អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប១៦១ គិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១

ក្រុម​បឹ្រក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​ឆ្នាំ២០២១​នេះ​ បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១៦១គម្រោង​ ដោយ​គិត​ជា​ទំហំទឹក​ប្រាក់​ប្រមាណ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក។​ គម្រោង​វិនិយោគ​ក្នុង​ឆ្នាំនេះ​ គឺមាន​ការធ្លាក់​ចុះជិត​ពាក់កណ្តាល​ បើធៀប​ទៅនឹង​ឆ្នាំ​២០២០​កន្លងទៅ​ ដោយ​សារ​តែការ​ផ្ទុះរីករាល​ដាល​នៃជំងឺ​កូវីដ១៩។​

ក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណជិត៤ពាន់លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន១០៩,៤១៣កន្លែង។

ក្នុងចំណោមគម្រោងចំនួន១៦១ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDCអនុម័តរួចនោះ គឺការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១២៥គម្រោង សរុបទុនវិនិយោគចំនួន១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៦គម្រោង សរុបទុនវិនិយោគជាង១.៩៨ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគលើផ្នែកកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១៤គម្រោង, គម្រោងវិនិយោគលើផ្នែកឧស្សាហកម្មមានចំនួន១៣៥គម្រោង, គម្រោងវិនិយោគលើផ្នែកទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតមានចំនួន១០គម្រោង។

តែយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ ការអនុម័តគម្រោងវិនិយោគសរុប គឺមានការធ្លាក់ចុះចំនួន៧៧គម្រោងបើធៀបជាមួយនឹងឆ្នាំ២០២០ដែលមានគម្រោងវិនិយោគចំនួន២៣៨គម្រោង។ ក្នុងនោះ ទុនវិនិយោគសម្រាប់ឆ្នាំ២០២១នេះ មានទំហំជិត ៤ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះស្នើពាក់កណ្តាលនៃទំហំទុនវិនិយោគកាលពីឆ្នាំ២០២០ ដែលមានចំនួន៨​,២ពាន់លានដុល្លារ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ ២០២០កន្លងទៅ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់​សេដ្ឋកិច្ចពិសេសកម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគ​ចំនួន ២៣៨គម្រោងនេះ គឺថយចុះប្រមាណ ១២% ធៀប ឆ្នាំ២០១៩ផងដែរ។

ជុំវិញការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអះអាងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា នាឆ្នាំ២០២២ខាងមុខ គម្រោងវិនិយោគជាច្រើនអាចនឹងដាក់ពាក្យស្នើសុំ ដើម្បីធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងចូលជាធរមាននៅដើមខែមករាខាងមុខ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាច្បាប់វិនិយោគថ្មី ក៏នឹងត្រូវដាក់ឲ្យអនុវត្តផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ