អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្តីខ្មែរក្រហមគ្រោងចាយថវិកា១៦លានដុល្លារ នៅឆ្នាំ២០២២ ខណៈចំណាយសរុប១៥ឆ្នាំកន្លងទៅអស់ជាង៣៣០លានដុល្លារ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម គ្រោងនឹងចាយថវិកាចំនួនជាង ១៦លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដោយភាគីអន្តរជាតិត្រូវប្រើប្រាស់ថវិកា១១,៥២លានដុល្លារ និងភាគីជាតិត្រូវការថវិកា ៤,៦៦លានដុល្លារ។ តាមរយៈថវិកាជាង ១៦លានដុល្លារនេះ គេសង្ឃឹមថានឹងជួយដល់ដំណើរការសាលាក្តីខ្មែរក្រហម នៅដំណាក់កាលចុងក្រោយរបស់ខ្លួន ដើម្បីរៀបចំយន្តការ និងនីតិវិធីក្នុងការបិទបញ្ចប់សាលាក្តីកូនកាត់ ដែលមានអាយុកាលជាង១៥ឆ្នាំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម © FB
ផ្សាយពាណិជ្ជកម្ម

ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ថវិកាសម្រាប់ដំណើរការសាលាក្តីឆ្នាំ២០២២ នឹងមិនមានជាបញ្ហាចោទនោះទេ ដោយប្រទេសជាម្ចាស់ជំនួយ រួមទាំងរដ្ឋាភិបាលកម្ពុជាផងនោះបានធានានូវការផ្គត់ផ្គង់ដើម្បីបិទបញ្ចប់សាលាក្តីកូនកាត់មួយនេះ ប្រកបដោយជោគជ័យ។

សូមរំលឹកថាតាមការគ្រោងទុក សាលាក្តីខ្មែរក្រហម ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦ មកនោះ បានគ្រោងថវិកាចំនួន៥៦,៥លានដុល្លារប៉ុណ្ណោះ សម្រាប់ដំណើរការប្រព្រឹត្តទៅរបស់អង្គជំនុំជម្រះនេះ រយៈពេល៣ឆ្នាំ។ ក៏ប៉ុន្តែជាក់ស្តែងការងារសាលាក្តីនេះ បានអូសបន្លាយដល់ជាង១០ឆ្នាំ ហើយមកដល់ឆ្នាំ២០២១នេះ មិនទាន់ចប់នៅឡើយ ដោយគិតមកត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សាលាក្តីបានចាយថវិកាសរុបអស់ជាង ៣៣០លានដុល្លារ ក្នុងនោះភាគីអន្តរជាតិបានស្រូបអស់ជាង ២៣៥លានដុល្លារទៅហើយ។

ចំណុចនេះ លោក នេត្រ ភក្ត្រា ពន្យល់ថាដោយសារតែសំណុំរឿងពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហមមានសភាពស្មុគ្រស្មាញដល់ទៅ៤សំណុំរឿង ដូចជាដំណើរការស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើងជាង៤០ឆ្នាំមុន ការបកប្រែ​ឯកសាររាប់លានទំព័រ ការអនុវត្តនីតិវិធីច្បាប់ច្រើនប្រព័ន្ធ ដែលទាំងអស់នេះទាមទារឲ្យមានការចំណាយពេលវេលាយូរ។

ទោះយ៉ាងណា ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមរូបនេះ បញ្ជាក់ថាការចំណាយថវិកាសរុបរបស់សាលាក្តីខ្មែរក្រហមប៉ុណ្ណេះ គឺនៅតិចជាងឆ្ងាយពីការចំណាយរហូតដល់រាប់ពាន់លានដុល្លារធៀបទៅនឹងតុលាការយុត្តិធម៌ និងឧក្រិដ្ឋកម្មអន្តរជាតិ នៅប្រទេសអតីតយូហ្គោស្លាវី សេរ៉ាឡេអូន និងរ៉ូវ់ាន់ដារជាដើម។ ទោះជាមានការរះគន់ និងការយល់ឃើញផ្ទុយរបស់អ្នកតាមដានដំណើរការរបស់សាលាក្តីខ្មែរក្រហមមួយចំនួនក្តី លោក នេត្រ ភក្ត្រា នៅតែប្រកាន់ជំហរថាសាលាក្តីខ្មែរក្រហមចំណាយថវិកាតិច តែការងារមានប្រសិទ្ធភាពច្រើន។

សូមបញ្ជាក់ដែរថា ក្នុងចំណោមអ្នកផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមទាំងអស់ ជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយធំជាងគេទី១ ដែលមានទឹកប្រាក់៨៨លានដុល្លារ ហើយទី២គឺរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ៤២លានដុល្លារ និងក្រៅពីនេះ មានប្រទេសអូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប អាឡឺម៉ង់ ស៊ុយអែដ អង់គ្លេស បារាំង និងន័រវែស ដែលប្រទេសទាំងនេះបានជួយដល់សាលាក្តីមកដល់ពេលនេះ ចាប់ពី១០លានដុល្លារ រហូតដល់ជាង ៣០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ