អានតួអត្ថបទ
កម្ពុជា-សង្គម

ករណីចាប់ខ្លួនបុគ្គលិកណាហ្គា៖ប្រតិកម្មចម្រុះបន្តធ្លាក់មក ទាំងសង្គមស៊ីវិល និងអ្នកនយោបាយ

សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ជារួម​ និងដាច់​ដោយឡែកពីគ្នា នៅតែបន្ត​ធ្លាក់មក​ជាបន្តបន្ទាប់​ ទៅលើ​ករណី​ចាប់​ខ្លួន​បុគ្គលិក​ដែល​ធ្វើ​ការតវ៉ា​នៅមុខ​ក្រុម​ហ៊ុន​ណាហ្គាវើល។ ទាំងក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយចំនួន ​បានទទួច​ឲ្យដោះលែង​មេដឹកនាំ​សហជីព​ និង​សកម្មជន​ដែល​ត្រូវបាន​ចាប់​ខ្លួនជាង២០​នាក់​នោះ ដោយ​ឥតលក្ខខណ្ឌ​ ហើយ​ត្រូវ​វិល​ទៅរកការ​ចរចារ​សាជាថ្មី​ ករណី​បញ្ឈប់​បុគ្គលិក​ជាង១ពាន់​នាក់​។​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តី​ថ្លែងការណ៍របស់អង្គការ សហជីព និងសហគមន៍ដីធ្លីចំនួន១១៩ ស្ថាប័នចេញនៅល្ងាច​ថ្ងៃទី៤ មករា ពួកគេសំដែងការ​ខកចិត្ត​ចំពោះវិធានការ​របស់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព ប្រតិភូចរចា និង​សកម្មជន​សហជីពទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិកកម្មករ​ខ្មែរ​នៅក្រុម​ហ៊ុន​ណាហ្គា​វើល។ បុគ្គលិករបស់​ក្រុម​ហ៊ុន​កាស៊ីណូនេះបានធ្វើ​ការតវ៉ាជាងកន្លះមកហើយ បន្ទាប់ពីមានការបញ្ឈប់​បុគ្គលិក​ជាង១៣០០នាក់​កាលពីជាង៨មុន។

ជាលទ្ធផល​គឺមានមេដឹកនាំសហជីព គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ លោក សុខ គង្គា និង​កញ្ញា ឈឹម សុខន រួមទាំងសកម្មជន​សហជីពសរុបទាំងអស់ជាង២០នាក់​ត្រូវបាន​ចាប់​ខ្លួន​ជាបន្តបន្ទាប់ នៅគ្រា​ដែល​បុគ្គលិករាប់រយនាក់នៅតែបន្តធ្វើការតវ៉ា។

មិនមែនមានតែ​ក្រុមអង្គការសង្គមស៊ីវិល​ប៉ុណ្ណោះទេ​ចេញសេចក្តី​ថ្លែងការណ៍ទទួចឲ្យ​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌលើមេដឹកនាំ​សហជីព និងសកម្មជន​ដែលត្រូវ​បានចាប់ខ្លួននោះ គឺក៏មានដែរគណបក្ស​នយោបាយ​នៅក្រៅរដ្ឋាភិបាល។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្កោលទោសចំពោះការចាប់ខ្លួននេះ និង​សំដែងការ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែលខកខាន​មិន​បាន​បង្ក​លក្ខណៈ​ឲ្យ​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើល​ធ្វើ​កូដកម្ម​ទៅតាម​ច្បាប់។

គណបក្សនេះបានចាត់​ទុក​ការចាប់​ខ្លួន​អ្នកតវ៉ាថាជាការអនុវត្តន៍​យុទ្ធសាស្ត្រ​ផ្លូវ​ច្បាប់​ពីសំណាក់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំសហជីព និងសកម្មជនសហជីព ហើយជំរុញឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​យុទ្ធសាស្ត្របែបនេះ ដោយ​ដោះលែងអ្នកតវ៉ា។

ក្នុងន័យប្រហាក់​ប្រហែលគ្នានេះដែរ អតីតគណបក្ស​សង្គ្រោះជាតិ​ ក្រៅពីថ្កោលទោស​ចំពោះ​កា​រ​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុនណាហ្គាវើល ​ដែល​ត្រូវបានបញ្ឈប់ពីការងារនោះ បក្សប្រឆាំងមួយនេះ​ អំពាវនាវឲ្យ​សហគមន៍អន្តរជាតិចូលរួមតាមដាន​ និងធ្វើ​អន្តរាគមន៍ ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ងាក​មក​ស្តារ​ការ​អនុវត្តន៍​សិទ្ធិមនុស្ស និងសិទ្ធិសំដែង​តមិឲ្យបានពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ប្រតិកម្មពីភាគីអន្តរជាតិវិញ ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជាបានអះអាងថាខ្លួនបាន​តាមដាន​ករណី​ណាហ្គាវើល​យ៉ាងយកចិត្តទុកដាក់ ហើយជំរុញឲ្យអាជ្ញាធរកម្ពុជាត្រូវបានស្តាប់សំឡេង​របស់អ្នកតវ៉ា ដោយ​មិន​ត្រូវបំបិទសំឡេងក្នុងការប្រមូល​ផ្តុំគ្នា បញ្ចេញមតិនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ