អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជា អាចប្រឈមហានិភ័យម្តងទៀត ក្រោយករណីមេរោគ«អូមីក្រុង»កំពុងផ្ទុះក្នុងសហគមន៍

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​នៅព្រឹក​ថ្ងៃទី១១​ មករា​នេះ ​បាន​បង្ហាញ​ក្តីកង្វល់​ថា វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​អាច​រងគ្រោះ​ពីជំងឺកូវីដ១៩​សារជាថ្មី​ម្តងទៀត​ ក្នុង​កម្រិត​ប្រហាក់​ប្រហែល​ដូចលើកមុន។​ បើតាម​ លោក​ស្រីឆាយ​ស៊ីវលីន​ អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ត្រៀម​ខាត់បង់​ប្រាក់​ចំណូល​និងដើម​ទុនម្តងទៀត។​

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបតំណាង)
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ប្រឈមមុខនឹងករណីផ្ទុះក្នុងសហគមន៍នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី«អូមីក្រុង» លោកស្រីឆាយ​ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា ក្តីព្រួយបារម្ភបានកើតឡើងសារជាថ្មីចំពោះវិស័យទេសចរណ៍កម្ពុជា។ ក្តីព្រួយបារម្ភ គឺថា វិស័យទេសចរណ៍របស់កម្ពុជាទើបតែលាស់ត្រួយថ្មីឡើងវិញ ហើយអាជីវកម្មក្នុងទេសចរណ៍ជាច្រើនក៏បានវិលត្រឡប់មកធ្វើប្រតិបត្តិការ ដើម្បីទទួលភ្ញៀវទេសចរដែលធ្លាប់បានបាត់បង់អស់រយៈពេលជិត២ឆ្នាំកន្លងមក។  

បើតាមលោកស្រី​ ឆាយ​ស៊ីវលីន ប្រតិបត្តិករ និងសេវាករទេសចរណ៍ នឹងប្រឈមការដួលម្តងទៀត ប្រសិនបើករណីមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»ផ្ទុះក្នុងសហគមន៍កាន់តែខ្លាំងឡើង។ និងថា បញ្ហានេះចង់មិនចង់ នឹងទាញឱ្យអាជីវកម្មទេសចរណ៍នានាត្រូវរកការខាតបង់ដើមទុន និងប្រាក់ចំណូលក្នុងកម្រិតមួយខ្ពស់បន្ថែមទៀត។  

ជាការបញ្ជាក់បន្ថែម ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះបានឱ្យដឹងថា ប្រតិបត្តិការតាមផ្លូវអាកាសក៏ត្រូវបានចាត់ចូលជាចំណុចព្រួយបារម្ភមួយសំខាន់ផងដែរ ខណៈភ្ញៀវទេសចរបរទេសមួយចំនួនធំ គ្រោងធ្វើដំណើរចូលមកប្រទេសកម្ពុជានាចុងខែមករានេះ។ ហើយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនវិញ នៅមិនទាន់អាចធ្វើប្រតិបត្តិការហោះហើរបានពេញលេញនៅឡើយ ស្របពេលក្រុមហ៊ុនអាកាសចរណ៍មួយភាគធំនៅតម្រង់ជួរចាំការអនុញ្ញាតឱ្យតភ្ជាប់ជើងហើរហោះជាថ្មី។

បញ្ហាផ្ទុះក្នុងសហគមន៍លើកនេះ លោកស្រីឆាយ ស៊ីវលីនបញ្ជាក់ថា វិស័យកសិកម្ម ឧស្សហកម្ម​ និងពាណិជ្ជកម្មក៏អាចប៉ះពាល់មួយចំនួនផងដែរ ពីព្រោះថា វិស័យទាំងនេះបានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់មកលើវិស័យទេសចរណ៍។

តែយ៉ាងណា លោកស្រី ឆាយ ស៊ីវលីនបានលើកឡើងថា បញ្ហាឆ្លងចូលក្នុងសហគមន៍នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីនេះ គឺមិនទាន់ចាត់ទុកថា ជារឿងហួសពេលសម្រាប់ដាក់ចេញវិធានការទប់ស្កាត់នោះទេ។ និងថា ផលប៉ះពាល់ក្នុងកម្រិតទ្រង់ទ្រាយធំប៉ុណ្ណានោះ លោកស្រីអះអាងថា អាស្រ័យទៅលើការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋតែម្តង។ ដោយឡែកសម្រាប់ការព្យាករណ៍ថា វិស័យទេសចរណ៍អាចនឹងវិលទៅរកស្ថានភាពដើមវិញនៅពេលណានោះ លោកស្រី គ្មានក្តីរំពឹងខ្ពស់នោះទេ។  

សូមរំឭកថា វិស័យទេសចរណ៍កម្ពុជាបានរងការបង្អាក់ឱ្យជាប់គាំងរាំងស្ទះស្ទើរជិត២ឆ្នាំ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩បានផ្ទុះរីកសាយភាយពាសពេញពិភពលោក។ តែយ៉ាងណា ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការប្រទេសឡើងវិញ វិស័យទេសចរណ៍ទាំងផ្លូវគោក និងអាកាសបានកម្រើកចលនាឡើងវិញជាបណ្តើរៗ។

ក្នុងនោះ គិតត្រឹមរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្លងឆ្នាំសកល ភ្ញៀវទេសចរផ្ទៃក្នុង បានចេញដើរលេងកម្សាន្តមានចំនួនជាង២លាន១សែននាក់ ខណៈបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់គ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសត្រូវបានទទួលការកក់ពេញៗស្ទើគ្មានកន្លែងចន្លោះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ