អានតួអត្ថបទ
កម្ពុជា-សង្គម

សមាជិក​សហជីព​៩​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ ត្រូវ​ការ​មេធាវី​ការពារ​ក្តី

សមាជិក​សហជីព​ចំនួន៩នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ កាលពីយប់​ថ្ងៃទី៣១​ធ្នូ​ នៅ​មិន​ទាន់​ទទួល​បាន​មេធាវី​ការពារក្តី​នៅ​ឡើយ ​ខណៈ​ដែល​អ្នក​ទាំង​៩​នាក់​កំពុង​ឃុំខ្លួន​នៅ​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ។ ​នេះ​បើតាម​មន្ត្រី​សិទ្ធិមនុស្ស។ ​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នកតវ៉ា​នៅក្រុម​ហ៊ុន​ណាហ្គា​វើល​នេះ បាន​ធ្វើ​ឲ្យមាន​ប្រតិកម្ម​នានា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ថា ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​សំដែង​មតិ ​ហើយ​ពួកគេ​ទាម​ទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់​ និង​ឥតលក្ខខណ្ឌ។ 

នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍
នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ © Internet
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​RFI នៅម៉ោង​ជិត១២​ថ្ងៃ​ត្រង់នេះថា សមាជិកសហជីព​ដែលត្រូវបានចាប់​ខ្លួន គឺមិនទាន់ទទួលបាន​មេធាវីការពារ​ក្តី​ទៅ​តាម​ផ្លូវ​ច្បាប់​នៅឡើយ។ ប៉ុន្តែលោកថា ខាងក្រុម​គ្រួសាររបស់​សកម្មជនទាំងនោះ បានទៅ​ពឹងពាក់​អង្គការលីកាដូ អង្គការ សង់ត្រាល់ និងសមាគមអាដហុក ដើម្បី​ផ្តល់មេធាវីការពារក្តី​ដោយ​ឥតគិតថ្លៃ។

បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ចាប់តាំងពីពេលចាប់ខ្លួនមក គឺសកម្មជនទាំង៩​នាក់​ត្រូវបាន​ឃុំ​ខ្លួន​នៅស្នងការនគរបាល​រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបាន​ឡោមព័ទ្ធទីស្នាក់ការសហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលនៅម៉ោងប្រមាណ៨យប់​ថ្ងៃទី៣១​ធ្នូ ពោលតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុនពេល​ឆ្លង​ឆ្នាំ​សកល។

ជុំវិញការ​ចាប់​ខ្លួន​សកម្មជនសហជីព​ដែល​តវ៉ារយៈពេល​កន្លះខែនៅមុខ​ក្រុម​ហ៊ុន​ណាហ្គាវើល​ដែលជា​កន្លែង​លេង​ល្បេងស៊ីសង​ដ៍ធំជាងគេនៅភ្នំពេញនេះ បានញាំឲ្យមានប្រតិកម្ម​ធ្លាក់មក ជាបន្តបន្ទាប់​ ពីសំណាក់​អង្គការ​នៅក្នុង​ស្រុក។

សហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន សម្ព័ន្ធសហជីពកម្ពុជា របស់លោកស្រី យ៉ាង សោភ័ណ្ឌ និង​សហព័ន្ធសហជីពកម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បានថ្កោលទោសការចាប់​ខ្លួននេះ។ ពួកគេបាន​ហៅការចាប់ខ្លួន​នេះថា ជាការបំភិតបំភ័យទៅ​លើសេរីភាព​នៃការ​សំដែងមតិ​ដោយ​សន្តិវិធី និងជាការ​ដាក់សម្ពាធឲ្យ​បុគ្គលិក​ទទួលយក​អ្វី​ដែល​ក្រុម​ហ៊ុន​ផ្តល់ឲ្យ​ជាថ្នូរនឹងការ​បញ្ឈប់ពីការងារ។ ប៉ុន្តែពីខាងអាជ្ញាធរក្រុងភ្នំពេញ​បានអះអាងថា ការ​ចាប់​ខ្លួន​តំណាងកូដករទាំងនេះ គឺដោយ​សារតែ​ពួកគេ​ធ្វើ​បាតុកម្ម​ខុសច្បាប់ ហើយថាការធ្វើបាតុកម្មមិនមែនជាដំណោះស្រាយឡើយ។

យ៉ាងណាក៏ដោយ​ក្រុមសហជីព បានទទួចឲ្យមានការដោះលែងជាបន្ទាន់ និង​ឥតលក្ខខណ្ឌ ចំពោះ​ថ្នាក់​ដឹកនាំ​សហជីព និងសកម្ម​ជនសហជីពនៅក្រុម​ហ៊ុន​ណាហ្គាវើលនេះ ដោយ​ចាត់ទុកថា ការតវ៉ារបស់​បុគ្គលិក​ទាំងនោះគឺជាសិទ្ធិសំដែងមតិ​ស្របតាមរដ្ឋធម្មនុញ្ញ៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ