អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កម្ពុជាបានបន្តរកឃើញករណីវីរុសបំប្លែងខ្លួនថ្មី«អូមីក្រុង»២ករណីបន្ថែមទៀត

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ​ធ្នូ​បាន​បន្ត​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​នាំ​ចូល​មេរោគ​បំប្លែង​ខ្លួន​ថ្មី​«អូមីក្រុង»​ចំនួន២​ករណី​បន្ថែម ​ទៅ​លើ​ស្ត្រី​ជនជាតិ​ចំនួន​២នាក់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​ និង​សហរដ្ឋអាមេរិក​។ ​ការ​ប្រកាស​រកឃើញ​២​ករណី​នេះ ​បាន​ធ្វើ​ឱ្យ​ចំនួន​ករណី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​«អូមីក្រុង»​សរុប​នៅ​កម្ពុជា​កើន​ឡើង​ដល់​៤​ករណី​គិត​ត្រឹម​រយៈពេល​មួយ​សប្តាហ៍​។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

មេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»ចំនួន២ករណីបន្ថែមទៀត ត្រូវបានក្រសួងសុខាភិបាលខ្មែរបញ្ជាក់ឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយនៅយប់ថ្ងៃទី១៨​ ធ្នូ ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានខាងដើមនេះ ករណីនាំចូលចំនួន២នាពេលនេះ ត្រូវបានក្រសួងសុខាភិបាល ប្រកាសរកឃើញទៅលើអ្នកដំណើរជាស្រ្តីជនជាតិខ្មែរចំនួន២នាក់ បន្ទាប់ពីបានបញ្ចូលវត្ថុសំណាករបស់ពួកគេទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងនេះ ដោយម៉ាស៊ីនPCR។

ក្នុងនោះ សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ករណីវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»ទាំង២ករណីនេះ គឺបានរកឃើញទៅលើស្ត្រីជនជាតិខ្មែរអាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងបូរីប៉េងហួតបឹងស្នោរ ដែលជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦​ធ្នូ។ ចំណែកមួយករណីទៀត កើតទៅលើស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ​​រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ​ គឺមានប្រវត្តិធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់ប្រទេសសាំងហ្គាពួរ រួចបន្តជើងហោះហើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧​ ធ្នូឆ្នាំ២០២១។

បើតាម ក្រសួងសុខាភិបាល​ ករណីទាំង២នេះ គឺជាករណីទី៣និងទី៤ បន្ទាប់ពីករណីដំបូងត្រូវបានប្រកាសរកឃើញនៅថ្ងៃទី១៤ ធ្នូ ទៅលើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ មានផ្ទៃពោះចំនួន១៥សប្តាហ៍ មានទីលំនៅក្នុងខេត្តស្វាយរៀង។  បន្ទាប់ពីស្ត្រីរូបនេះបានធ្វើដំណើរមកពីប្រទេសហ្គាណា តំបន់អាហ្វ្រិកខាងលិច និងដោយឆ្លងកាត់តាមទីក្រុងឌូបៃ រួចបន្តដំណើរមកទីក្រុងបាងកក និងបានមកកម្ពុជានៅថ្ងៃទី១២ ធ្នូ។  

ដោយឡែកករណីទី២ ក្រសួងសុខាភិបាលខ្មែរ បានរកឃើញទៅលើបុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងខណ្ឌដូនពេញ ដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ធ្នូ ក្រោយចាកចេញពីប្រទេសខេនញ៉ា តំបន់អាហ្វ្រិក ឆ្លងកាន់តាមទីក្រុងឌូបៃ រួចបន្តជើងហោះហើរមកទីក្រុងបាងកក​​ និងមកដល់កម្ពុជានៅថ្ងៃទី១៦ ធ្នូ។  ជាការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល អ្នកជម្ងឺទាំង៤នាក់ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងទីក្រុងភ្នំពេញ។

ជុំវិញការប្រកាសរកឃើញករណីមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននាពេលកន្លងមកក៏បានចេញមកបញ្ជាក់ឱ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកចំពោះមេរោគប្រភេទថ្មីនេះ ខណៈមេរោគបំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង» នៅមិនទាន់បង្កឱ្យមានករណីអ្នកជំងឺសម្លាប់ច្រើននៅឡើយនោះទេ ក្រៅតែពីអ្នកជំងឺម្នាក់ស្លាប់ក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ។  

សម្រាប់ លោកហ៊ុន សែន មេរោគប្រភេទថ្មី«អូមីក្រុង»​ នៅមិនទាន់កាចសាហាវដូចមេរោគប្រភេទ«ដែលតា»ដែលបានសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោកនោះទេ ខណៈដែលកម្ពុជាបានរកឃើញករណីមេរោគប្រភេទ«ដែលតា»ចំនួន១៩៩១០ករណី និងប្រភេទអាល់ហ្វាចំនួន៦៨៥១ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ