អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្រុងភ្នំពេញ ព្រមានឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់សកម្មតវ៉ាខុសច្បាប់តទៀត

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​៣០​ ធ្នូ​មិ្សលមិញ​ បាន​ព្រមាន​ឱ្យកម្មករ​និយោជិត​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​តវ៉ា​ខុស​ច្បាប់​គ្រប់រូបភាព​ទាំង​អស់​ចាប់​ពីថ្ងៃទី៣១​ ធ្នូ​នេះតទៅ។​ ការចេញ​មក​ព្រមាន​បែបនេះ​ បន្ទាប់​ពីសាលា​ក្រុង​បាន​អះអាង​ថា​ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​អសន្តិសុខសង្គម​ ជាពិសេស​ដើម្បី​ផ្តល់​ជា​លក្ខណៈ​ងាយស្រួល​ដល់ការ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ និង​ប្រជាពលរដ្ឋ​ នាអំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​សាកល​ខាងមុខ​នេះ។​ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល​ថា​ នេះ​គឺជា​រំលោភ​សិទ្ធ​មនុស្ស​ពី​សំណាក​អាជ្ញាធរ។​

កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍
កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ © FB/CCHR
ផ្សាយពាណិជ្ជកម្ម

ក្រោមហេតុផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ សាលាក្រុងភ្នំពេញកាលពីថ្ងៃទី៣០ ធ្នូ ចេញមកព្រមានឱ្យបុគ្គលិក នយោជិកទាំងអស់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងតែបន្តសកម្មភាពធ្វើកូដកម្ម ទាមទារដំណោះស្រាយពីសំណាក់ម្ចាស់ភាគីជាក្រុមហ៊ុន ត្រូវតែបញ្ឈប់សកម្មភាពសម្តែងមតិដោយខុសច្បាប់នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈចាប់ពីថ្ងៃទី៣១ និងថ្ងៃទី១ មករាតទៅ។ បើតាម សាលាក្រុងភ្នំពេញ ការស្នើឱ្យបញ្ឈប់សកម្មភាពបែបនេះ ក៏ដើម្បីបង្កជាភាពងាយស្រួលចំពោះប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តនាឱកាសពិធីបុណ្យឆ្លងឆ្នាំសាកលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ថែមពីនេះ សាលាក្រុងបានក៏ចោទប្រកាន់ទៅលើបុគ្គលិកនយោជិកទាំងអស់នោះថា បានបិទផ្លូវច្រកចេញ-ចូលរបស់ក្រុមហ៊ុនឯកជនថែមទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ និងសិទ្ធស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបានចូលរួមទបស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ស្របពេលដែលក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញចូលខ្លួនសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់យ៉ាងណាក្តី។  

ជាការឆ្លើយតបទៅនឹង​ការលើកឡើងរបស់សាលាក្រុងភ្នំពេញនាពេលនេះ កញ្ញាឈុន សុខា អនុប្រធានសហជីពកម្មករក្រុមហ៊ុនណាហ្គាវើលដ៍បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ការតវ៉ានេះមិនមែនជាសកម្មភាពខុសច្បាប់នោះទេ ហើយក៏បង្កជាបញ្ហាអសន្តិសុខសង្គមនោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពតវ៉ានេះគឺជាការធ្វើកូដកម្មដោយអហិង្សា ដើម្បីទាមទាររកដំណោះស្រាយសមស្របដែលអាចទទួលយកបានពីសំណាកនិយោជិកទាំងអស់ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយឥតលក្ខខណ្ឌរយៈពេលជាង៨ខែ។ កញ្ញា ឈុន សុខាបានបន្តទៀតថា ការចោទប្រកាន់ពីអាជ្ញាធរមកលើនិយោជិកទាំងអស់នេះ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ 

ដោយឡែក លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូបានប្រាប់វិទ្យុបារាំងអន្តរដែរថា ការចេញមកព្រមានបែបនេះរបស់អាជ្ញាធរ ដូចជានៅមិនទាន់ឆ្លើយតបជាមួយនឹងដំណោះស្រាយរបស់បុគ្គលិកណាហ្គាវើលដ៍នោះទេ ខណៈការធ្វើកូដកម្មនេះ គឺដើម្បីស្វែងរកដំណោះស្រាយ ពីភាគីក្រុមហ៊ុន។ បើតាមលោក អំ សំអាត អាជ្ញាធរគួរមានការសម្របសម្រួលណាមួយឱ្យល្អប្រសើរជាងនេះ ជាជាងធ្វើឱ្យរួចពីដៃ និងជៀសវាងពីការចោទប្រកាន់ទៅលើកម្មករក្នុងរូបភាពផ្សេងៗគ្នា​ដូចជា ការធ្វើបដិវត្តន៍ពណ៌ និងថា សកម្មភាពតវ៉ានោះគឺខុសច្បាប់ជាដើម។ បន្ថែមពីនេះ មន្ត្រីសិទ្ធមនុស្សរូបនេះបានបន្តថា អាជ្ញធរក៏ត្រូវតែបញ្ឈប់សកម្មភាពរើសអើងទៅលើសហជីពក្រុមហ៊ុនហ្គាវើលដ៍ និងប្រកាន់ខ្ជាប់នូវការគោរពសិទ្ធមនុស្ស និងសិទ្ធការងារជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ