អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍រំពឹងថា កំណើនភ្ញៀវទេសចរនឹងកើនខ្ពស់នាថ្ងៃឆ្លងឆ្នាំ ខណៈបន្ទប់ស្នាក់នៅជាង៨០%ត្រូវបានកក់រួចរាល់

ក្រសួងទេសចរណ៍​នៅព្រឹក​ថ្ងៃទី២៧​ ធ្នូ​បាន​បញ្ជាក់​ថា ​កំណើន​ភ្ញៀវទេសចរ​នឹង​បន្ត​កើន​ឡើង​ខ្ពស់​នាថ្ងៃ​ឆ្លង​ឆ្នាំខាង​មុខ​ ខណៈ​អត្រានៃ​ការ​កក់​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​ ផ្ទះ​សំណាក់​នៅតាម​បណ្តាខេត្ត​ជាគោលដៅ​ទេសចរណ៍​ធំៗ​មួយ​ចំនួន​បាន​បន្ត​កើន​ឡើង​ជាលំដាប់។​ ចំនួន​កើនឡើង​នោះ ​គឺ​បន្ទប់​ស្នាក់នៅជាង៨០%​ហើយ​ត្រូវ​បាន​ភ្ញៀវកក់​រួចរាល់។​ ក្នុង​នោះ ​លោក​ ជុក ជំនោរ​ អ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា​ ចរន្ត​លំហូរ​នៃកំណើន​ភ្ញៀវទេសចរ​នាថ្ងៃ​ឆ្លងឆ្នាំ​នឹង​អាច​កើន​ហួស​ពី​បណ្តា​ថ្ងៃ​កន្លងទៅ។​

ភ្ញៀវទេសចរណ៍ (រូបតំណាង)
ភ្ញៀវទេសចរណ៍ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងទេសចរណ៍លោកជុក ជំនោរ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គោលដៅទេសចរណ៍ធំៗដែលកំពុងតែស្រូបទាញនូវកំណើនភ្ញៀវទេសចរច្រើនជាងគេ សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនាពេលខាងមុខនេះគឺ បណ្តាខេត្តជាប់មាត់សមុទ្រ ខេត្តនៅភាគឦសាន្ត និងបណ្តាខេត្តនៅភាគពាយព្យ។

បើតាម លោក ជុក ជំនោរ ​ខេត្តនៅជាប់មាត់សមុទ្ររួមមាន៖​ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ដោយឡែក បណ្តាខេត្តដែលនៅប៉ែកឦសាន្តប្រទេសវិញមានដូចជា៖ ខេត្តមណ្ឌលគិរី និងរតនគិរី។ និងចុងក្រោយ បណ្តាខេត្តដែលស្ថិតនៅភាគពាយព្យរួមមានជាអាទិ៍៖ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងទេសចរណ៍ខាងដើម សម្រាប់ចំនួននៃការកក់បន្ទប់ស្នាក់នៅវិញ​ គិតមកត្រឹមថ្ងៃទី២៦ ធ្នូ ខេត្តជាគោលដៅសំខាន់ៗមួយចំនួនដូចជា ខេត្តកែប កំពត និងមណ្ឌលគិរី បរិមាណនៃកក់បន្ទប់ស្នាក់នៅ គឺមានកម្រិតខ្ពស់ពោលកើនឡើងដល់ជាង ៨០%។ ចំណែកឯ គោលដៅខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តរតនគិរី អត្រានៃការកក់បន្ទប់ស្នាក់នៅ ក៏ស្ថិតក្នុងចំនួនមួយខ្ពស់ផងដែរ។

បើតាមលោក ជុក ជំនោរ ក្រសួងទេសចរណ៍នឹងរៀបចំកន្លែងបោះតង់បន្ថែមទៀត ​សម្រាប់ទទួលភ្ញៀវទេសចរ ប្រសិនបើចំនួនបន្ទប់ស្នាក់នៅមិនអាចផ្គត់ផ្គង់បានគ្រប់តម្រូវការ។ និងថា ក្រសួងនឹងពិនិត្យតាមដានទៅលើផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច ជាពិសេសតម្លៃម្ហូបអាហារនៅតាមតំបន់កម្សាន្តនានា។

ជុំវិញកំណើននៃការកក់បន្ទប់ស្នាក់នៅនេះ លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ទិដ្ឋាភាពបែបនេះបានបង្ហាញនូវក្តីសង្ឃឹមកាន់តែខ្ពស់ចំពោះម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ក្រោយពួកគេបានផ្អាកប្រតិបត្តិការមួយរយៈពេលធំ។ លោកស្រី ចិន្តាបន្តថា សណ្ឋាគារបានរៀបចំខ្លួនរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវស្នាក់នៅ ទាំងគុណភាព និងតម្លៃសមរម្យ។   

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តក្នុងសប្តាហ៍ទី៤ បើធៀបទៅនឹងសប្តាហ៍ទី៣ក្នុងខេត្តធ្នូ គឺបរិមាណភ្ញៀវទេសចរបន្តកើនឡើងចំនួន ២៤.៧%។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញមានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ៥ម៉ឺន៥ពាន់នាក់, ខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន៥ពាន់នាក់, ខេត្តសៀមរាបជាង២ម៉ឺន៥ពាន់នាក់, ខេត្តពោធិ៍សាត់ជាង ២ម៉ឺន៣ពាន់នាក់, ខេត្តកំពតជាង ២ម៉ឺន១ពាន់នាក់, ខេត្តបាត់ដំបងជាង ១ម៉ឺន៣ពាន់នាក់ និងខេត្តមណ្ឌលគិរីជាង ១ម៉ឺន១ពាន់នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ