អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

២០២១៖ ​កម្ពុជា ​សម្រេច​បាន​ការ​នាំ​ចេញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ​ កើន​៤៨,​១៤​%

ក្នុង​ឆ្នាំ​២០២១​នេះ​ កម្ពុជា​បាន​សម្រេច​លទ្ធផល​នៃ​ការ​នាំ​ចេញ​ទំនិញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​៥​លាន​តោន​ ដោយ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​។ បើ​តាម​របាយ​ការណ៍​ពីក្រសួង​កសិកម្ម​​ បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​នេះ បន្ត​កើន​ឡើង​ជាង​១​លាន​តោន​ រឺ​ស្មើ​៤៨,១៤​%​ បើធៀប​នឹង​ឆ្នាំ​២០២០​ មានទំហំ​នាំ​ចេញ​ត្រឹម​តែ​ជាង​៣​លាន​តោន​ប៉ុណ្ណោះ​។

កំពង់ផែខេត្តព្រះសីហនុ
កំពង់ផែខេត្តព្រះសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយ​ការណ៍​ពី​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូត​គាម​អនាម័យ​ជាតិ​របស់អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ ក្នុងរយៈពេល​១២​ខែ ​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង​៤០​ប្រទេស​នៅលើ​ពិភពលោក ​ដោយ​មុខ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​មាន​ចំនួន​១១៣​ប្រភេទ​។

ក្នុង​ចំណោម ​កសិផល​ក្រៅ​ពី​ស្រូវ-អង្ករ​ចំនួន​១១៣​ប្រភេទខាងដើមនោះរួមមាន៖ ការនាំចេញចំណិតដំឡូងមីក្រៀមកម្ពុជាសម្រេចបានចំនួនជាង១លាន៦សែនតោន កើនឡើង ៥២,៦%, ម្សៅដំឡូងមីមានចំនួនជាង៣ម៉ឺនតោន កើន២,៦៦%, កាកសំណល់ដំឡូងមីមានចំនួនជាង៣ពាន់តោន ថយចុះ-៣៣,០៦%, គ្រាប់ស្វាយចន្ទីបាននាំចេញចំនួនជិត១លានតោន បន្តកើនឡើងរហូតដល់ ៣២៨,៣៤%, គ្រាប់ពោតមានទំហំនាំចេញចំនួនប្រមាណ២០ម៉ឺនតោន កើនឡើង៣,៥៨%, គ្រាប់សណ្តែកបាយមានចំនួនជិត៣ម៉ឺនតោន កើនឡើង១៨៩,៦១% និងគ្រាប់សណ្តែកសៀងមានចំនួន១០ម៉ឺនតោន បន្តកើនឡើង២៦៤,២៤%។

បន្ថែមពីនេះ របាយការណ៍ដដែលបន្តទៀតថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាមានចំនួនប្រមាណ៤២ម៉ឺនតោន កើនឡើង២៧,០២%, ផ្លែក្រូចថ្លុងមានចំនួន៣៨ម៉ឺនតោន កើនឡើង១២២,២៣%, ផ្លែស្វាយស្រស់មានចំនួនជាង២៤ម៉ឺនតោន បន្តកើនឡើង១៤៨,៣៨% និងដំណាប់ស្វាយមានចំនួន១ម៉ឺន៧ពាន់តោន កើនឡើង១៧៩,៣០%។ ដោយឡែកដូងប្រេង កម្ពុជាបាននាំចេញមានចំនួន២ម៉ឺន ៨ពាន់តោន កើនឡើង ១៤​,២២% និងកសិផលម្រេចវិញ កម្ពុជាក៏សម្រេចចំនួនជាង២៨ម៉ឺនតោន ដោយបន្តកើនឡើងរហូតដល់ ៤៥២,៧២% និងផលិតផលចំនួន១០០មុខផ្សេងទៀតកម្ពុជាសម្រេចបានចំនួនជិត៣០ម៉ឺនតោន។

បើតាមក្រសួងកសិកម្ម ទីផ្សារនាំចេញទំនិញកសិផលរបស់កម្ពុជាក្នុងចំណោម៤០ប្រទេសនោះរួមមាន៖ ប្រទេសចិន វៀតណាម ថៃ កូរ៉េ​ខាងត្បូង ជប៉ុន ឥណ្ឌា អារ៉ាប់រួម សហរដ្ឋអាមេរិក ប៊ែលហ្ស៊ិក និងប្រទេសបង់ក្លាដែស។

សូមជម្រាបថា វិស័យកសិកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា​ ជាវិស័យអាទិភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ការចេញលើវិស័យមួយនេះ ហាក់មិនមានឃើញសញ្ញាណាមួយថមថយនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ