អានតួអត្ថបទ
កម្ពុជា-សង្គម

វិវាទការងារណាហ្កាវើលដ៍៖ ចំនួនអ្នកស្នើចូលធ្វើការវិញ ធ្លាក់ចុះមកត្រឹមជាង២០០នាក់ ក្រោយការចចារបរាជ័យ៥លើក

វិវាទការងារណាហ្កាវើលដ៍ នៅមិនទាន់រកឃើញដំណោះស្រាយណាមួយជាដុំកំភួននោះទេ បើទោះបីជាមានការចរចាគ្នាជាច្រើនលើកច្រើនសារួចមកហើយ។ ចំនួនកម្មករធ្វើកូដកម្មទទូចចូលធ្វើការវិញ បានធ្លាក់ចុះមកត្រឹមជាង២០០នាក់ប៉ុណ្ណោះ ខណៈកម្មករមួយចំនួនយល់ព្រមទទួលការបញ្ឈប់ ប្រសិនបើភាគីនិយោជកទូទាត់សំណងតាមផ្លូវច្បាប់ដោយត្រឹមត្រូវ។ បើតាមតំណាងសហជីព កម្មករជាង២០០នាក់នេះនឹងបន្តធ្វើកូដកម្ម គ្មានពេលកំណត់រហូតដល់ទទួលបានដំណោះស្រាយ។

កម្មករជាង២០០នាក់ធ្វើកូដកម្មនៅណាហ្កាវើលដ៍
កម្មករជាង២០០នាក់ធ្វើកូដកម្មនៅណាហ្កាវើលដ៍ © Central
ផ្សាយពាណិជ្ជកម្ម

មានមូលហេតុចម្បងមួយដែលភាគីនិយោជក មិនព្រមទទួលកម្មករប្រមាណ២៧០នាក់ចូលធ្វើការវិញ ព្រោះក្នុងចំណោមនោះមានភាគីសហជីពដែលស្វែងរកប្រយោជន៍ឲ្យកម្មករ។ នេះបើតាមការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអង្គារទី២៨ធ្នូ។ បើតាមតំណាងសហជីពកម្មកររូបនេះ ភាគីនិយោជកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលកម្មករកំពុងធ្វើកូដកម្មឲ្យចូលធ្វើការវិញ ខណៈតាំងពីឆ្នាំ២០២០មក កម្មករណាហ្កាវើលដ៍យល់ព្រមទូទាត់ចំណូលជាប្រាក់ថ្ងៃ។

គិតមកដល់ថ្ងៃទី២៨ធ្នូ កូដកម្មរបស់ក្រុមកម្មករបានអូសបន្លាយមកចំនួន១១ថ្ងៃ ដោយគ្មានដំណោះស្រាយ។ ក៏ប៉ុន្តែនៅចំពោះមុខវិវាទមួយនេះ កញ្ញាឈឹម ស៊ីថរ បានបញ្ជាក់ថា ក្នុងចំណោមកម្មករចំនួន៣៦៥នាក់ ដែលបានធ្វើកូដកម្មនោះ មានតែប្រមាណ២៧០នាក់ប៉ុណ្ណោះ ដែលទាមទារចូលបំពេញការងារជាធម្មតាវិញ ខណៈដែលកម្មករជាង១០០នាក់ទៀតនោះ ស្ម័គ្រទទួលយកការបញ្ឈប់ ប្រសិនបើភាគីនិយោជកទូទាត់ប្រាក់សំណងបានត្រឹមត្រូវ។ លើសពីនេះទៀត កញ្ញា អះអាងថា ក៏មានដែរ នូវកម្មករកំពុងបំពេញការងារដែលចង់ឈប់ ក្នុងលក្ខខណ្ឌភាគីនិយោជកយល់ព្រមផ្តល់សំណងឲ្យពួកគេត្រឹមត្រូវ។

ក្នុងរយៈពេល១១ថ្ងៃ នៃការធ្វើកូដកម្ម ទាំងភាគីសហជីពតំណាងកម្មករ និងភាគីនិយោជក បានជួបគ្នាចរចាចំនួន៥ដងរួចមកហើយ ដោយមានការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តែយ៉ាងណាការចរចាចំនួន៥ដងមកនេះ ភាគីទាំងពីរនៅតែខ្វែងគំនិត ដោយរក្សាគោលជំហររៀងៗខ្លួន។

តាមច្បាប់ស្តីពីការងារ នីតិវិធីនៃការដោះស្រាយវិវាទការងារនេះ ត្រូវបញ្ជូនទៅដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បើតាមការបញ្ជាក់ពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ មានលក្ខខណ្ឌចំនួនពីរដែលភាគីទាំងសងខាងអាចធ្វើទៅបាន ប្រសិនបើមិនពេញនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងនោះ ជាជម្រើសធ្វើកូដកម្មដោយស្របច្បាប់ និងជម្រើសដាក់បន្តឹងទៅតុលាការ។ ក៏ប៉ុន្តែពីភាគីសហជីពកម្មករ បានអះអាងថា ឆ្លងតាមការបោះឆ្នោត ពួកគេសម្រេចធ្វើកូដកម្ម។ ហើយការធ្វើកូដកម្មនេះ នឹងបន្តរហូតទទួលបានដំណោះស្រាយ។

នៅទន្ទឹមគ្នានេះ ក្រសួងការងារក្នុងនាមជាអ្នកផ្សះផ្សារ ក៏សន្យាព្យាយាមសម្របសម្រួលរកដំណោះស្រាយជាបន្តទៀត ដើម្បីតម្កល់ប្រយោជន៍ទាំងភាគីកម្មករ និងភាគីនិយោជក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ