អានតួអត្ថបទ
កម្ពុជា-សង្គម

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រកាន់ជំហរបន្តធ្វើកូដកម្ម ដោយមិនដាក់ពេលកំណត់

​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​រយៈ​ពេល​ ៧ថ្ងៃ​ជាប់ៗ​គ្នា​ នៅថ្ងៃ​ទី​២៤​ធ្នូ​នេះ​ បាន​ប្រកាស​​ប្រកាន់​ជំហរ​ បន្ត​ធ្វើកូដកម្ម​ដោយ​មិនដាក់​ពេល​កំណត់​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប។​ នៅចំពោះ​មុខក្រុមហ៊ុន​​យក្ស​​នេះ កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ ​បានថែមទាំង​ស្រែក​តាម​ក្បាល​ម៉េក្រូ​ថា​ ការ​​គម្រាម​កំហែង​សកម្មជន​ និង​សមាជិក​សហជីព​អំឡុង​ពេល​ធ្វើកូដកម្ម​ប៉ុន្មាន​ថ្ងៃនេះ​ គឺ​ជាការ​រំលោភ​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ។​

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម © FB
ផ្សាយពាណិជ្ជកម្ម

​​នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺ​មានកូដករ​ភាគច្រើន​ជាស្ត្រី ​កំពុងបន្ត​​​ធ្វើបាតុកម្មទាមទារអោយក្រុមហ៊ុនល្បែងនេះ​យល់​ព្រមទទួលយកបុគ្គលិក​ជិត ​៣០០​នាក់ មកធ្វើការវិញ។ បើតាមកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ លើកឡើងក្នុងសន្និសីទ​សារព័ត៌មាន ​នៅថ្ងៃទី​២៤ធ្នូ ជំហររបស់​​តំណាង​កម្មករនយោជិត​​ក្នុងការស្វែងរកដំណោះស្រាយ និងជំហរ​កូដករក្នុងការ​បន្ត​ធ្វើកូដកម្ម នឹងមិនផ្លាស់​ប្តូរនោះទេ​ ដរាបណា មានការដោះស្រាយ​អាចទទួលយកបាន។  

កញ្ញា ឈឹម ស៊ីថរ បានធ្វើការច្រានចោលទាំងស្រុង​អំពី​ការ​លើកឡើងរបស់មន្ត្រី​រដ្ឋាភិបាលមួយរូប​​​ថា ​កូដកម្មនេះជាការរៀបចំ​ចលនាបដិវត្តពណ៍។  អ្នកតំណាង​រូបនេះ ក៏​បាន​សម្តែងក្តីបារម្ភ​អំពីការគំរាមកំហែង​ដល់សកម្មជន​និងសមាជិកសហជីពអំឡុង​ពេលធ្វើកូដកម្មនេះដែរ។

គួរអោយដឹងដែរថា រយៈពេល​ ៣ថ្ងៃ ក្នុងដំណើរការចរ​ចារដោះស្រាយ​វិវាទការងារ ចាប់ពីថ្ងៃទី​២១ធ្នូ​មក គឺនៅបន្ត​ជាប់គាំងនៅឡើយ​ បើទោះជា មានការចរចារនៅសាលារាជធានីភ្នំពេញចំនួន​ ១លើក ក៏ដូចជាកិច្ចប្រជុំ​រៀបចំសម្របសម្រួល​ដោយ​គណៈកម្មាធិការ​ដោះស្រាយកូដកម្ម និងបាតុកម្ម​គ្រប់មុខសញ្ញាចំនួន ​២លើកមកហើយដែរ។ បើតាម​ក្រសួងការងារ គិតត្រឹមថ្ងៃទី​២៣ធ្នូ ក្នុងចំណោមបុគ្គលិកទាំង ​៣៦៥នាក់ គឺមាន ៨៥នាក់​ យល់​ព្រម​ទទួលការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ​​ ក៏ប៉ុន្តែ​ថៅកែ​​ត្រូវតែទទួលយកបុគ្គលិកដែលនៅ​សេសសល់ប្រមាណជិត​ ៣០០នាក់ មកចូលបម្រើការងារវិញសិន​​ ទើប​ពួកគេយល់ព្រម​។

ទាក់ទិននឹងការដោះស្រាយ​វិវាទការងាររាំរៃ​​នេះ អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិការ​ងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​មនុស្ស ​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) ​លោក ឃុន ថារ៉ូ ​យល់ឃើញថា ជាតាក់តិកក្នុងការពន្យារពេល ដើម្បីអោយកម្លាំងកូដកម្មថមថយទៅៗ និងជាការបង្ហាញពីចេទនាមិនស្មោះត្រង់​របស់ថៅកែ​​ក្នុងការ​ដោះស្រាយ។ ​ លោក ឃុន ថារ៉ូ បន្តថា ក្រុមហ៊ុនគួរពិចារណាចរចារអោយ​ស្របទៅតាមការស្នើរបស់​បុគ្គលិក ដយោងទៅលើ​លទ្ធភាព​ជាក់ស្តែង ខណៈដំណើរការសេវាកម្មខ្លួនអាចដំណើរការវិញបានហើយនោះ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ