៈ​រដ្ឋាភិបាល​បាន​ព្យាករ​កន្លង​ទៅក្នុង​កំរិត​ ២,៤%​ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងវិល​ទៅរក​៧%​ ដូច​ដើមវិញ​នៅឆ្នាំ២០២៤។​ ការ​បញ្ជាក់​ដូច្នេះ​ បាន​ធ្វើឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ នៅក្នុង​សន្និសីទ​កាសែត​មួយនា​ព្រឹក​ថ្ងៃអង្គារ​នេះស្តីពី​«យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»​ ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល។​

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការព្យាករណ៍របស់រដ្ឋាភិបាលកាលពីពេលកន្លងទៅនេះ ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងកើនពីអវិជ្ជមានទៅ ២,៤% លែងត្រូវហើយ។ លែងត្រូវគឺដោយសារភាពជាក់ស្តែងមកដល់ពេលនេះ លោកអាចនិយាយបានថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ លើសពី ២,៤%។

តាមលោក ផាន់ ផល្លា សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនល្អប្រសើរចាប់ពីពេលនេះទៅ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

តួលេខរយៈពេល១១ខែឆ្នាំ២០២១នេះ បង្ហាញថាវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែដែរ គឺមានការកើនឡើងប្រមាណ៥៣%។

ជាមួយគ្នានេះ ការនាំចេញវិស័យកសិកម្ម ក៏មានការកើនឡើងច្រើនដែរ ដែលវិស័យកាត់ដេរ និងវិស័យកសិកម្ម បានដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈវិស័យអចលនទ្រព្យត្រូវបានវាយតម្លៃថាមិនមានឧបសគ្គធ្ងន់ធ្ងរ ដោយសារនៅតែមានសកម្មភាពទិញ លក់ ជាធម្មតា។

ជារួម លោក ផាន់ ផល្លា បានវាយតម្លៃថាក្រោយបើកប្រទេសឡើងវិញអស់ពេលជាង១ខែមកនេះ គឺសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរជាងមុន ខណៈកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ពាសពេញផ្ទៃប្រទេស។ លោកថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងត្រលប់មករកស្ថានភាពដើមវិញ គឺក្នុងរង្វង់៧%។

សូមរំលឹកថា កាលពីសប្តាហ៍មុន ធនាគារពិភពលោក(World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ថាមានកំណើន ២,២% ហើយរំពឹងថានឹងកើនដល់ ៤,៥% នៅឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ