អានតួអត្ថបទ
កម្ពុជា-សង្គម

សមាជិកសហជីព៩នាក់ត្រូវបានចាប់ខ្លួន ខណៈការតវ៉ានៅមុខណាហ្គាវើលអូសបន្លាយពេលកន្លះខែ

យ៉ាងហោចណាស់​ថ្នាក់ដឹកនាំ និង​សមាជិកសហជីពចំនួន៩នាក់ ដែលជាអ្នកតំណាងនៃក្រុម​កូដករ​នៅ​មុខ​ក្រុម​ហ៊ុន​ណាហ្គាវើល ត្រូវបានចាប់ខ្លួននៅយប់​ថ្ងៃយប់មិញនេះ គឺតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុនពេល​ឆ្លង​ឆ្នាំ​សកល។ ពីខាងអាជ្ញាធរក្រុងភ្នំពេញ​បានអះអាងថា ការ​ចាប់​ខ្លួន​តំណាងកូដករទាំងនេះ គឺដោយ​សារតែ​ពួកគេ​ធ្វើ​បាតុកម្ម​ខុសច្បាប់។​

ក្រុមកម្មករដែលធ្វើកូដកម្មជុំវិញវិវាទការងារជាមួយក្រុមហ៊ុនណាហ្កាវើល
ក្រុមកម្មករដែលធ្វើកូដកម្មជុំវិញវិវាទការងារជាមួយក្រុមហ៊ុនណាហ្កាវើល © FB
ផ្សាយពាណិជ្ជកម្ម

សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលចំនួន៩នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​នោះ គឺមានកញ្ញា ឈឹម សុខន ជា​អគ្គលេខាធិការ​សហជីព​ និង​ស្ត្រី​៨​នាក់​ទៀត​ ជា​សកម្មជន​សហជីព។

ការ​ចាប់ខ្លួន​តំណាងកូដករ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើល​នេះ គឺធ្វើ​ឡើង​នៅម៉ោងប្រមាណ៨យប់​ថ្ងៃទី៣១​ធ្នូ ពោលតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុនពេល​ឆ្លង​ឆ្នាំ​សកល ដែល​មនុស្ស​រាប់ម៉ឺននាក់​ចេញ​ដើរ​កំសាន្ត។

បើតាម កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព គឺសមត្ថកិច្ច​បានដាក់​កម្លាំង​៣រថយន្ត​ចុះទៅ​ព័ទ្ធ​ចាប់តំណាងកូដករទាំងនោះ ​ដល់​ទីស្នាក់ការសហជីពដែល​ស្ថិត​នៅលើផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែលនៅមិន​ឆ្ងាយប៉ុន្មានពីកន្លែងតវ៉ា។

ឆ្លើយតបនឹងការចាប់ខ្លួននេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅព្រឹក​ថ្ងៃសៅរ៍ថា ការឈានទៅដល់ការចាប់ខ្លួន​​តំណាងកូដករទាំងនោះ គឺដោយសារតែ​ពួកគេ​ធ្វើ​បាតុកម្ម​ខុសច្បាប់។ ខុសច្បាប់​ដែល​អភិបាល​រាជធានីរូបនេះពន្យល់ថា មកពីក្រុម​អ្នតវ៉ាទៅប្រមូល​ផ្តុំគ្នា​នៅលើ​សួនច្បារ និង​ធ្វើ​ការ​បិទ​ផ្លូវដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

បើតាម​លោក ឃួង ស្រេង អ្នក​ដែល​ត្រូវបានចាប់​ខ្លួន​ទាំងនោះ គឺត្រូវបញ្ជូន​ទៅ​កាន់​ស្នង​ការ​នគរ​បាល​រាជធានីភ្នំពេញ ហើយ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ដៃតំណាងអយ្យការក្នុង​ការសាកសួរបន្ត។

សូមបញ្ជាក់ថា វិវាទការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល បានអូសបន្លាយជិតមួយ​ឆ្នាំ​មកហើយ ដោយ​សារតែ​ក្រុម​ហ៊ុន​បញ្ឈប់​បុគ្គលិក​ជាង១៣០០នាក់។ ​នៅ​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ឈ្មោះ​ត្រូវ​បញ្ឈប់​ពី​ការងារ​ ក៏មានដែរ​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ដែល​តែងតែ​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​។ ប៉ុន្តែ​ក្នុង​ចំណោម​បុគ្គល​ទាំង​ជាង​១៣០០​នាក់ គឺ​មាន​ជាង​៩០០​នាក់ បាន​បង្ខំ​ចិត្ត​ទទួល​យក​សំណង តាម​អ្វី​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ ខណៈ​បុគ្គលិកដែលមិន​ព្រមទទួលសំណងសម្រេច​ធ្វើ​កូដកម្ម​ចាប់តាំងពីថ្ងៃទី១៨​ខែ​ធ្នូកន្លងមកនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ