អានតួអត្ថបទ
កម្ពុជា សង្គម

ឆ្នាំ២០២១៖ កម្ពុជានាំចេញកសិផលជិត៥ពាន់លានដុល្លារ

ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០២១ ​កន្លងទៅ​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន ​ដែលមាន​តម្លៃ​ជាទឹកប្រាក់​ប្រមាណ​៥ពាន់​លាន​ដុល្លារ​។ របាយការណ៍​បឋម​របស់​ក្រសួង​កសិកម្ម ​ដែលផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក ​លោក ​វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នាថ្ងៃ​សៅរ៍​នេះ ​បង្ហាញថា​ការ​នាំចេញ​ស្រូវ អង្ករ ​និង​កសិផល​ក្រៅពី​ស្រូវ អង្ករ ​មាន​ទំហំ​ទឹកប្រាក់​ធំជាង​គេ ​ក្នុងចំណោម​កសិផល​សំខាន់​ៗ​ដទៃ​ទៀត​នៃ​វិស័យ​កសិកម្ម​។

ក្រុមកសិករក្នុងអំឡុងពេលប្រមូលផល
ក្រុមកសិករក្នុងអំឡុងពេលប្រមូលផល © សហការី
ផ្សាយពាណិជ្ជកម្ម

កសិផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅប្រទេស ​ហើយ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជិត ​៥ពាន់​លាន​ដុល្លារ​នោះ រួមមាន​ ស្រូវ និង​អង្ករ ​ដែលមាន​ទំហំ​ទឹកប្រាក់ ជាង​១​ពាន់​លានដុល្លារ​។ ដោយឡែក​ការ​នាំចេញ​កសិផល​ក្រៅពី​ស្រូវ អង្ករ មានចំនួន​ជាង​៣ពាន់​លាន​ដុល្លារ​។ ក្រៅពីនេះ ​ក៏មាន​ការនាំចេញ​កសិផល​មួយចំនួន​ទៀត​ដែរ​ដូចជា ​ការ​នាំចេញ​កៅស៊ូ​ធម្មជាតិ​ចំនួន​ជាង ​៦០០​លាន​ដុល្លារ​ ឈើ​កៅស៊ូ​ជាង​១,៥លាន​ដុល្លារ ការនាំចេញ​ឈើអារ និង​សត្វស្វា​មានជាង ៣៥​លាន​ដុល្លារ និងការ​នាំចេញ​ត្រី​គ្រប់​ប្រភេទជាង ​៤​លាន​ដុល្លារ​។

ប្រព័ន្ធទិន្នន័យ​គ្រឹះ​ភូតគាមអនាម័យ​ជាតិ ​(National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម ​បាន​ឱ្យដឹង​ថា ក្នុងឆ្នាំ​២០២១​នេះ ​កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​មានបរិមាណ​សរុប ​៧,៩​លាន​តោន ​ទៅកាន់​ទិសដៅ​៦៨​ប្រទេស ​គឺមាន​ការកើនឡើង​ជាង ៣លាន​តោនស្មើនឹង ​៦៣,៨៣% ធៀបទៅនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២០ ដែលទទួលបាន​ត្រឹមតែ​ជាង ​៤,៨លានតោន​ប៉ុណ្ណោះ។

ជាការកត់សម្គាល់​កសិផល ​ដែល​មិនមែន​ជាស្រូវ ​អង្ករ មានការកើនឡើង​ច្រើន​ធៀបទៅនឹង​ឆ្នាំទៅ ​ពោលគឺ​ក្នុងឆ្នាំ​២០២១ ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ-អង្ករ ​មានចំនួន ៥លាន​តោន កើនឡើង​ជាង ​១,៦លានតោន ​ស្មើនឹង​ ៤៨,១៤% ធៀបទៅនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២០ ​មានចំនួន​ជាង ​៣​លានតោន។

កសិផល​ក្រៅពី​ស្រូវ អង្ករ មានចំណិត​ដំឡូងមី​ក្រៀម ដំឡូងមី​ស្រស់ ម្សៅ​ដំឡូងមី កាកសំណល់​ដំឡូងមីគ្រាប់​ស្វាយចន្ទី គ្រាប់​ពោត គ្រាប់​សណ្ដែក​បាយ គ្រាប់​សណ្តែកសៀង ផ្លែចេក​ស្រស់ ផ្លែក្រូច​ថ្លុង ផ្លែ​ស្វាយស្រស់ ដូងប្រេង ​ម្រេច ​បន្លែ​ចម្រុះ និង​ផលិតផល​ចំនួន​ជាង​៩០​មុខ ផ្សេង​ទៀត​។

សូម​រំលឹក​ថា យោងតាម​របាយការណ៍​ស្តីពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ ក៏ដូចជា​ការ​ព្យាករ​របស់​រដ្ឋាភិបាល​ដែរ ការនាំចេញ​វិស័យ​កសិកម្ម​អំឡុងពេល​នៃ​វិបត្តិកូវីដ​-១៩​នេះ គឺបាន​ជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មួយផ្នែក​តូច​ដែរ ដោយ​វិស័យ​នេះ និង​វិស័យ​កាត់ដេរ មិនមាន​ការ​ថមថយ​ទេ ក្នុងការ​នាំចេញ​ទៅកាន់​ទីផ្សារ​ខាងក្រៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ