អានតួអត្ថបទ
កម្ពុជា-កសិកម្ម

លោក វេង សាខុន៖ ទោះមានការរីកចម្រើនក្តី តែកសិកម្មកម្ពុជានៅតែមានការប្រឈមច្រើន

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក ​វេង សាខុន ​ថ្លែង​ឲ្យដឹងថា​ កសិកម្ម​នៅប្រទេស​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​នៅឡើយ​ នៅក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​រងផល​ប៉ះពាល់​ពីវិបត្តិកូវីដ-១៩​ ដោយសារ​ផលិតកម្ម​កម្ពុជា​នៅមាន​កម្រិត​ រួមនឹង​ការប្រកួត​ប្រជែង​ទីផ្សារ​កសិផល​ផងដែរ។​ ការលើក​ឡើង​របស់​លោករដ្ឋមន្ត្រី​ដូច្នេះ​ គឺធ្វើឡើង​ខណៈដែល​លោក​ ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​លើសេចក្តី​ព្រាងចុង​ក្រោយ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ ឆ្នាំ២០២១-២០៣០​ នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។​

ការប្រមូលខ្ចប់ទុកនៃស្រូវដែលច្រូតបានរបស់កសិករ
ការប្រមូលខ្ចប់ទុកនៃស្រូវដែលច្រូតបានរបស់កសិករ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខមន្ត្រី និងអ្នកជំនាញជាច្រើន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា រដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ជាដើម។

ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។ ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ នេះបើតាមលោក វេង សាខុន។

លោករដ្ឋមន្ត្រីបន្តថា ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។

លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

សូមបញ្ជាក់ថាអំឡុងពេលនៃវិបត្តិកូវីដ-១៩ ជាពិសេសឆ្នាំ២០២១នេះ វិស័យកសិកម្មកម្ពុជាមិនមានការធ្លាក់ចុះទេ ហើយក៏មិនបានកើនឡើងខ្ពស់ដែរ ស្របពេលដែលវិស័យសំខាន់ៗផ្សេងទៀតដូចជាវិស័យទេសចរណ៍ និងសេវាកម្ម បានធ្លាក់ខ្លាំងទៅក្នុងវិបត្តិ។

តាមក្រសួងកសិកម្ម ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារ កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារ ផ្នែកសត្វមានទំហំ ៥,១ពាន់លានដុល្លារ ផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារ ផ្នែកព្រៃឈើមានទំហំជាង ៧៨លានដុល្លារ និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារ។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ពាន់លានដុល្លារ គឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ