អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងការងារបើកការចរចាជាថ្មីករណីបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ តែសហជីពគ្មានរំពឹងលទ្ធផលផ្លែផ្កា

ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើកូដកម្ម​ ចូល​តុ​ចរចា​សារជាថ្មី​ ចាប់ពី​ថ្ងៃ​ទី៧​មករា​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​លើប្រាក់​បំណាច់​កិច្ចសន្យា ​ដើម្បី​ឈាន​ទៅបិទ​បញ្ចប់​ករណី​វិវាទការងារ​ ដែល​ឈាន​ដល់ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ដែល​ធ្វើ​ការ​តវ៉ា​កន្លង​មកនេះ។ ​ប៉ុន្តែ​ពីខាង​ភាគី​សហជីព​វិញ​ អះអាង​ថា​ ការ​ចរចារ​នេះនឹង​មិនមាន​លទ្ធផល​ជា​ផ្លែផ្កា​នោះទេ​ ពីព្រោះ​ មេដឹក​នាំ​សហជីព​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ទៅហើយ។​

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ធ្វើកូដកម្ម
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ធ្វើកូដកម្ម © FB
ផ្សាយពាណិជ្ជកម្ម

នេះគឺជាការអំពាវនាវលើកទី៧របស់ក្រសួងការងារ ដែលស្នើឱ្យបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ចូលតុចរចារដើម្បីពិភាក្សាគ្នា ស្វែងរកដោះស្រាយជុំវិញបញ្ហាវិវាទការងារ។ វិវាទការងារដែលអូសបន្លាយជាង៨ខែមកនេះបានញាំងឲ្យមានការតវ៉ាពីសំណាក់​បុគ្គលិក​រាប់រយនាក់ ហើយបានឈានទៅដល់ការចាប់​ឃុំខ្លួន​មេដឹកនាំ និងសកម្មជនសហជីពចំនួន៨នាក់ នៅក្នុងចំណោម​អ្នកតវ៉ាជាង២០​នាក់​ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃទី៣១ធ្នូ។​

បើតាមក្រសួងការងារ ការចរចាជាថ្មីនេះ គឺពិនិត្យលើប្រាក់ឈ្នូលខែចុងក្រោយដែលមិនទាន់បានបើក ស្របតាមមាត្រា១១៦​នៃច្បាប់ការងារ ការពិនិត្យលើប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនតាមច្បាប់កំណត់ ស្របតាមមាត្រា៧៥ និង៧៧ ផ្ទៀងផ្ទាត់ទៅលើប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ អនុលោមតាមមាត្រា១៦៦ និងមាត្រា១៦៧ និងពិនិត្យលើប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ដែលមិនទាន់បានទូទាត់ស្របតាមមាត្រា៨៩ថ្មី។ 

តែយ៉ាងណា ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ បានថ្លែងថា ដើម្បីឱ្យដំណើរការចរចារមានប្រសិទ្ធភាពនិងមានផ្លែផ្កា​ លុះត្រាតែអាជ្ញាធរដោះលែងថ្នាក់ដឹកនាំសហជីពទាំងអស់មកវិញ។

បើតាម លោកស្រី យ៉ាងសោភ័ណ្ឌ ការ​ប្រកាសធ្វើ​ការ​ចរចា ក្រោយពីការចាប់ខ្លួនមេដឹកនាំសហជីពបែបនេះ​ គឺគ្រាន់តែបង្ហាញពីរូបភាពថាក្រសួងបានយកចិត្តទុកដាក់ដោះស្រាយដែរ តែលោកស្រីមិនរំពឹងថាមានលទ្ធផល​ជា​ផ្លែ​ផ្កានោះឡើយ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី០៦ មករា អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មួយរូប គឺលោក សុខ គង្គា ដែលទើបតែតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បានចេញមកអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយស្នើឱ្យអតីតបុគ្គលិក ដែលកំពុងធ្វើកូដកម្ម ងាកមកចូលតុចរចារជាមួយក្រុមហ៊ុន តាមរយៈក្រសួងការងារ ដើម្បីរកចំណុចឈ្នះរួម និងបិទបញ្ចប់ករណីវិវាទនេះ ​និងដើម្បីទទួលបានផលប្រយោជន៍ស្របច្បាប់ទាំងអស់គ្នា។

សូមជម្រាបថា រហូតមកទល់ពេលនេះ តុលាការបានសម្រេចឃុំខ្លួនមេដឹកនាំសហជីព និងបុគ្គលិកក្រុមហ៊ុនកាស៊ីណូហ្គាវើលដ៍ចំនួន៨នាក់ ដែលសកម្មជនចេញតវ៉ាវិវាទការងារមួយនេះ ដោយចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីបុគ្គលិកណាហ្គាវើលដ៍រាប់រយនាក់បានប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនអស់រយៈពេលជាង២សប្តាហ៍៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ