អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាប្រកាសប្រើប្រាស់ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នៅព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ​ បាន​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​និង​កម្មវិធី​ស្តារ​សេដ្ឋកិច្ច​ចេញ​ពីវិបត្តិ​កូវីដ១៩​ ដោយ​ផ្តោត​លើ​ការ​កែលំអ​ជន្ទល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​វិស័យ ៤​ធំៗ។​ ក្នុង​នោះ​ដែរ​ ក្រសួង​សេដ្ឋកិច្ច​ក៏បាន​ប្រកាស​បន្ត​អនុគ្រោះពន្ធ​ដល់​វិស័យ​ទេសចរណ៍​និង​អាកាសចរណ៍​ ក៏ដូចជា​ការបន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​​រហូត​ដល់ឆ្នាំ​ ២០២២។​

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុង​ពិធី​ប្រកាសដាក់​អោយអនុវត្ត​ជាផ្លូវការនូវ "ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣" នាថ្ងៃទី​២២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានអោយដឹងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់នៅក្នុងការទាញសេដ្ឋកិច្ចកម្ពុជាអោយមានកំណើនល្អមកវិញ​ បន្ទាប់ពី​​រងគ្រោះពីវិបត្តិកូវីដ១៩​​កន្លងមក។  ក្នុងន័យនេះ ជាក្របខណ្ឌយុទ្ធសាស្ត្រ រដ្ឋាភិបាល​នឹងផ្តោតលើការស្តារ និងជំរុញកំណើនលើវិស័យចំនួន​៤ រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យ​កម្មន្តសាលមិនមែនកាត់ដេរ។    

ទន្ទឹមនឹងការដាក់ចេញ​កិច្ចការចម្បងសម្រាប់​វិស័យ ៤​​ខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​អះអាង​ថា រដ្ឋាភិបាល​នឹង​នៅតែបន្តរក្សាលំនឹងជីវភាពរស់នៅរបស់​ប្រជាជន និងលំនឹ​ងសេដ្ឋកិច្ចរបស់វិស័យឯកជនដែលបាននិងកំពុង​រងគ្រោះពីវិប​ត្តិកូវីដ១៩ ​តាមរយៈការបន្តអនុវត្តវិធានការអន្តរាគមន៍ទាំង​ឡាយ​​ដែលត្រូវបានដាក់ចេញ ​១០ជុំ​រួច​មកហើយនោះ។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​នឹងបន្តអនុត្តកម្មវិធី​​ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ សម្រាប់រយៈពេល​៩ខែទៀត ​រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ចំពោះវិស័យ​ទេសចរណ៍​​និង​អាកាសចរណ៍​ដែលរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេវិញ​ រដ្ឋ​នឹងអនុគ្រោះ​ផ្នែកពន្ធ​ដល់ធុរកិច្ចបន្តទៀត សម្រាប់ឆមាសទី​១ ឆ្នាំ​២០២២​ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយ​កម្ពុជាត្រូវបាន​ប្រកាស​បើកពេញលេញឡើងវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១​​។

នៅក្នុង​ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារសេដ្ឋកិច្ចនេះដែរ រដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ​ ២៥០ លានដុល្លារអាមេរិក​នៅឆ្នាំ​២០២២ សម្រាប់​ផ្តល់ឥណ​ទានដោយ​ត្រង់​ពីធនាគារ សហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ដោយកំណត់អាត្រាការប្រាក់​បែបប្រកួតប្រជែង (៥ ដល់​៥.៥ភាគរយ) សម្រាប់វិស័យសំខាន់ៗ​ដូចជា កសិកម្ម និងអេកូទេសចរណ៍ជាដើម។

គួរជម្រាបជូនថា កាលពីសប្តាហ៍មុននេះ ក្រសួងសេដ្ឋកិច្ចបានដាក់ក្តីរំពឹងខ្ពស់ថាសេដ្ឋកិច្ចកម្ពុជា​នឹងវិលទៅរកស្ថានភាពដើមក្នុងរង្វង់ ៧% នៅឆ្នាំ២០២៤ ខណៈកំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១​នេះ​ នឹងងើប​​ខ្ពស់​ជាង​ការរំពឹង​ទុក​ ដែល​កាល​ពីពេល​កន្លង​មក​រដ្ឋាភិបាល​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​២,៤%​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ