អានតួអត្ថបទ
កម្ពុជា-សង្គម

ករណីណាហ្គា៖ អ្នកសិទ្ធិមនុស្សជំរុញឲ្យភាគីពាក់ព័ន្ធងាកទៅរកការចរចាជាជាងការបន្តចាប់ខ្លួនអ្នកតវ៉ា

មន្ត្រី​សិទ្ធិ​មនុស្សអំពាវនាវឲ្យ​ភាគី​ពាក់​ព័ន្ធ​វិល​ចូល​តុចរចាឡើងវិញ​ដើម្បីដោះស្រាយ​វិវាទ​ការងារ​​រាំរ៉ៃ​នៅ​ក្រុម​ហ៊ុនកាស៊ីណូ​ណាហ្គាវើល។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​ នៅពេល​ដែល​សមត្ថកិច្ច​បន្តចាប់​ខ្លួន​អ្នក​តវ៉ាយ៉ាង​ហោចណាស់​១៤​នាក់​បន្ថែមទៀត​ រួមទាំងស្ត្រីមានផ្ទៃពោះ​ម្នាក់ផង ខណៈ​អ្នកតវ៉ា​ចំនួន​៦នាក់​ក្នុង​ចំណោម​៩​នាក់​ត្រូវបាន​បញ្ជូនទៅ​កាន់តុលាការ។​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល © FB
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខបញ្ហា​វិវាទការងារ​ដែលមិនទាន់មានដំណោះស្រាយ​នៅក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើល ​ដែល​អូសបន្លាយ​ពេលជាង៨​ខែមកនេះ លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​លើក​ឡើង​ថា ច្រក​ចេញសម្រាប់​វិវាទមួយនេះ គឺភាគីពាក់​ព័ន្ធ​ត្រូវ​វិល​ចូល​តុចរចាសារជាថ្មី។

​អ្នក​ការពារ​សិទ្ធិមនុស្ស​រូបនេះ​ ព្រមានថា ការបន្តចាប់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​តវ៉ាពីសំណាក់​កម្លាំង​សមត្ថកិច្ច ​ដោយ​ប្រើ​យន្តការតុលាការ​មិនមែនជាដំណោះស្រាយ​ល្អឡើយ។ ​ផ្ទុយទៅវិញ ការចាប់ខ្លួន​អ្នកតវ៉ា​បន្ថែមទៀតនេះ លោកថា នឹង​ធ្វើឲ្យមានរូបភាព​មិន​ល្អ​ដែល​បង្ហាញពីការរំលោភសិទ្ធិសេរីភាព នៃការតវ៉ា​ដោយ​សន្តិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣មករា កម្លាំង​សមត្ថកិច្ច​បានបន្តចាប់​ខ្លួន​អ្នក​តវ៉ានៅមុខ​ក្រុម​ហ៊ុន​ណាហ្គា​វើល យ៉ាង​ហោចណាស់​១៤​នាក់​បន្ថែមទៀត ​រួមទាំងស្ត្រីមានផ្ទៃពោះ​ម្នាក់ផង ខណៈ​អ្នកតវ៉ា​ចំនួន​៦នាក់​ក្នុង​ចំណោម​៩​នាក់​ត្រូវបាន​បញ្ជូនទៅកាន់តុលាការ។

នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញរូបភាព និងឯកសារភស្តុតាងមួយចំនួនដោយ​ចោទប្រកាន់ថា ​ការតវ៉ារបស់​បុគ្គលិក​កាស៊ីណូមួយនេះគឺមានអ្នកញុះញង់ ទើបធ្វើឲ្យមានការប្រមូលផ្តុំតវ៉ាកើតឡើង។

តំណាងអយ្យការ បានសម្រេចចោទប្រកាន់ អ្នកតវ៉ាចំនួន៩នាក់ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម រួមមាន៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហីពប្រចាំកាស៊ីណូណាហ្គាវើល  កញ្ញា ឈឹម សុខន អគ្គលេខាធិការសហជីពនេះ រួមទាំង​សមាជិកនិងសកម្មជន៧នាក់ទៀត។ ប៉ុន្តែក្នុងចំណោមនោះ គឺមានអ្នកតវ៉ាចំនួន៦នាក់ដែលចាប់ខ្លួនបានកាលពីយប់ថ្ងៃទី៣១ខែធ្នូ ​ត្រូវបានបញ្ជូនទៅតុលាការ ខណៈ៣នាក់ទៀតដូចជា កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក​ សុខ គង្គា កំពុងលាក់ខ្លួននៅទីកន្លែងដែលមានសុវត្ថិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ