អានតួអត្ថបទ
កម្ពុជា-ចិន

អូឡាំពិក​រដូវ​រងា​នៅ​ប៉េកាំង៖ កម្ពុជា​គាំទ្រ​ចិន ប្រឆាំង​នឹងនយោបាយនីយកម្ម​កីឡា

កម្ពុជាគាំទ្រ​ចិន ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា នៅ​ខែ​កុម្ភៈ​ខាង​មុខ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក ប៊ិន ឈិន ឧបនាយករដ្ឋ​មន្ដ្រី​ប្រចាំ​ការ និង​ជា​រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី​កម្ពុជា​។ បើ​តាម​លោក ប៊ិន ឈិន កម្ពុជា​នឹង​បន្ត​ការពារ​ស្មារតី​អូឡាំពិក រក្សា​ភាព​បរិសុទ្ធ​នៃ​ចលនា​អូឡាំពិក គាំទ្រ​ការ​រួបរួម​និង​មិត្តភាព ហើយ​ប្រឆាំង​នឹង​ចលនាបំបែក​បំបាក់ ក៏​ដូច​ជា​និន្នាការ​ប្រឆាំង​ស្មារតី​អូឡាំពិក​។

ស្ដ្រី​ម្នាក់​ពាក់​ម៉ាស​ការពារ​កូវីដ​១៩ ថត​រូប​ជាមួយ​និមិត្ត​សញ្ញា​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២។
ស្ដ្រី​ម្នាក់​ពាក់​ម៉ាស​ការពារ​កូវីដ​១៩ ថត​រូប​ជាមួយ​និមិត្ត​សញ្ញា​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ជំហរ​របស់​កម្ពុជា គាំទ្រ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ខែ​កុម្ភៈ ត្រូវ​លោក ប៊ិន ឈិន បញ្ជាក់​នៅ​ក្នុង​កិច្ច​សន្ទនា​លើក​ទី​២ ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​និង​ការ​ស្វែង​យល់​ពី​អារ្យធម៌​រវាង​កម្ពុជា​និង​ចិន​។ កិច្ចសន្ទនាដែល​រៀបចំ​ធ្វើ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​មាន​ការ​ចូល​រួម​ពី​សំណាក់​អនុប្រធានាធិបតី​ចិន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន និង​មន្ដ្រី​ជាន់​ខ្ពស់​ចិន​ដទៃ​ទៀត​។

នា​ឱកាស​នោះ លោក ប៊ិន ឈិន តំណាង​ភាគី​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​នឹង​បន្ត​ការពារ​ស្មារតី​កីឡា​អូឡាំពិក ហើយ​ប្រឆាំង​​នឹង​រាល់​ទម្រង់​នៃ​នយោបាយនីយកម្ម​អូឡាំពិក និង​នយោបាយនីយកម្ម​កីឡា​។ និង​ថា កម្ពុជា​ទន្ទឹង​រង់​ចាំ​ជោគជ័យ​ទាំង​ស្រុង នៃ​កីឡា​អូឡាំពិក​រដូវ​រងា នៅ​ទីក្រុង​ប៉េកាំង ដែល​ប្រទេស​ចិន​ជា​ម្ចាស់​ផ្ទះ​។

គួរ​កត់​សម្គាល់​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​ប្រទេស​មួយ​ចំនួន ដូច​ជា អាមេរិក អង់គ្លេស អូស្ត្រាលី និង​ជប៉ុន​ជា​ដើម ​ធ្វើ​ពហិកា​មិន​បញ្ជូន​មន្ដ្រី​របស់​ខ្លួន​ទៅ​ចូល​រួម​ឡើយ​។ ជា​ពហិកា​ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ទៅ​លើ​ជនជាតិ​អ៊ុយហ្គួរ នៅ​តំបន់​ស៊ីនជាំង​។

យ៉ាង​ណា​ក៏​ដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ចិនស៊ីនហួរ ​នៅ​ថ្ងៃ​ទី​២១​ខែ​មករា​ថា កម្ពុជា​បែង​ចែក​ដាច់​ពី​គ្នា​រវាង​បញ្ហា​នយោបាយ សិទ្ធិ​មនុស្ស និង​កីឡា​។ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា កម្ពុជា​គិត​អំពី​ស្មារតី​កីឡា ហើយ​ស្មារតី​កីឡា​មាន​លក្ខណៈ​សកល និង​គ្មាន​ការ​រើស​អើង​ឡើយ​។ នេះ​បើ​តាម​លោក វ៉ាត់ ចំរើន​។

អគ្គលេខាធិការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា កម្ពុជា​ចូល​រួម​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំង​អស់ នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​សម្រាប់​កីឡា​អូឡាំពិក​រដូវ​រងា នៅ​ទីក្រុង​ប៉េកាំង ក្នុង​ខែ​កុម្ភៈ​ខាង​មុខ កម្ពុជា​មិន​មាន​ការ​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​ឡើយ ព្រោះ​អត្តពលិក​ខ្មែរ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។ បើ​ទោះ​បី​ជាមិន​បាន​ចូល​រួម​ក៏​ដោយ លោក វ៉ាត់ ចំរើន សង្កត់​ធ្ងន់​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​គាំទ្រ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ