អានតួអត្ថបទ
កម្ពុជា-ច្បាប់

កម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើសតាមព្រំដែនគ្រប់ប្រភេទ ជាមួយវៀតណាមនិងឡាវ ដើម្បីរក្សាសន្តិសុខក្នុងតំបន់

កម្ពុជា​នៅថ្ងៃ​ទី០៥​ មករា​បាន​អះអាង​ថា​ នឹង​បន្ត​ប្តេជ្ញា​បង្រ្កាប​បទល្មើស​គ្រប់​ប្រភេទ​នៅតាម​បន្ទាត់​ព្រំដែន​ ជា​ពិសេស​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ការ​ជួញដូរ​មនុស្ស​ និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ជាមួយ​ប្រទេស​ឡាវ​ និង​ប្រទេស​វៀតណាម។​ ការ​ប្តេជ្ញា​នេះ​ ធ្វើ​ឡើង​ក្នុង​ជំនួប​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ កម្ពុជា​ ឡាវ​ និង​វៀតណាម​លើកទី៣​ កាល​ពី​ម្សិលមិញ។​

សម្តេចក្រឡាហោម ស ខេង
សម្តេចក្រឡាហោម ស ខេង © FB
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា ភាគីទាំងបី នឹងត្រូវផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងត្រីភាគី ក៏ដូចជា បង្រា្កបនូវបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែន ជាពិសេសបទល្មើសពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើសបច្ចេកវិទ្យា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

បន្ថែមពីនេះ ប្រទេសទាំងបី នឹងបន្តដោះស្រាយបញ្ហាជំងឺកូវីដ១៩ និងបញ្ហាគ្រោះធម្មជាតិនៅតាមបណ្តាខេត្តជាប់ព្រំដែន និងធានានូវសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពលរដ្ឋស្ថិតក្នុងតំបន់រងផលប៉ះពាល់។ ក្នុងនោះ ការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗដែលប្រទេសក្នុងតំបន់ត្រូវរៀបចំ និងធ្វើជាម្ចាស់ផ្ទះ ក៏ត្រូវអនុវត្តផងដែរ។

ជាក់ស្តែង កម្ពុជានិងដៃគូសហប្រតិបត្តិការពីរប្រទេសខាងដើម ក៏នឹងជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបន្តរក្សាការជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយនូវឧប្បត្តិហេតុនានាដែលកើតមានឡើងនៅតាមព្រំដែន ក៏ដូចជា ជំរុញឱ្យមានការធ្វើទស្សនកិច្ចផ្សេងៗ ក្នុងចំណោមអាជ្ញាធរមូលនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងបី។

ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបបទល្មើសគ្រឿងញៀនរវាងភាគីទាំងបី​ បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនក្នុងប្រទេសបានសរុបជាង៦ពាន់ករណី​ ដោយឃាត់ខ្លួនមនុស្សបានចំនួនជាង១៣៧០០នាក់ និងរឹបអូសគ្រឿងញៀនបានជាង ៤,៥តោន។

របាយការណ៍ដដែលបានបន្តថា ​ចំនួន​ករណី និង​ជនល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មានការ​ថយចុះ ក្នុងឆ្នាំ២០២១ ​តែ​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​បាន ​មានការ​កើនឡើង​ធៀបទៅនឹង​ឆ្នាំ​មុន ពោលគឺនៅឆ្នាំ២០២០ ករណីបង្ក្រាបមានចំនួនជាង​១​ម៉ឺន​ករណី​ និងចំនួន​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ឃាត់​ខ្លួនមាន​ជាង ​២​ម៉ឺន​នាក់​​ ខណៈបរិមាណគ្រឿងញៀនមានត្រឹមជាង៣លតោនប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ