អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងដែនដី សម្រេចអនុវត្តការត្រួតពិនិត្យគម្រោង និងគុណភាពសំណង់ មុនផ្តល់លិខិតអនុញ្ញាតសាងសង់

ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅ​ថ្ងៃទី០៤​ មករា​ម្សិលមិញ​ បាន​សម្រេច​ឱ្យអនុវត្ត​នូវការ​ត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់​ មុន​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​នៅទូទាំង​ប្រទេស។​ ការ​ដាក់​ឱ្យអនុវត្ត​នេះ​ គឺធ្វើឡើង​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ សន្តិសុខ​ សុវត្ថិភាព​សំណង់​ ការពារ​ទ្រព្យ​សម្បត្តិ​ និង​សុខុមាលភាព​របស់​ម្ចាស់សំណង់​ជាដើម។​

សំណង់អគារកំពុងសាងសង់
សំណង់អគារកំពុងសាងសង់ © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់ពីដើមខែមករា ឆ្នាំ២០២២ ក្រសួងដែនដី នឹងចាប់ផ្តើមអនុវត្តការត្រួតពិនិត្យគុណភាពសំណង់ និងការបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់គ្រឿងផ្តុំសំណង់ មុននឹងសម្រេចចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ណាមួយដល់ ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកអភិវឌ្ឍលំនៅឋានទាំងអស់ក្នុងប្រទេសកម្ពុជា។

បើតាម ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អ្នកអភិវឌ្ឍលំនៅឋាន និងម្ចាស់សំណង់ទាំងអស់ ត្រូវតែរកអ្នកមានជំនាញវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ណា ដែលមានអាជ្ញាបណ្ណផ្តល់ដោយក្រសួងផ្ទាល់ ដើម្បីធ្វើការត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់អនុលោមភាពនៃគម្រោងប្លង់ ការងារសាងសង់ ឬរុះរើ តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត មុននឹងធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ឬរុះរើ ក៏ដូចជាលិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ជាដើម។  

បន្ថែមពីនេះ ក្រសួងដែនដីកំណត់ថា គ្រប់គម្រោងសំណង់ដែលជាកម្មសិទ្ធរបស់រដ្ឋ គឺត្រូវតែទទួលបានការត្រួតពិនិត្យពីក្រុមការងារជំនាញរបស់ក្រសួងផ្ទាល់មុននឹងទទួលបានលិខិតអនុញ្ញាតសាងសង់។

ជុំវិញការដាក់ឱ្យអនុវត្តការត្រួតពិនិត្យនិងបញ្ជាក់សំណង់នេះ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី០៥ មករាថា វិស័យសំណង់ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងរីកដុះដាលខ្លាំង ទាំងគម្រោងសាងសង់ធំៗ និងតូចៗ ដែលទិដ្ឋភាពបែបនេះត្រូវ តម្រូវឱ្យផ្សារភ្ជាប់គ្នាជាមួយនឹងការពង្រឹងលើផ្នែកអនុវត្តបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសឱ្យបានម៉ត់ច្មត់ និងច្បាស់លាស់។

លោក សេង ឡូត បន្តថា ការបញ្ជាក់សំណង់នេះ​ គឺអនុវត្តទៅលើគ្រប់ប្រភេទសំណង់ទាំងអស់។ ប៉ុន្តែជាកាតព្វកិច្ចដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យសំណង់ គឺរាល់ប្រភេទសំណង់ណាដែលមានផ្ទៃក្រឡាចាប់ពី៥០០ម៉ែត្រការ៉េឡើងទៅ។ និងគម្រោងសំណង់ដែលមានផ្ទៃក្រឡាក្រោម៥០០ម៉ែត្រការ៉េ នឹងមិនតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេស និងបញ្ជាក់សំណង់នោះទេ។

បើតាម អ្នកនាំពាក្យរូបនេះ ការអនុវត្តរបស់ក្រសួងដែនដី គឺមានគោលដៅពង្រឹងការអនុវត្ត និងគិតគូរឱ្យបានកាន់តែប្រសើរឡើងនូវលក្ខណៈបច្ចេកទេសសំណង់ ជាពិសេសធានាបាននូវសុវត្ថិភាព សោភណ្ឌ័ភាព និងសណ្តាប់ធ្នាប់សាធារណៈ រួមទាំងគិតគូរអំពីបញ្ហាបរិស្ថានផងដែរ។

តែយ៉ាងណា លោក សេង ឡូត លើកឡើងថា ក្នុងករណីម្ចាស់សំណង់មិនបានអនុវត្តតាមបទបញ្ជានោះទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ និងមិនចេញលិខិតអនុញ្ញាតសាងសង់ឱ្យនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ