អានតួអត្ថបទ
កម្ពុជា-សង្គម

ចំនួនករណី និងជនល្មើសគ្រឿងញៀនថយចុះឆ្នាំ២០២១ តែបរិមាណគ្រឿងញៀនកើនឡើងខ្លាំង

ពេញមួយ​ឆ្នាំ ​២០២១ ​សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​សរុប​ជាង​៦​ពាន់​ករណី ​ឃាត់ខ្លួន​មនុស្ស​បានជាង​១៣ ៧០០​នាក់ ​និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ​៤,៥​តោន​។ នេះបើតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ​។ តាមរយៈ​លទ្ធផល​នេះ បង្ហាញថា​ចំនួន​ករណី និង​ជនល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មានការ​ថយចុះ ​តែ​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​បាន ​មានការ​កើនឡើង​ធៀបទៅនឹង​ឆ្នាំ​មុន​។

គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាន
គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាន © សហការី
ផ្សាយពាណិជ្ជកម្ម

ធៀបទៅនឹង​ឆ្នាំ​២០២០ ​លទ្ធផល​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​នៅឆ្នាំ​២០២១​ មានការ​ប្រែប្រួល​ច្រើន ​ដោយចំនួន​ករណី​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​មានតែ​ជាង​៦​ពាន់​ករណី​ប៉ុណ្ណោះ ​ធៀបទៅនឹង​ឆ្នាំមុន​ មានជាង​១​ម៉ឺន​ករណី​។ ជាមួយគ្នា​នេះ ចំនួន​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួនបាន​ក៏ថយចុះ​ដែរ ​គឺជាង​១៣ ០០០​នាក់ ធៀបទៅនឹង​ឆ្នាំចាស់​ជាង ​២​ម៉ឺន​នាក់​។

ក៏ប៉ុន្តែ​បរិមាណ​គ្រឿងញៀន​គ្រប់​ប្រភេទ​ ដែល​សមត្ថកិច្ច​រឹបអូស​បាន ​គឺមាន​ការ​កើនឡើង​ខ្ពស់​ដល់ទៅ​ទ្វេដង ​គឺមាន​ជាង ​៤,៥​តោន ធៀបនឹង​ឆ្នាំ​២០២០ ​ដែលមាន​ប្រមាណ​ជា​៣​តោន​ប៉ុណ្ណោះ​។ ការ​កើនឡើង​បរិមាណ​គ្រឿងញៀន​ខុសច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ត្រូវ​នាយឧត្តមសេនីយ៍ ​ម៉ក់ ជីតូ ​អគ្គ​ស្នងការ​រង ​នគរបាលជាតិ​ទទួលផែន​គ្រឿងញៀន​បញ្ជាក់​ថា ​ភាគច្រើន​នៃ​ករណី​ជួញដូរ​នីមួយ​ៗ​របស់​ឧក្រិដ្ឋជន ​គឺ​ជាករណី​ធំ​ៗ ដែល​មិនធ្លាប់​មាន​ពីមុន​មក​។

ជាការ​កត់សម្គាល់​ករណី​គ្រឿងញៀន​ដ៏ធំ​បំផុត ​ដែលបាន​កើតឡើង​នៅ​ពាក់កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​២០២១​កន្លងទៅ ​គឺ​ជនល្មើស​បាន​លួច​ផលិត​គ្រឿងញៀន​នៅក្នុង​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​ចំនួន ​១,៥​តោន ​ជ្រកក្រោម​រូបភាព​រោងចក្រ​កែច្នៃ​ដំណាប់​ស្វាយ​។ ​ប្រតិបត្តិការ​នេះ ​ធ្វើឲ្យ​ជនល្មើស​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ស្លាប់ ដោយសារ​ផ្ទុះអាវុធ​តទល់​គ្នា​ជាមួយ​សមត្ថកិច្ច​។

តាមលោក​ ម៉ក់ ជីតូ ការ​បង្ក្រាបបាន​គ្រឿងញៀន​ច្រើនជាង​ឆ្នាំមុនៗ ដោយសារ​ក្នុង​អំឡុង​ជំងឺ​កូវីដ-​១៩​នេះ ការផលិត​គ្រឿងញៀន​នៅសល់​ក្នុង​ឃ្លាំង​ច្រើន ចរាចរណ៍​លក់​ចេញ​មិនបាន​ដូច្នេះពេល​ដែល​ពួកគេ​មាន​ឱកាស​លក់​ចេញ​ម្ដងៗ គឺ​នាំចេញ​ច្រើន​គីឡូក្រាម​។ ហេតុនេះ​សមត្ថកិច្ច​ក៏​បង្ក្រាបបាន​ច្រើន​ទៅតាម​ហ្នឹង​ដែរ​ ដែល​ករណី​ទាំងអស់​នេះ ពួក​ឧក្រិដ្ឋជន​បាននាំ​ចេញទៅ​បរទេស​ឆ្លងកាត់​តាម​កម្ពុជា ហើយ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​បង្រ្កាបបាន​ជាច្រើន​ដែរ​​។

តាមរបាយការណ៍​សមត្ថកិច្ច ​ក្នុងចំណោម​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ​១៣ ០០០​នាក់​នៅឆ្នាំ​២០២១នេះ មាន​ជនបរទេស​ចំនួន​៣៦២​នាក់ រួមមាន​១៣​សញ្ជាតិ ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ ​រក្សាទុក កែឆ្នៃ ​និង​ចាត់ចែង​គ្រឿងញៀន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ