អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកជំនាញអង្គការសហប្រជាជាតិ៖ការចាប់ខ្លួនអ្នកតវ៉ានៅក្រុមហ៊ុនណាហ្គាវើល បង្កការព្រួយបារម្ភដល់ការបោះឆ្នោត

ប្រតិកម្ម​ពីមជ្ឈដ្ឋាននានា​ ទាំងជាតិ និងអន្តរជាតិ បានបន្តស្រោចទៅលើ​អាជ្ញាធរកម្ពុជា​បន្ថែមទៀត ខណៈ​តុលាការ​សម្រេច​ឃុំ​ខ្លួន កញ្ញា ឈឹម ស៊ីថរ​ មេដឹក​នាំសហជីព​ប្រចាំក្រុម​ហ៊ុន​ណាហ្គាវើល និង​ការ​ចាប់​ឃុំខ្លួន​សកម្មជន​ជាង២០នាក់ទៀត។ ហួស​ពីវិវាទការងារ​ ចំណាត់​ការ​ប្រឆាំង​លើ​មេដឹកនាំ​សហជីព​នៅពេលនេះ​ បង្កើត​ការព្រួយ​បារម្ភ​ដល់អ្នកជំនាញសិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ ខណៈការ​បោះឆ្នោត​នឹង​ខិតជិត​ដល់មក។​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល © FB
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹងការ​ថ្កោលទោស នៃការចាប់ខ្លួន​អ្នកតវ៉ាទាំងនោះ ក្រុមអ្នកជំនាញបានហៅចំណាត់ការប្រឆាំង​នឹងក្រុមអ្នកតវ៉ា​សិទ្ធិការងារនៅក្រុម​ហ៊ុន​ណាហ្គាវើល ថាបង្កឲ្យមាន​ការ​ព្រួយបារម្ភ​ជា​ពិសេស នៅពេល​ដែល​ប្រទេស​កម្ពុជា​​កំពុង​ត្រៀម​រៀបចំការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២នេះ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ នេះបើយោងទៅតាម​សេចក្តី​ថ្លែងការណ៏របស់​ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ​ដែល​ធ្លាក់ស្រោចមកបន្ថែមនៅថ្ងៃទី៥មករា។

ក្រុមអ្នកជំនាញ​សិទ្ធិមនុស្សបានហៅចំណាត់ការ​ទៅលើ​មេដឹកនាំសហជីពនៅពេលថា ​ជា​ករណី​រំលោភ​បំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស ​ដែល​បាន​ធ្វើឡើង​តាំង​ពី​លើក​ដំបូង​នៅ​យប់​មុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​២០២២​ និង​នៅពេល​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ផ្សេង​ទៀត​​ដែល​គេ​បាន​បង្វែរការ​ចំណាប់​អារម្មណ៍​របស់​សាធារណជន។ ករណី​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មធ្យោបាយ​មិន​សមរម្យ​មួយ​​ក្នុង​ការ​​រឹតត្បិតសិទ្ធិ​មនុស្ស​។

សកម្មភាពភាព​​ទាំង​​នេះ ត្រូវបានអ្នកជំនាញសិទ្ធិមនុស្សចាត់ទុកថា ជាការ​​អនុវត្ត​​ផ្ទុយ​​ពី​​រដ្ឋធម្មនុញ្ញ​​កម្ពុជា​ ដែល​បាន​​ចែង​ច្បាស់​​អំពី​​សិទ្ធិ​ធ្វើ​កូដកម្ម​ និង​​សិទ្ធិសេរីភាព​​ក្នុងការ​​បង្កើត​​សមាគម​ ការ​បញ្ចេញ​មតិ​ ការ​ប្រមូល​​ផ្តុំ​ដោយ​​សន្តិវិធី ​សេរីភាព​​សារព័ត៌មាន និង​​បោះពុម្ព​ផ្សាយ  ព្រមទាំង​​ផ្ទុយ​​ពី​​មាត្រា៣១៩ នៃ​ច្បាប់​​ស្តីពី​​ការងារ​​កម្ពុជា ​ដែល​​បាន​​ធានា​​នូវ​​សិទ្ធិធ្វើ​កូដកម្ម​​ផង​ដែរ។​

ជាការកត់សំគាល់ ប្រតិកម្ម​របស់​ក្រុមអ្នកជំនាញ​សិទ្ធិមនុស្សទាំងនេះ​បានកើតមាន​ដូចគ្នា​នឹង​ប្រតិកម្ម​របស់​បណ្តាអង្គការសង្គមស៊ីវិល​នៅក្នុង​ស្រុក និងបណ្តាស្ថានទូតធំៗនៅកម្ពុជាដូចជា ស្ថានទូតអាមេរិក អូស្ត្រាលី និង​មន្ត្រីទូតកាណាដា។

សូមជម្រាបថា ប្រតិកម្មទាំងនេះក៏កើត​ចំពេល​ដែល តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួន កញ្ញា​ ឈឹម​ ស៊ីថរ​ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិក​កម្មករ​ខ្មែរ​​នៃក្រុម​ហ៊ុនណាហ្គាវើល និងលោកសុខ​ ណារិទ្ធិ​ ខណៈលោកសុខ​ គង្គា​ ត្រូវបានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ចំណែក​សមាជិកសហជីពចំនួន៦នាក់​ដែលចាប់​ខ្លួនបានមុនគេនៅយប់ថ្ងៃទី៣១ធ្នូនោះ ត្រូវបានតុលាការ​ឃុំ​ខ្លួនពីបទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដូចគ្នានឹង​មេដឹកនាំ​សហជីព២នាក់​ដែល​តុលាការ​សម្រេចឃុំខ្លួននៅថ្ងៃទី៥មករានេះដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ