អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារ​ជាតិ​នៃ​កម្ពុជា ​សម្រេច​ដាក់​ចេញ​នូវ​គោល​ដៅ​អាទិភាព១០ចំណុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២២

ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​សម្រេច​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​អាទិភាព​ចំនួន​១០​ចំណុច ​ដើម្បី​ពង្រឹង​ការ​រីក​ចម្រើន​នៃ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២២​ ក្រោយ​រង​គ្រោះ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​យ៉ាង​ដំណំ​អស់​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មក​នេះ។​​ ក្នុងនោះ​ សម្រាប់​ឆ្នាំ​២០២២​ដដែល ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក៏​បាន​ដាក់​ការ​ព្យាករណ៍​ថា ​អតិផរ​ណា​រួម​អាច​ស្ថិត​ក្នុង​អត្រា​២​,៦%​។

ធនាគារជាតិកម្ពុជា
ធនាគារជាតិកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានសម្រេចអនុវត្តនូវគោលនយោបាយអាទិភាពចម្បងទាំង១០ ដើម្បីគាំទ្រការស្ទុះងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយទាំង១០ចំណុចនោះរួមមានជាអាទិ៍៖ ការរក្សាអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាពល្អ រវាងប្រាក់រៀលនិងប្រាក់ដុល្លារ និងរក្សាអំណាចទិញនៃប្រាក់រៀល ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយជំរុញឱ្យមានការវិនិយោគនិងប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនជាងមុន ការអនុវត្តវិធានគាំទ្រចំគោលដៅទៅលើវិស័យដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ការលើកកម្ពស់បរិយាបន្ននិងចំណេះដឹង​ហិរញ្ញវត្ថុ ដូចជាការបង្កើតលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ​ដែលមានតម្លៃសមរម្យនិងរហ័សជាដើម។

បន្ថែមពីនេះ សាខាធនាគារជាតិនៃកម្ពុជាគ្រប់បណ្តារាជធានីខេត្ត ត្រូវបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការផ្តល់សេវាគ្រប់គ្រងសាច់ប្រាក់ ប្រកបដោយភាពសកម្ម និងប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ចំណេះដឹងក្នុងតំបន់ ក៏ដូចជាកិច្ចការពារអតិថិជនតាមរយៈប្រព័ន្ធ Hotline និងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ។

ដោយឡែក ការពង្រឹងផែនការនិរន្តភាពអាជីវកម្ម និងផែនការអនុវត្តជាយថាហេតុ​ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម ការចូលរួមកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុ ក៏ត្រូវបូកបញ្ចូលក្នុងគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០២២របស់ធនាគារជាតិផងដែរ។

បើតាម ធនាគារជាតិនៃកម្ពុជា ក្នុងនាមកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០២២នេះ ធនាគារជាតិនឹងរួមចំណែកពង្រឹងសមាហរណកម្មហិរញ្ញវត្ថុ និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់​ តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់  និងយន្តការផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការនិងដោះស្រាយវិបត្តិនានា។

ជាក់ស្តែង ក្នុងរបាយការណ៍ទិសដៅការងារឆ្នាំ២០២២ក្នុងកម្រាស១៦ទំព័រ ធនាគារជាតិនៃកម្ពុជាបានដាក់ក្តីរំពឹងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២នេះ អាចនឹងមានអត្រា២,៦% ខណៈអតិផរណារួមក្នុងឆ្នាំ២០២១បាន​ហក់ឡើងរហូតដល់៣% និងឆ្នាំ២០២០ស្ថិតក្នុងរង្វង់២,៩%។ ការព្យាករណ៍២,៦%នេះ ផ្អែកទៅលើកំណើនថ្លៃម្ហូបអាហារនឹងបន្តថយចុះមកវិញ ដោយ​សារ​ការកើនឡើងនៃការផ្គត់ផ្គង់ ការបន្តងើបឡើងវិញនៃប្រាក់ចំណូលពលរដ្ឋ និងកំណើនថ្លៃក្រុមទំនិញនិងសេវាកម្មដែលពាក់ព័ន្ធនឹងប្រេងឥន្ទនៈនឹងថយចុះតម្លៃមកវិញ។

សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន១៦% ឬស្មើ​នឹង ៦៨,២ពាន់លានដុល្លារ ស្របពេលឥណទានអតិថិជនកើន២១,២% កើនឡើង៤៥,៧ពាន់លានដុល្លារ និងប្រាក់បញ្ញើរអតិថិជនមានកំណើន១៥,៤% គិតជាទឹកប្រាក់មានប្រមាណ៣៨,៥ពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ