អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ទីផ្សារកម្ចីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាក្នុងប្រទេសភូមានៅតែបន្តធ្លាក់ចុះ ក្រោយកង្វះតម្រូវការពីអ្នកកម្ចី

ធនាគារ​អេស៊ីដា​នៅព្រឹក​ថ្ងៃទី២២​ ធ្នូ​បាន​អះអាងថា​ តម្លៃ​ទីផ្សារ​កម្ចី​ឥណទាន​របស់​ខ្លួន​ក្នុង​ប្រទេស​ភូមា​នៅ​បន្ត​ដាំក្បាល​ចុះបន្តិច​បន្តូច​ បន្ទាប់​ពីតម្រូវ​ការ​កម្ចី​មីក្រូហិរញ្ញ​វត្ថុ​ធ្លាក់ចុះ​ ខណៈ​បរិមាណ​លក់​ភាគហ៊ុន​ចេញ​មាន​ចំនួន​ច្រើន​។ ការ​ធ្លាក់​ចុះសកម្មភាព​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​អេស៊ីលីដា​ក្នុង​ប្រទេស​ភូមា​ ត្រូវ​បាន​លោក​ អ៊ិន ចានី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីដា​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​បញ្ហា​កូវីដ១៩​ និង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ភូមាផ្ទាល់។​

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ ទីផ្សារកម្ចីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាក្នុងប្រទេសភូមា នៅតែបន្តធ្លាក់ចុះបន្តិចបន្តួច។ ការធ្លាក់ចុះនេះបន្ទាប់ពីបរិមាណអ្នកកម្ចីឥណទាន និងការធ្វើប្រតិបត្តិការកម្ចីរបស់អេស៊ីលីដាក្នុងប្រទេសភូមាត្រូវបង្អាក់បន្តិច។

ក្នុងនោះ លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានប្រាប់ឱ្យវិទ្យុបារាំងអន្តរជាតិដឹងថា បញ្ហាស្នូលសំខាន់ដែលពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃសកម្មភាពកម្ចីឥណទានហិរញ្ញវត្ថុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាក្នុងប្រទេសភូមានាពេលនេះ គឺដោយសារតែបញ្ហាកូវីដ១៩ ដែលប្រទេសភូមាកំពុងរងគ្រោះខ្លាំង​​ មិនមានលទ្ធភាពស្វែងរកកម្ចីឥណទាន និងបញ្ហាចម្បងមួយទៀតនោះ គឺវិបត្តិនយោបាយក្នុងប្រទេសភូមាផ្ទាល់ដែលវាបានបង្អាក់សកម្មភាពរបស់ប្រជាជនភូមាមិនអាចធ្វើសកម្មភាពកម្ចីប្រាក់ឥណទានដូចនាពេលកន្លងទៅ។

បើតាម​ លោកអ៊ិន ចាន់នី បរិមាណធ្លាក់ចុះនៃសកម្មភាពកម្ចីឥណទាននេះ គឺ​មិនមានការជាប់ពាក់ព័ន្ធជាមួយការធ្វើពហិការមិនប្រើប្រាស់ផលិតផលខ្មែរពីប្រជាពលរដ្ឋភូមានោះទេ។ ហើយបញ្ហាធ្លាក់ចុះនៃបរិមាណកម្ចីឥណទាននេះ ក៏មិនបានបង្កជាក្តីព្រួយបារម្ភណាមួយធ្ងន់ធរដល់ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាក្នុងប្រទេសភូមាឡើយ ស្របពេលដែលដំណើរការរបស់អេស៊ីលីដានៅភូមាមានស្ថានភាពល្អប្រសើរ។ បន្ថែមពីនេះ ប្រធាននាយកប្រតិបត្តិរូបនេះបញ្ជាក់ សកម្មភាពកម្ចីនេះនឹងវិលមករកភាពល្អប្រសើរឡើងវិញនាពេលខាងមុខ។

ជាការបញ្ជាក់បន្ថែម លោកអ៊ិន ចាន់នីបានលើកឡើងថា ទីផ្សារហ៊ុនរបស់ធនាគារអេស៊ីលីដាក្នុងផ្សារមូលបត្រកម្ពុជាក្នុងរយៈពេលជិត២សប្តាហ៍នេះ ហាក់មានបរិយាកាប្រែប្រួល និងសន្ទស្សន៍ទីផ្សារផ្លាស់ប្តូរបន្តិចបន្តួច។

សូមបញ្ជាក់ផងដែរថា មីក្រូហិរញ្ញវត្ថុអេស៊ីលីដាក្នុងប្រទេសភូមាមានទីតាំងចំនួន១៦សាខានៅរដ្ឋធានីយ៉ាងហ្កូន និងស្ថិតក្នុងទីក្រុង Bago ទីក្រុង Magway និងរដ្ឋ Mon ដែលបានផ្ដល់ឳកាសការងារឱ្យបុគ្គលិកសរុបទាំងអស់ ៥៥៣ នាក់។ ក្នុងនោះក៏មានបុគ្គលិកជនជាតិខ្មែរចំនួន ៧ នាក់ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ