អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

លោក​ថោង ខុន៖ ទេសចរ​ផ្ទៃ​ក្នុង​ជាង​មួយ​លាន​នាក់​ដើរ​លេង​កម្សាន្ត​ថ្ងៃ​ឆ្លងឆ្នាំ ​លើស​ពី​ឆ្នាំ​ចាស់​ជាង​៦០%

ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ប្រមាណ​១​លាន​១​សែន​នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស ​ក្នុង​អំឡុង​ពេល​ឆ្លងឆ្នាំ​សកល​២០២១​ ចូល​២០២២​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​លោក​ថោង ​ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ នៅ​ថ្ងៃសៅរ៍ ​ទី​០១ ​មករា ​២០២២​។ បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ ឆ្នាំ​នេះ​កំណើន​ភ្ញៀវទេសចរ​ដើរកម្សាន្ត​ មាន​លើស​ពី​ឆ្នាំ​ចាស់​ ប្រមាណ​ជាង​៦០%​។

សកម្មភាពប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ទល់មុខឆ្នេរឯករាជ្យ
សកម្មភាពប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ទល់មុខឆ្នេរឯករាជ្យ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមទេសចរប្រមាណ ១ ១៣៩ ៣៨៧នាក់នោះ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណជាង១លាននាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងប្រមាណជាង៥ពាន់នាក់។ មានរាជធានី-ខេត្តចំនួនពីរធំៗដែលទទួលបានភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេ។ ក្នុងនោះរាជធានីភ្នំពេញ មានចំនួន ៣៦៥ ៦៥៣នាក់ និងខេត្តសៀមរាបមាន ១៨៩ ៤៣៦នាក់។ ដោយឡែកសម្រាប់ទេសចរណ៍បែបឆ្នេរសមុទ្រប៉ែកនិរតីវិញ ក៏មានភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ផងដែរ។ ខេត្តព្រះសីហនុមានចំនួន ៥៥ ៧១៧នាក់ ខេត្តកំពតមាន ៩៦ ១៣៨នាក់ ខេត្តកែប ៦៦ ១៣៥នាក់ និងខេត្តកោះកុង ២៣ ៣៩៤នាក់។ នេះបើតាមរបាយការណ៍របស់លោកថោង ខុន។

បើតាមលោកថោង ខុន ចំនួនភ្ញៀវទេសចរផ្ទៃក្នុងទាំងជាតិនិងអន្តរជាតិ បានដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២២នេះ មានការកើនឡើង ខុសពីឱកាសឆ្លងឆ្នាំសកលកាលពីឆ្នាំ២០២១។ នៅឆ្នាំនេះ បើតាមតួលេខ មានការកើនឡើងដល់ទៅ៦៣.៦៥% បើធៀបទៅនឹងឆ្នាំចាស់។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដដែល លើកឡើងពីអំណះអំណាង នៃការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងការរៀបចំពិធីអបអរនៅតាមខេត្ត-ក្រុងទូទាំងប្រទេស។

នៅទន្ទឹមនឹងការដើរកម្សាន្ត លោកថោង ខុន បានគូសបញ្ជាក់ថា គ្រប់ទីតាំងទេសចរណ៍ទាំងអស់ បានអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិប្រតិបត្តិស្តង់ដារអប្បបរមា (SOP)។ ហើយចំពោះបញ្ហាគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ ក៏មិនមានអ្វីរំខានជាបញ្ហាដែរ។ នេះបើតាមលោកថោង ខុន។

កំណើននៃភ្ញៀវទេសចរផ្ទៃក្នុង ក្នុងពេលឆ្លងឆ្នាំសកលឆ្នាំ២០២២នេះ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទេចរណ៍កម្ពុជា បានសម្តែងភាពត្រេកអរ ដ្បិតម្ចាស់អាជីវកម្មទេសចរណ៍អាចរកកម្រៃមកវិញ។ បើតាមលោកហូ វណ្ឌី ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋពេលនេះ បង្ហាញនូវសញ្ញាណមួយល្អសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ២០២២ ហើយប្រសិនបើគ្មានភាពរំខានពីជំងឺកូវីដ-១៩ នោះវិស័យទេសចរណ៍នៅឆ្នាំនេះនឹងមានភាពល្អប្រសើរឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ