អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ពេញមួយឆ្នាំ៖ កម្ពុជាប្រមូលទិន្នផលស្រូវបានសរុបជាង១២លានតោន កើន១១,៦%

ក្នុង​រយៈពេញ​មួយឆ្នាំ​ ការប្រមូល​ផលស្រូវ​នៅកម្ពុជា​ ទទួល​បាន​ទិន្នផល​សរុប​ចំនួន​ជាង១២លានតោន​ ពោលគឺ​ កើនឡើង​១១,៦%​ បើធៀប​នឹង​ឆ្នាំ២០២០។​ នេះបើតាម​ របាយការណ៍​ចេញផ្សាយ​ដោយក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។​ ក្នុងនោះ​ បរិមាណ​នាំចេញ​ស្រូវទៅ​កាន់​ប្រទេស​ជិតខាង​ បាន​បន្ត​កើនឡើង​ចំនួន៦១,១៦%​ ខណៈទំហំ​នាំចេញ​អង្ករវិញ​ថយ​ចុះ​ប្រមាណ១០,៦៨%​ ដោយសារ​តែការ​បង្អាក់​ពីវិបត្តិ​ជំងឺកូវីដ១៩។

កសិផលស្រូវ (រូបតំណាង)
កសិផលស្រូវ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២២ ការប្រមូលទិន្នផលស្រូវសរុបនៅទូទាំងប្រទេសបានចំនួនជាង ១២,២១លានតោន ដោយចំនួននេះបន្តកើនឡើងប្រមាណ១១,៦%បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះ ទំហំការនាំចេញស្រូវទៅកាន់បណ្តាប្រទេសជិតខាង កម្ពុជាសម្រេចបានរហូតដល់ចំនួន​ ៣,៥៣លានតោន គឺបន្តកើនឡើងចំនួន៦១,១៦%។ ដោយឡែក បរិមាណការនាំចេញអង្ករផ្លូវការទៅកាន់ទីផ្សារអន្តរជាតិវិញ កម្ពុជាសម្រេចបានត្រឹមតែ៦១,៧០០ពាន់តោនប៉ុណ្ណោះ ដោយគិតជាភាគរយថយចុះប្រមាណ១០ ៦៨%។

របាយការណ៍ដដែលបានបន្តថា ក្នុងឆ្នាំ២០២១ តម្លៃស្រូវមានការធ្លាក់បន្តិចបន្តូច បើធៀបនឹងឆ្នាំ២០២០ ដោយស្ថិតក្នុងរង្វង់ប្រមាណ៥% បើប្រៀបធៀបជាមួយគម្លាតនៃឆ្នាំ២០១៨ និង២០១៩។ ការធ្លាក់ចុះតម្លៃស្រូវក្នុងឆ្នាំ២០២១ ជាពិសេសស្រូវវស្សានេះ គឺបានបង្កឡើងពីវិបត្តិជំងឺកូវីដ១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ចុះពីចំនួន២០%ដល់២៥%។ និងថា បណ្តាលមកពីការកាត់បន្ថយបរិមាណទិញស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រូវ​មួយចំនួន ដែលរងគ្រោះពីការខាតបង់ដោយសារតម្លៃស្រូវអង្ករក្រអូបនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងកសិកម្ម។

ជាការកត់សម្គាល់ ការប្រមូលផលស្រូវរដូងប្រាំងនៅប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅដើមខែកុម្ភៈខាងមុខនេះ។ ប៉ុន្តែប្រជាកសិករជាច្រើន មានការព្រួយបារម្ភទាក់ទិនទៅនឹងតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើងខ្ពស់ទ្វេដងដូចជា៖ ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម។ បើតាម ក្រសួងកសិកម្ម ការកើនឡើងតម្លៃនេះ ដោយសារតែរោងចក្រកាត់បន្ថយផលិតកម្ម និងតម្លៃដឹកជញ្ចូនកើនឡើងខ្ពស់។

ដើម្បីធានាបាននូវបរិមាណតម្លៃស្របតាមស្តង់ដារ ក្រសួងកសិកម្មបានអះអាងថា មន្ទីរកសិកម្មខេត្តទាំងអស់ ត្រូវផ្តល់បច្ចេកទេសផលិតកម្មដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយក្នុងផលិតកម្ម និងប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ។ និងថា ត្រូវធានាបាននូវតម្លៃស្រូវរបស់កសិករពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងលក់ឱ្យឈ្មួញជាលក្ខណៈផ្តាច់មុខជាដើម។

សូមរំឭកថា ការប្រមូលផលស្រូវរដូវប្រាំងកាលពីឆ្នាំ២០២១ កម្ពុជាទទួលបានទិន្នផលសរុបចំនួនជាង២លានតោន​ក្នុងទំហំផ្ទៃដីជាង ៦៥ម៉ឺនហិចតា ឬស្មើនឹង ១៤២,១៦% ដោយក្នុងមួយហិចតា កើនឡើង៤តោនកន្លះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ