អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋណែនាំឲ្យពាណិជ្ជករ ពិនិត្យលទ្ធភាពនាំចេញទំនិញទៅទីផ្សារចិន តាមមធ្យោបាយផ្សេង ខណៈដែលច្រកព្រំដែនវៀតណាម-ចិន កំពុងកកស្ទះ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃចន្ទទី០៣មករា បានជូនដំណឹងអំពីបញ្ហាកកស្ទះសកម្មភាពនាំចេញ នាំចូលទំនិញទៅកាន់ទីផ្សារចិន តាមរយៈច្រកព្រំដែនវៀតណាម។ នៅចំពោះមុខបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានណែនាំឲ្យពាណិជ្ជកម្មខ្មែររិះរកមធ្យោបាយផ្សេងៗ ដើម្បីបញ្ចៀសភាពកកស្ទះក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារចិន។ ជុំវិញបញ្ហានេះ ប្រធានសមាគមភ័ស្តុភារកម្ម បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិននោះ មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

រថយន្តដឹកជញ្ជូនទំនិញមួយចំនួនដែលកំពុងកកស្ទះនៅច្រកព្រំដែនខេត្ត Quang Ninh ប្រទេសវៀតណាម
រថយន្តដឹកជញ្ជូនទំនិញមួយចំនួនដែលកំពុងកកស្ទះនៅច្រកព្រំដែនខេត្ត Quang Ninh ប្រទេសវៀតណាម © Thu Hang / Tuoi Tre
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ហារាលដាលនៃជំងឺកូវីដ១៩ «អូមីក្រុង» និងការរឹតបន្តឹងវិធានការបង្ការរបស់ចិន «Zero Covid» ទើបធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញមួយចំនួនត្រូវកកស្ទះ នៅឯច្រកព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninhនៃប្រទេសវៀតណាម ដែលត្រូវចូលទៅកាន់ប្រទេសចិន។ បញ្ហានេះបានបណ្តាលឲ្យរថយន្តដឹកជញ្ជូនប្រមាណជាង៦០០០គ្រឿង កំពុងកកស្ទះនៅច្រកព្រំដែន និងរង់ចាំការនាំចេញទៅកាន់ទីផ្សារចិន ខណៈដែលសកម្មនាំចេញនៅពេលនេះ មានត្រឹម ២៥%ទៅ៣០% ប៉ុណ្ណោះ បើធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។

នៅចំពោះមុខបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានណែនាំឲ្យម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញខ្មែរ ធ្វើយ៉ាងណារកមធ្យោបាយនាំចេញតាមវិធីផ្សេងៗ ដើម្បីបញ្ចៀសហានិភ័យ និងបញ្ហាណាមួយ ដែលអាចកើតឡើងដោយសារការកកស្ទះនៅច្រកព្រំដែនវៀតណាម-ចិននេះ។

ជាការឆ្លើយតប លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា ភាគច្រើនទំនិញដែលកំពុងកកស្ទះនោះជារបស់វៀតណាម។ រីឯទំនិញកម្ពុជាវិញ មានបន្តិចបន្តួចប៉ុណ្ណោះ។ បើតាមលោកស៊ិន ចន្ធី ទំនិញដែលកម្ពុជាដែលនាំចេញទៅទីផ្សារចិន តាមច្រកវៀតណាម មានចេកជាដើម សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវលើផ្នែកគុណភាព និងអនាម័យ ដូច្នេះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន មិនមានបញ្ហាគួរឲ្យកត់សម្គាល់ទេ។

លើសពីនេះ លោកស៊ិន ចន្ធី បានបញ្ជាក់ថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារចិន ក៏មិនមែនពឹងតែលើច្រកព្រំដែនគោក រវាងប្រទេសវៀតណាមនិងចិននោះដែរ។ ពោលគឺកម្ពុជាក៏មានការនាំចេញទំនិញតាមច្រកព្រំដែនទឹក ដោយមានកំពង់ផែព្រះសីហនុ កំពុងប្រតិបត្តិការ។ តាមលោកស៊ិន ចន្ធី ការធ្វើបែបនេះ ដើម្បីបង្វែរបញ្ហាកកស្ទះដែលកំពុងកើតមានដូចពេលបច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ